រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនសុខចិត្តជាមួយប្រពន្ធជាអាណិកជនដែលព្រមព្រៀងរៀបការជាមួយគ្នារួចហើយ បែរជាប្រពន្ធមិនព្រមចុះសំរុងជាមួយប្តីបានយកលុយបណ្ដាការ៥៧០០០ដុល្លារបំរុងរត់ទៅប្រទេសអូស្ត្រាលីវិញ ត្រូវបុរសជាប្តីដឹងរឿងទាន់ក៏កើតជាជម្លោះផ្អើលសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខសណ្ឋាគារ តារាអ៊ែរផត ជាប់នឹងផ្សារទំនើបរតនៈផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បុរសជាប្តីមានឈ្មោះ សេង ឧត្តម អាយុ២៧ឆ្នាំ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ចំណែកឯប្រពន្ធឈ្មោះ វិជ្ជនា សេងថា អាយុ២០ឆ្នាំ ជាជនជាតិខ្មែរ សញ្ជាតិអូស្ត្រាលី ស្នាក់នៅប្រទេសអូស្ត្រាលី។

បើតាមសម្តីពីបុរសជាប្តីរៀបរាប់ឲ្យដឹងថា គាត់និងប្រពន្ធរបស់គាត់គឺស្គាល់គ្នា និងស្រលាញ់គ្នាជាង៣ខែមកហើយ ខណៈដែលនាងមកលេងស្រុកខ្មែរ និងមានឪពុកម្តាយទាំងសងខាងដឹងឮផងដែរ។ លុះរហូតដល់ខែវិច្ឆិកា ២០១៨ គាត់និងនាងក៏ព្រមព្រៀងភ្ជាប់ពាក្យជាមួយគ្នាក្នុងតម្លៃបណ្ដាការចំនួន៥៧០០០ដុល្លារ និងព្រមព្រៀងដាក់លុយបណ្ដាការទាំងនោះចូលទៅក្នុងកុងដែលមានឈ្មោះទាំងពីរនាក់ ដើម្បីទុករកស៊ី និងរត់ការយកគាត់ជាប្តីទៅរស់នៅអូស្ត្រាលីពេលរៀបការរួច និងចុះអេតាស៊ីវិលត្រឹមត្រូវតាមផ្លូវច្បាប់ផងដែរ។

បុរសជាប្តីបន្តថា រហូតដល់ថ្ងៃទី១៩ ធ្នូ ២០១៨ នារីជាប្រពន្ធក៏វិលមកស្រុកខ្មែរ ដើម្បីត្រៀមខ្លួនចូលរោងការនាថ្ងៃទី៣ មករា ២០១៩ ខណៈមកដល់គាត់ក៏ទៅទទួលនាងពីអាកាសយានដ្ឋានភ្នំពេញអន្តរជាតិពោធិ៍ចិនតុងទៅស្នាក់នៅផ្ទះគាត់ ប៉ុន្តែនាងមិនព្រមទៅស្នាក់ផ្ទះគាត់នោះទេ ដោយថាចាំរៀបការជាមួយគ្នារួច ទើបនាងព្រម។ បន្ទាប់មកគាត់និងគ្រួសារក៏ព្រមស្របតាមនាង ហើយរៀបចំសណ្ឋាគារ តារាអ៊ែរផត ឲ្យនាងស្នាក់នៅបណ្តោះអាសន្ន ដោយក្រុមគ្រួសាររបស់គាត់គឺជាអ្នកចេញថ្លៃស្នាក់នៅហូបចុកទាំងអស់។

ប្រភពដដែលបន្តថា តាំងពីថ្ងៃនោះមកនាងហាក់ដូចជាមិនសប្បាយចិត្ត និងប្រងើយកន្តើយមិនសូវរវីរវល់ជាមួយនឹងគាត់សោះ។ រហូតដល់ថ្ងៃទី៣ មករា គាត់និងនាងក៏ចូលរោងការ ដោយមានបងប្អូនញាតិមិត្តចូលរួមយ៉ាងច្រើនកុះករ។ បន្ទាប់ពីពិធីមង្គលការបញ្ចប់នារីជាប្រពន្ធនៅតែមិនព្រមទៅស្នាក់នៅផ្ទះជាមួយគាត់ដដែល ទោះបីជាគ្រួសារគាត់និយាយលួងលោមនាងយ៉ាងណាក៏ដោយ ក៏នាងសុំពេលស្នាក់នៅសណ្ឋាគារម្នាក់ឯង៣ថ្ងៃសិន ព្រោះមិនសូវស្រួលខ្លួន គាត់និងគ្រួសារក៏ព្រមសម្របតាមនាងបន្តទៀត។ ៣ថ្ងៃកន្លងផុតទៅ នាងនៅតែមិនព្រមទៀតដោយរកលេសថាចាំថ្ងៃនេះ ចាំថ្ងៃនោះរហូត ថែមទាំងលួចយកលុយបណ្ដាការចំនួន៥៧០០០ដុល្លារទៅចាយវាយអស់ដោយមិនប្រាប់គាត់ថែមទៀតផង ពេលគាត់សួរនាំ នាងថា លុយទាំងនោះគឺម្តាយនាងដកយកទៅចាត់ចែងសងគេអស់ហើយ។

ប្រភពដដែលបន្តទៀត លុះដល់ថ្ងៃកើតហេតុខាងលើ គាត់ក៏ដឹងដំណឹងថា នារីជាប្រពន្ធបំរុងចាកចេញត្រលប់ទៅអូស្ត្រាលីវិញនៅម៉ោង៥ព្រឹក ថ្ងៃទី០៩នេះ ដោយស្ងាត់មិនឱ្យគាត់ដឹង ទើបគាត់ក៏ទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់កាកាបទី១ឲ្យអាជ្ញាធរអន្តរាគមន៍។ រហូតដល់វេលាកើតហេតុ គាត់ក៏ទៅសណ្ឋាគារដែលនាងស្នាក់នៅ ស្រាប់ឃើញនាងកំពុងរៀបចំវ៉ាលីសបំរុងចេញទៅទាំងយប់មិនឲ្យគាត់ដឹង ទើបបង្កជាការឈ្លោះប្រកែកគ្នាផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍។ បុរសជាប្តីបង្ហើបទៀតថា រាល់ការចំណាយទាំងអស់តាំងពីការរៀបចំមង្គលការ គឺខាងគាត់ជាអ្នកចំណាយទាំងស្រុង មិនតែប៉ុណ្ណោះពេលរៀបការរួចហើយក៏មិនដែលបានផ្សំដំណេកជាមួយប្រពន្ធបានម្តងនៅឡើយទេ។

ក្រោយពេលកើតហេតុភាគីទាំងពីរបាននាំគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការដោះស្រាយ៕






ចែករំលែកព័តមាននេះ