ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​កម្ពុជា​រីក ចម្រើន​ឈរ​នៅ​លំដាប់ ទី​6​លើ​ពិភពលោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី បាន​ថ្លែង​ថា កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ទទួល​បាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​នៅ​លំដាប់​ទី​៦​លើ​ពិភពលោក…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី បាន​ថ្លែង​ថា កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ទទួល​បាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​នៅ​លំដាប់​ទី​៦​លើ​ពិភពលោក ដោយ​សម្រេច​បាន​កំណើន​ជា​មធ្យម​ជាង​៧%​ក្នុង​១​ឆ្នាំ ។

សម្តេច​តេ​ជោ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ ៧​មក​រា ខួប​លើក​ទី​៤០​ឆ្នាំ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ ។ សម្តេច​តេ​ជោ​បាន​បន្ត​ថា សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​សមិទ្ធផល​យ៉ាង​ធំធេង​គួរ​ជាទី​មោ​ទ​នៈ​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។ ចាប់តាំងពី​ឆ្នាំ​២០០០​រហូត​មក​ដល់​ឆ្នាំ​២០១៨ ផលិតផល​ក្នុងស្រុក​សរុប​មាន​តម្លៃ​ប្រមាណ​ជា​២៤.៦០៥​លាន​ដុល្លារ ដូច្នេះ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា ក៏​កំពុង​ផ្លាស់​ប្ដូរ​ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ទៅ​ជា​ប្រទេស​ដែល​ពឹងផ្អែក​ជា​សំខាន់​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​វិញ ។

សម្ដេច​តេ​ជោ​ថ្លែង​ថា ៖« កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​នៅ​លំដាប់​ទី​៦​លើ​ពិភពលោក​ដោយ​សម្រេច​បាន​កំណើន​ជា​មធ្យម​ជាង​៧%​ក្នុង​១​ឆ្នាំ »​។ សម្ដេច​បន្ថែម​ថា ៖« ការ​រីក​ចម្រើន​ក្នុង​កម្រិត​ដ៏​ខ្ពស់​ជាប់​មិន​ដាច់​នេះ ដោយសារ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​កម្មន្ដសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និង​ការ​ដឹក​ជញ្ជូន​។ ជា​លទ្ធផល សេដ្ឋកិច្ចជាតិ​បាន​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស »​។

សម្ដេច​តេ​ជោ​បន្ថែម​ថា ជាក់ស្ដែង​ផលិតផល​ក្នុងស្រុក​សរុប​បាន​កើន​ពី​ប្រមាណ​៣.៦៤៩​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០០ ដល់​ប្រមាណ​២៤.៦០៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។ រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា ក៏​កំពុង​ផ្លាស់​ប្ដូរ​ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ទៅ​ជា​ប្រទេស​ដែល​ពឹងផ្អែក​ជា​សំខាន់​លើ​វិស័យ ឧស្សាហកម្ម និង​សេវាកម្ម​វិញ​។ ផ្លូវ ស្ពាន បណ្ដាញ​អគ្គិសនី ទឹក​ស្អាត ប្រព័ន្ធ​ធារាសាស្ដ្រ មន្ទីរពេទ្យ សាលារៀន ត្រូវ​បាន​ស្ថាបនា​ច្រើន​ពាសពេញ​ផ្ទៃ​ប្រទេស ជា​ពិសេស​រោងចក្រ សហគ្រាស កសិដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប អគារ​ខ្ពស់​ត្រូវ​បាន​កសាង និង​ព​ង្រឹ​ក​កាន់តែ​ច្រើន ដែល​បាន​ផ្ដល់​ការងារ​ជូន​ប្រជាជន​រាប់​លាន​នាក់​នៅ​គ្រប់​ទិស​ទី ។ កម្ពុជា​ក៏​ត្រូវ​បាន​មជ្ឈដ្ឋាន​វិនិយោគិន​ក្នុងស្រុក ក្រៅប្រទេស និង​ស្ថាប័នហិរញ្ញវត្ថុ​អន្ដរជាតិ​នានា​វាយតម្លៃ​ថា ជា​ប្រទេស​ដែល​មាន​បរិយាកាស​ល្អ​សម្រាប់​ការ​វិនិយោគ និង​ធុរកិច្ច​ផង​ដែរ ។
កម្ពុជា​រំពឹង​ថា នៅ​តែ​អាច​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧%​ក្នុង​១​ឆ្នាំ និង​ធានា​បាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​រឹង​មាំ​បន្ដ​ទៀត ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ទៀត​ថា ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ទូទៅ ក៏​ទទួល​បានការ​កែ​លម្អ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ។ ប្រការ​នេះ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​កំណើន​ចំណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ពី​ប្រមាណ​២៨៨​ដុល្លារ​នៅ​ឆ្នាំ​២០០០ ដល់​១.៥៦៣​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ។ អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ពី​ប្រមាណ​៥៣,២% នៅ​ឆ្នាំ​២០០៤ មក​នៅ​ត្រឹម​ប្រមាណ​១៣,៥% នៅ​ឆ្នាំ​២០១៤ និង​ត្រូវ​បាន​រំពឹង​ថា បន្ដ​ថយ​ចុះ​មក​នៅ​ក្នុង​រង្វង់​១០%​នា​បច្ចុប្បន្ន ។

កម្ពុជា​បាន​ឆ្លងកាត់​ដោយ​ជោគជ័យ​ពី​ប្រទេស​មាន​ចំណូល​ទាប​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុង​ប្រឹងប្រែង​ដើម្បី​ឈាន​ទៅ​កាន់​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគា​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក​បណ្ឌិត អុ​ិ​ន ចាន់​នី បាន​ថ្លែង​ថា ផ្អែក​លើ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដែល​សម្រេច​បាន​កំនើន​៧​ភាគរយ កម្ពុជា​នឹង​សម្រេច​ឬ​ឈាន​ដល់​គោលដៅ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ​នេះ​។

លោក​បន្ត​ថា កម្រិត​ប្រាក់​ចំណូល​កើនឡើង​របស់​ប្រជាពលរដ្ឋ​ជា​កត្តា​អំណោយផល​មួយទៀត​ដល់​អ្នក​វិនិយោគ​អន្តរជាតិ​មក​បោះទុន​វិនិយោគ ព្រោះ​អ្នក​វិនិយោគ ពួក​គេ​នឹង​មិន​ទៅ​កាន់​ប្រទេស​ក្រីក្រ​នោះ​ទេ ពួក​គេ​សម្លឹង​ទៅ​កាន់​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ ដោយសារ​អំណាច​នៃ​ការ​ទិញ​កើនឡើង ។
លោក​បន្ត​ថា ៖« កត្តា​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​កំណើនសេដ្ឋកិច្ច​រឹង​មាំ​របស់​កម្ពុជា នឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​ទាក់ទាញ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ