រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជានឹងមានទីលានប្រណាំងរថយន្តលំដាប់ថ្នាក់លេខ ២នៅលើពិភពលោក ស្ថិតនៅលើផ្ទៃដីទំហំដី៥០០ហិកតា ក្នុងឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ។

លោកឧកញ៉ាបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីល្ងាចថ្ងៃចន្ទទី៧ ខែមករា កន្លងមកថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីគម្រោងសហប្រតិបត្តិការអាជីវកម្មសាងសង់ទីលានប្រណាំងរថយន្តលំដាប់ថ្នាក់លេខ២ លើពិភពលោក រវាងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងក្រុមហ៊ុន YAMAMOTO ROCK PRODOUCTS Coltd បានធ្វើឡើងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ។
លោកឧញ៉ាបានក៏បានលើកឡើងថា ចំពោះគម្រោងសាងសង់ទីលានប្រណាំងរថយន្តមួយនេះមិនសូវបានទទួលប្រាក់ចំណេញច្រើននោះទេ ប៉ុន្តែវាអាចធ្វើជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមកីឡាករប្រទេសទាំង២ កម្ពុជា-ជប៉ុន ក៏ដូចជាបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភពលោក ដែលស្នេហាកីឡាប្រណាំងយានយន្តនេះ ។
ទោះជាយ៉ាងណាក៏ដោយ លោកឧកញ៉ា មិនបានប្រាប់ពីទំហំទឹកប្រាក់ក្នុងការវិនិយោគសាងសង់ទីលានប្រណាំងរថយន្តនេះទេ ដោយលោកឧកញ៉ា គ្រាន់តែបញ្ជាក់ថា ទីលានមួយនេះនឹងសាងសង់រួចរាល់ ព្រមទាំងមានពិធីសម្ពោធជាផ្លូវការនៅត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះ ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនរបស់លោក Yamamoto មានទីលានប្រណាំងរថយន្តមួយកន្លែងនៅក្នុងប្រទេសជប៉ុន ដែលរហូតមកដល់ពេលនេះបានដំណើរការប្រមាណ១៦ឆ្នាំរួចមកហើយ ។ ដោយឡែកចំពោះការយល់ព្រមធ្វើការវិនិយោគសាងសង់ទីលានប្រណាំងរថយន្តរួមគ្នារវាងក្រុមហ៊ុនទាំង២ខាងលើនេះ ត្រូវបានអនុវត្តតាំងពីប្រមាណ៧ខែមុនមកម្ល៉េះ គ្រាន់តែពិធីចុះហត្ថលេខាជាផ្លូវការទើបតែធ្វើឡើងកាលពីល្ងាចថ្ងៃទី៧ មករា កន្លងមក ៕
ចែករំលែកព័តមាននេះ