ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​កំពុង​មានការ​កើនឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថា ការ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​កសិករ​ដែល​ជា​អ្នក​ផលិត​និង​ម្ចាស់​ក្រុមហ៊ុន ឬ​សហគ្រាស ក្រៅពី​ជួយ​រក្សា​បាន​នូវ​តម្លៃ​ថេរ​នៅ​លើ​ទីផ្សារ ហើយ​កំពុង​តែ​មានការ​គាំទ្រ​ពី​កសិករ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថា ការ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​កសិករ​ដែល​ជា​អ្នក​ផលិត​និង​ម្ចាស់​ក្រុមហ៊ុន ឬ​សហគ្រាស ក្រៅពី​ជួយ​រក្សា​បាន​នូវ​តម្លៃ​ថេរ​នៅ​លើ​ទីផ្សារ ហើយ​កំពុង​តែ​មានការ​គាំទ្រ​ពី​កសិករ​ផង​ដែរ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​មាន់នៅ​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​៥ មក​រា កន្លង​មក​ថា ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ភាគី​ផលិត និង​ភាគី​អ្នកទិញ ជា​អាទិ៍ គឺ​ជួយ​រក្សា​បាន​នូវ​តម្លៃ​ថេរ​មួយ​, ធានា​បាន​នូវ​បរិមាណ​ផ្គត់ផ្គង់ និង​ការ​ផ្គត់ផ្គង់​មាន​និរន្តរភាព​, អ្នក​ផលិត​ទទួល​បាន​បច្ចេកទេស​ពី​ក្រុមហ៊ុន ឬ​ទុន​វិនិយោគ​បន្ថែម​, គុណភាព​ផលិតផល​ត្រូវ​បាន​លើកកម្ពស់ និង​គាំទ្រ​ដោយ​ក្រសួង ប្រសិនបើ​កិច្ចសន្យា​នេះ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ និង​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« ផ្អែក​លើ​ហេតុផល​នេះ បច្ចុប្បន្ន​ក្រសួង​បាន​និង​កំពុង​ជំរុញ​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់​នេះ​ឱ្យ​បាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ប្រ​យោជន៍​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ក្នុងស្រុក ធានា​ដល់​ការ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក កាត់​បន្ថយ​ការ​នាំ​ចូល និង​ឈាន​ទៅ​ធ្វើការ​នាំ​ចេញ »​។

អ្នកស្រី តុង ចាន់​ធាង នាយិការ​ប្រតិបត្តិការ​អង្គការ​សេ​ដាក បាន​ប្រាប់​កោះសន្ដិភាព​តាម​បណ្ដាញ​សង្គម កាលពី​ថ្ងៃ​ទី​៦ មក​រា ឆ្នាំ​២០១៩ ថា ៖« ការ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​មក​ដល់​បច្ចុប្បន្ន ប្រជា​កសិករ​មានការ​យល់​ដឹង​កើនឡើង ពិសេស​តាម​រយៈ​ការ​គាំទ្រ​ពី​គម្រោង ឬ​កម្មវិធី​របស់​ដៃគូ​អភិវឌ្ឍន៍​ដែល​ធ្វើការ​លើ​វិស័យ​កសិកម្ម »​។ អ្នកស្រី​លើក​ឡើង​ថា ៖« យើង​ឃើញ​ថា​មាន​គម្រោង​កសិកម្ម​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ ជំរុញ​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​លើកកម្ពស់​ទីផ្សារ​សម្រាប់​កសិករ​ខ្នាត​តូច ជា​ពិសេស​វិស័យ​ស្រូវ​អង្ករ ផ្លែ​ឈើ និង​បន្លែ​សុវត្ថិភាព សរីរាង្គ ជាដើម »​។

អ្នកស្រី​បន្ត​ថា ការ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា វា​ជា​សញ្ញា​ល្អ​សម្រាប់​កសិករ​ខ្មែរ​ក្នុង​ការ​ធានា​តម្លៃ ដែល​កន្លង​មក​បាន​ជួប​បញ្ហា​ច្រើន​ក្នុង​ការ​រក​ទីផ្សារ​លក់​នៅ​ពេល​ផលិត​បាន​ច្រើន​។ ចំពោះ​ក្រុមហ៊ុន ទទួល​បានការ​ផ្គត់ផ្គង់​កសិផល​មាន​ប្រភព​ជាក់លាក់ ទាំង​បរិមាណ និង​គុណភាព នាំ​ឱ្យ​ពួក​គាត់​ងាយស្រួល​លក់​នៅ​លើ​ទីផ្សារ ។ អ្នកស្រី​សង្កត់ធ្ងន់​ថា ៖« យើង​ក៏​សង្កេត​ឃើញ​ថា អ្នក​បរិភោគ​ក៏​មាន​និន្នាការ​គាំទ្រ​ផលិតផល​មានគុណ​ភាពល្អ​ប្រកបដោយ​សុខភាព ជា​ពិសេស​ដែល​ផលិត​ដោយ​កសិករ​ខ្នាត​តូច​ក្រីក្រ ដូចនេះ កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​កសិករ​កម្ពុជា​ដែល​ភាគច្រើន​ជា​កសិករ​ខ្នាត​តូច នោះ​នាំ​ឱ្យ​ក្រុមហ៊ុន​ទទួល​ប្រយោជន៍​បន្ថែម​នូវ​ការ​ទទួលខុសត្រូវ​សង្គម ដែល​ជា​ទិស​ដៅ​អភិវឌ្ឍន៍​សាកល​នៅ​ពេល​អនាគត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ