ខេត្តបន្ទាយមានជ័យ ៖ ការនាំចេញធ្យូងទៅប្រទេសថៃ តាមច្រកព្រំដែនក្នុង១ថ្ងៃៗ ត្រូវបានគេដឹងថា មានរាប់រយតោនតាមច្រកបឹងត្រកួន ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ថា ការនាំចេញបាននោះ បន្ទាប់ពីរត់ការបង់លុយឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធ ដែលក្នុងរថយន្តដឹកធ្យូង១គ្រឿង ពី៧.៥០០ ទៅ៨.០០០បាត នៅច្រកតំបន់បឹងត្រកួន ឃុំបន្ទាយមានរិទ្ធិ ស្រុកថ្មពួក ។

ជាក់ស្តែង កាលពីថ្ងៃទី៧ ខែមករា គេឃើញមានស្តង់និងឃ្លាំងដាក់ធ្យូងចំនួន៣កន្លែង ក្នុងនោះ២កន្លែងជារបស់យាយសុីនួន ដែលមានធ្យូងរាប់រយតោន និងមួយកន្លែងទៀតរបស់ឈ្មោះបារាំងស្គម ដែលមានធ្យូងរាប់រយតោនដែរ ស្ថិតក្នុងឃុំបន្ទាយមានរិទ្ធិ ។

តាមព័ត៌មានពីឈ្មួញដែលនាំចេញធ្យូងទៅថៃ តាមច្រកតំបន់បឹងត្រកួននេះនិយាយថា ឈ្មួញទទួលទិញពីអ្នកដែលដឹកធ្យូង ពីខេត្តឧត្តរមានជ័យ យកមកលក់ឱ្យដល់តំបន់បឹងត្រកួន ដោយទិញក្នុង១តោន៣.៥០០បាត ។ ជួលកម្មករលើកដាក់រថយន្ត១ការុងតម្លៃ៣បាត រួចទើបដឹកចេញលក់ឱ្យឈ្មួញថៃក្នុង១តោនតម្លៃ៤.០០០បាត ។ បង់ថ្លៃផ្លូវច្រកតំបន់ព្រំដែនបឹងត្រកួន ក្នុងរថយន្ត១គ្រឿងដឹកធ្យូងទម្ងន់២០តោនបង់៨.០០០បាត ។ ក្រុមឈ្មួញនិយាយទៀតថា ធ្យូងមានហាងឆេងដោយត្រូវឈ្មួញថៃទិញរយៈពេល៥ឆ្នាំមកហើយ និងមានការនាំចេញក្នុង១ថ្ងៃៗរាប់រយតោន ។

ឯឈ្មួញនាំចេញមាន ១-ឈ្មោះ ជេត សោម ជាមន្ត្រីសមត្ថកិច្ចផងដែរ រត់ការដឹកក្នុងរថយន្ត១គ្រឿងធ្យូងទម្ងន់២០តោនយក៨ពាន់បាត ។ ឈ្មួញធំម្នាក់ទៀតឈ្មោះយាយ ស៊ីនួន ជាម្ចាស់ស្តង់ស្តុកធ្យូង២កន្លែង រត់ការក្នុងរថយន្ត១គ្រឿងដឹកធ្យូង២០តោនយក៧.៥០០បាត ។ ឯការរត់ការបង់ប្រាក់ឱ្យមន្ត្រីនិងសមត្ថកិច្ច ពាក់ព័ន្ធនៅច្រកតំបន់បឹងត្រកួន មានជាង១០ស្ថាប័ន ។

គួរបញ្ជាក់ថា ពេលធ្យូងមានហាងឆេង នាំចេញទៅប្រទេសថៃ តាមច្រកតំបន់ព្រំដែនបឹងត្រកួន ដែលក្នុង១ថ្ងៃៗរាប់រយតោននេះ ក៏មានឈ្មួញ២នាក់ផ្សេងទៀតគឺឈ្មោះ ចែស្រី និងឈ្មោះ ចែស ដែលនាំចេញតាមច្រករបៀង តំបន់៥ ស្ថិតក្នុងភូមិសាស្គ្រស្រុកអូរជ្រៅ គឺនាំចេញទាំងយប់និងថ្ងៃឱ្យតែមានធ្យូង អត់ចេះសល់ផ្អូមទេ ។

ជាមួយនឹងការនាំធ្យូងចេញរាប់រយតោនក្នុង១ថ្ងៃៗ ក៏កំពុងបង្ហាញឱ្យឃើញពីការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលផងដែរ ដើម្បីដុតធ្យូង ។ ឈើធំៗកាប់ដឹកចេញទាំងមូល ។ ដល់អស់ឈើធំ
គេលេងអាតូចៗឱ្យក្លាយជាវាលរហោស្ថាន ព្រោះតែត្រូវចូលឡដុតចេញជាធ្យូង ។

ពិតជាគួរឱ្យមានការខ្មាសអៀនមួយខណៈដែលនៅកម្ពុជា ធនធានព្រៃឈើស្ទើរតែរលាយហិចហោចទៅហើយនោះ បែរជាមានអ្នកលក់ធ្យូងឱ្យថៃដែលជាប្រទេសសម្បូរព្រៃឈើស្តុកស្តម្ភទៅវិញ ។ ជាការពិតណាស់ ទាំងអ្នកកាប់ឈើដុតធ្យូង ទាំងអ្នកប្រមូលទិញ ក៏ដូចជាអ្នកបើកដៃឱ្យនាំចេញ សុទ្ធតែមិនបានខ្វល់ខ្វាយពីធនធានជាតិដែលកំពុងហិនហោចនោះទេ ក្រៅតែពីយកលុយដាក់ហោប៉ៅប៉ុណ្ណោះ ៕







ចែករំលែកព័តមាននេះ