សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី៩ មករា បានគំរាមជាថ្មី កាត់ផ្ដាច់ជំនួយសហព័ន្ធដល់រដ្ឋកាលីហ្វ័រនីញ៉ា សម្រាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ដោយលោកវាយតម្លៃថា រដ្ឋនោះដឹកនាំដោយពួកប្រជាធិបតេយ្យ ពុំបានគ្រប់់គ្រងព្រៃឈើឲ្យបានល្អ។

តាម TWITTER លោកត្រាំសរសេរថា ទឹកប្រាក់ជាច្រើនពាន់លានដុល្លារ ត្រូវបានផ្ដល់ដល់រដ្ឋកាលីហ្វ័រនីញ៉ា សម្រាប់ការពារភ្លើងឆេះព្រៃ តែការគ្រប់គ្រងព្រៃឈើនៅទីនោះពុំដែលបានល្អឡើយ។ បើដរាបណារដ្ឋនោះពុំផ្លាស់ប្ដូរវិធីសាស្ត្រទេ វាអាចដែលខ្ញុំនឹងចេញបញ្ជាដល់ទីភ្នាក់ងារគ្រប់គ្រងសភាពការណ៍បន្ទាន់FEMAឲ្យលែងផ្ដល់ប្រាក់ឲ្យ។លោកថាបើនិយាយពីរឿងអាយុជីវិតមនុស្សនិងប្រាក់វាជាការអាម៉ាស់មួយ។

រដ្ឋកាលីហ្វ័រនីញ៉ា រងគ្រោះដោយការរាំងស្ងួតរ៉ាំរៃ ចាប់តាំងពីច្រើនឆ្នាំមកហើយនោះជួបប្រទះភ្លើងឆេះពៃធំៗជាច្រើនចាប់តាំងពី១ឆ្នាំមកហើយ។ ភ្លើងឆេះព្រៃហៅ CAMP FIRE បំផ្លាញភាគខាងជើងរដ្ឋនោះ រយៈពេលជាង២សប្ដាហ៍កាលពីដំណាច់ឆ្នាំ២០១៨ បណ្ដាលឲ្យមនុស្សស្លាប់ជាង៨០នាក់។

នេះពុំមែនជាលើកដំបូងទេដែលលោកត្រាំរិះគន់ការគ្រប់គ្រងមិនល្អព្រៃឈើនៅកាលីហ្វ័រនីញ៉ា។ ពេលលោកទៅកាន់រដ្ឋនោះកាលពីពាក់កណ្ដាលខែវិច្ឆិកា លោកបានលើកពីគំរូនៅប្រទេសហ្វាំងឡង់ ក្នុងការបង្ការភ្លើងឆេះព្រៃ ដោយលោកនិយាយពីការកាប់រះចេញកូនឈើតូចៗ។ លោករហូតដល់អះអាងពីការលើករឿងនោះជាមួយ ប្រធានាធិបតីហ្វាំងឡង់ទៀតផង៕

ចែករំលែកព័តមាននេះ