ពី​ដើម​ឡូត៍​នេសាទ​មាន​លុយ​ចូល​រដ្ឋ​…​ពេល​នេះ​ចូល​ហោ​ប៉ាវ​…


ខេត្តព្រៃវែង ៖ បើ​ទោះបីជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​រំលាយ​ឡូត៍​នេសាទ​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​បើក​អោយ​ប្រជាពលរដ្ឋ​អាច​ចូល​ទៅ​ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​យ៉ាង​ក្តី ប៉ុន្តែ​រយៈពេល​ជាង​៥​ឆ្នាំ​មកនេះ​គេ​សង្កេត​ឃើញ​ថា ទីតាំង​អតីត​ឡូត៍​នេសាទ​ទាំងនោះ​នៅ​តែ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ឈ្មួញ​ធំ​ៗ​ដដែល ដោយ​គ្រាន់តែ​ដូរ​រូបភាព​ពី​ថៅកែ​ឡូ​នេសាទ មក​ជា​សហគមន៍​នេសាទ​វិញ ក្រោម​ការ​ជួយ​សម្របសម្រួល​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ។

ជាក់ស្តែង​ដូច​ជា ទីតាំង​អតីត​ឡូត៍​នេសាទ​លេខ​៥ ដែល​ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​នៃ​ស្រុក​ពោ​ធ៌​រៀង និង​ស្រុក​ពាមរ​ក៌ មន្ទីរ​កសិកម្ម​ខេត្ត និង​អាជ្ញាធ​ខេត្ត បាន​ចេញ​លិខិត​អនុញ្ញាតិ​អោយ​សហគមន៍ ឃុំ​ពោ​ធ៌​រៀង​ដាក់​របាំង និង​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ ដោយ​ប្រើ​ឧបករណ៍​មង អួន សំណាញ់​ជាដើម ប៉ុន្តែ​ធាតុ​ពិត​សហគមន៍​នេះ​មិន​បានដឹង​រឿង​អ្វី​ទាំងអស់ អ្នក​ធ្វើ​ពិតប្រាកដ គឺ​ឈ្មួញ​ម្នាក់​ឈ្មោះ ធី ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុងភូមិ​បាទី ឃុំ​ពាមរ​ក៌ ស្រុក​ពាមរ​ក៌ ហើយ​រូបភាព​នៃ​ការ​នេសាទ​ក៏​ខុសច្បាប់​ដែរ គឺ​គេ​ធ្វើ​របាំង​ព្រួល​បិទ​ស្ទើរ​ជិត​ទន្លេ ហើយ​ដាក់​យ៉​ស្បៃ​មុង​ត្រង​ចាប់​ត្រី​យក​តែ​ម្តង ក្នុង​១​ថ្ងៃ​ៗ​រាប់​តោន​ត្រី ។

ដោយឡែក​អតីត​ឡូ​នេសាទ​លេខ​១៨ លេខ​១៩ និង​ឡូ​លេខ​២០ ដែល​ស្ថិត​នៅ​ក្នុងស្រុក​ពាម​ជរ និង​ស្រុក​ព្រះស្តេច​វិញ​ក៏​មិន​ខុស​គ្នា​ពី​ឡូ​លេខ​៥​ដែរ គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ឈ្មួញ​ជា​អតីត​ថៅកែ​ឡូត៍​ដដែល ដោយ​គ្រាន់តែ​ដូរ​រូបភាព​មក​ប្រើ​ឈ្មោះ ជា​សហគមន៍​វិញ​ប៉ុណ្ណោះ ដើម្បី​កុំអោយ​ខុស​បទបញ្ជា​របស់​សម្តេច​តេ​ជោ ដែល​បាន​ប្រកាស​រំលាយ​ឡូត៍​នេសាទ​ហើយ​នោះ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ខេត្តព្រៃវែង​បាន​បង្ហើប​អោយ​ដឹង​ថា មូលហេតុ​ដែល​មន្ត្រី​ជំនាញ និង​អាជ្ញាធរ នៅ​តែ​បិទ​ភ្នែក​ម្ខាង​បើកភ្នែក​ម្ខាង អោយ​ក្រុម​ឈ្មួញ​ប្រើ​ឈ្មោះ​សហគមន៍​ដាក់​ដាយ ដាក់​យ៉ ប្រមូល​ចាប់​ត្រី​ក្នុង​១​ថ្ងៃ​ៗ​រាប់​តោន​ពី​ទីតាំង​អតីត​ឡូត៍​នេសាទ​ទាំងនោះ គឺ​ដោយសារ​តែ​វា​ជា​ប្រភព​នៃ​ប្រាក់​ចំណូល​ដ៏​ធំ​របស់​រដ្ឋបាល​ស្រុក និង​ខេត្ត​សម្រាប់​យក​ទៅ​ប្រើប្រាស់​លើ​ការងារ​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន ជាក់ស្តែង​សម្រាប់​រដូវ​នេសាទ​ឆ្នាំ​នេះ​រដ្ឋបាល​ស្រុក​ពាម​ជរ ប្រមូលប្រាក់​ពី​ក្រុម​ឈ្មួញ​បាន​ជាង​៣​ម៉ឺន​ដុល្លារ ប៉ុន្តែ​ប្រាក់​ទាំងនោះ​ត្រូវ​បាន​គេ​ចែក​គ្នា​ដាក់​ហោប៉ៅ​អស់ មិន​បាន​យក​ទៅ​អភិវឌ្ឍន៍​អ្វី​ទេ ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ​លោក អូន ស៊ី​ណាត នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ព្រៃវែង បាន​ទទួលស្គាល់​ថា ថ្នាក់ដឹកនាំ​ខេត្ត​ពិតជា​បាន​ចេញ​លិខិត​អនុញ្ញាតិ អោយ​សហគមន៍​នេសាទ​ទាំងនោះ​ដាក់​របាំង​ព្រួល​ចាប់​ត្រី​មែន តែ​តម្រូវ​អោយ​យក​ប្រាក់​ដែល​បាន​ពី​ការ​ចាប់​ត្រី​យក​ទៅ​ធ្វើការ​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន ជាក់ស្តែង​ដូច​ជា​ឡូ​នេសាទ​លេខ​៥ លេខ​៧ និង​លេខ​១០ ត្រូវ​យក​ទៅ​ស្តា​ព្រែក​ពាម​ស្តី និង​ព្រែក​ល្បាប់​ជាង​១km ហើយ​នៅ​តាម​ឡូ​ផ្សេង​ៗ​ទៀត​ក៏​ប្រើ​រូបមន្ត​នេះ​ដែរ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ