ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គង់ គាំ អតីតមន្ត្រី​បក្ស​ប្រឆាំង​ជាប់​បម្រាម​បាន​ដាក់​ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រ​ង្ស៊ី និង​ជា​មន្ត្រី​ជំនិត​របស់​លោក​សម រ​ង្ស៊ី អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចំណោម​១១៨​នាក់​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​៩ ខែមករា…

រាជធានី​ភ្នំពេញ ៖​លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រ​ង្ស៊ី និង​ជា​មន្ត្រី​ជំនិត​របស់​លោក​សម រ​ង្ស៊ី អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចំណោម​១១៨​នាក់​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩​ថា លោក​បាន​ដាក់​ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់​ពី​មានការ​ដក​បម្រាម​ដែល​តុលាការ​កំពូល​ហាមឃាត់ និង​ច្បាប់​មាត្រា​៤៥​ថ្មី បាន​អនុញ្ញាត​ឲ្យ​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ ។

លោក គង់ គាំ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​«​ខ្ញុំ​ដាក់​ចូល​ទៅ​ក្រសួងមហាផ្ទៃ​រួច​ហើយ ។ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា ក្រសួងមហាផ្ទៃ​បាន​ទទួល​ពាក្យសុំ​របស់ខ្ញុំ​ហើយ​» ។ ក្នុង​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដែល​លោក​កំពុង​ស្ថិត​នៅ​តាម​បណ្តា​ខេត្ត​លោក គង់ គាំ មិន​បាន​បញ្ជាក់​ច្បាប់​ទេ​ថា មាន​មន្ត្រី​អតីត​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម​ប៉ុន្មាន​នាក់​បាន​ដាក់​ពាក្យសុំ​ទេ ព្រោះ​ទំនាក់ទំនង​មិនសូវ​ច្បាស់ ។

យោង​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទូ​ន​) ដែល​ទើបតែ​ធ្វើ​វិសោធនកម្ម​នា​ពេល​ថ្មី​នេះ​បាន​បើកផ្លូវ​ដល់​អ្នកនយោបាយ​ទាំង​១១៨​នាក់​ជាប់​បម្រាម​ក្នុង​ការ​ធ្វើ​នយោបាយ​ដែល​សម្រេច​ដោយ​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លង​មក​មាន​សិទ្ធិ​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ រួច​បន្ត​បញ្ជូន​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី និង​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​ក្នុង​ការ​ផ្តល់​នីតិសម្បទា​ដល់​អ្នកនយោបាយ​ជាប់​បម្រាម​ទាំងនោះ​បាន​ទទួល​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ ។

ប្រភព​ពី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩​ថា​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០១៩ បាន​ទទួល​លិខិត​របស់​លោក គង់ គាំ ដើម្បី​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ ។ ទោះបី​យ៉ាងណា​កាលពី​ពេល​ថ្មី​ៗ​នេះ​លោក គង់ គាំ និង​កូនប្រុស​លោក​ឈ្មោះ គង់ បូ​រ៉ា អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ​ដែរ តែ​ខាង​ក្រសួងមហាផ្ទៃ​មិន​ទាន់​បញ្ជាក់​នៅឡើយ​ទេ ។

យោង​តាម​ច្បាប់​ដែល​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​បាន​ចែង​ថា «​បុគ្គល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ ។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់ ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

សូម​បញ្ជាក់​ថា លោក​គង់ គាំ និង លោក​គង់ បូ​រ៉ា រួម​ទាំង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​ចំនួន​១១៨​នាក់​ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាលដីកា​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់​ពី​រក​ឃើញ​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឃុបឃិត​ជាមួយ​បរទេស​ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា​៕

កែសម្រួលដោយ