រាជធានីភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៨ កក្កដា របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា នៅក្នុងពេលថ្មីៗនេះមានសកម្មភាពល្មើសច្បាប់បានកើតមានឡើងនៅរាជធានី និងខេត្តមួយចំនួនមានជាអាទិ៍ រាជធានីភ្នំពេញនិងខេត្តព្រៃវែង តាមរយៈការស្ទង់លទ្ធផលឆ្នោតរបស់គណបក្សនយោបាយមកលេងល្បែងភ្នាល់លួចលាក់ខុសច្បាប់ ។
សកម្មភាពនេះជាទង្វើខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ម្យ៉ាងទៀតជាការផ្សព្វផ្សាយ ឬការស្ទង់មតិដោយខុសច្បាប់ដែលបង្កឱ្យមានចលាចល និងប៉ះពាល់ដល់ដំណើរការបោះឆ្នោតដែលបាននិងកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសមួយដ៏ល្អប្រសើរ ។
នៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាសុខសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបរិយាកាសនៃដំណើរការបោះឆ្នោតឱ្យបានល្អប្រសើរ សេរី ត្រឹមត្រូវ យុត្តិធម៌ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបករណីខុសច្បាប់ខាងលើដោយម៉ឺងម៉ាត់បំផុត ។ ក្រសួងមហាផ្ទៃសូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់មេត្ដាចូលរួមក្នុងការបន្តអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីទប់ស្កាត់ និងលុបបំបាត់ឱ្យបាននូវរាល់សកម្មភាពល្មើសច្បាប់ទាំងឡាយណាដែលបង្កឱ្យមានផលប៉ះពាល់ដល់បរិយាកាសនៃដំណើរការបោះឆ្នោត ។
រីឯស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្នុងសកម្មភាពទប់ស្កាត់របស់ខ្លួនបានចាត់វិធានការចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋកុំឱ្យយកលទ្ធផលនៃការបោះឆ្នោតជាតិទៅធ្វើជាល្បែងភ្នាល់គ្នាដោយខុសច្បាប់ ។ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ សារឿន ស្នងការនគរបាលខេត្ត កាលពីព្រឹកថ្ងៃទី១៩ កក្កដា បានឱ្យកោះសន្តិភាពដឹងតាមទូរសព្ទ័ថា នៅខេត្តព្រៃវែង កម្លាំងរបស់លោកមិនទាន់បានជួបប្រទះឬក៏រកឃើញក្រុមអ្នកឆ្លៀតឱកាសយកលទ្ធផលបោះឆ្នោតជាតិមកធ្វើជាល្បែងភ្នាល់គ្នានោះទេ ប៉ុន្តែលោកទទួលស្គាល់ថា នៅខេត្តព្រៃវែងក៏មានលេចឮពាក្យចចាមអារា៉មថា មានអ្នកភ្នាល់គ្នាបែបនេះដែរ ។
លោកស្នងការបានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ ដោយអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ កក្កដា នេះលោកហៅលោកអធិការគ្រប់ក្រុង-ស្រុកទូទាំងខេត្តព្រៃវែងមកប្រជុំដាក់ផែនការឱ្យកម្លាំងទាំងអស់ត្រូវចុះទៅមូលដ្ឋានធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋកុំឱ្យយករឿងនយោបាយដូចជា លទ្ធផលនៃការបោះឆ្នោតជាតិខាងមុខនេះទៅធ្វើជាល្បែងភ្នាល់គ្នាឱ្យសោះ ។
លោកបានបញ្ជាក់ថា បើទោះជា រកឃើញថា មានប្រជាពលរដ្ឋយកលទ្ធផលបោះឆ្នោតទៅលេងភ្នាល់គ្នាដូចក្នុងពាក្យចចាមអារា៉មដែលលេចឮមែនក៏ដោយ ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តពុំមានផែនការថានឹងចាប់ប្រជាពលរដ្ឋទាំងនោះយកទៅដាក់ទោសទណ្ឌអ្វីនោះទេគឺគ្រាន់តែហៅមកអប់រំណែនាំកុំឱ្យលេងភ្នាល់គ្នាបែបនេះតទៅទៀតប៉ុណ្ណោះ ។ ប៉ុន្តែបើក្នុងករណីមិនរាងចាល លើកក្រោយនៅតែប្រព្រឹត្តទៀត សមត្ថកិច្ចនឹងចាត់វិធានការទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ