រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ កក្កដា សពអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ត្រូវបានដង្ហែចេញពីភូមិគ្រឹះសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្បែរវិមានឯករាជ្យ ឆ្ពោះទៅកាន់វត្តព្រះបារមីវង្កដ្ឋបុរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីបញ្ចុះ ។ ទីនោះក៏ជាកន្លែងដែលបានបញ្ចុះសពមហាឧបាសិកា ឌី ប៉ុក ភរិយារបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ផងដែរ ។
ក្នុងពិធីដង្ហែសពនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រុមគ្រួសារ សាច់សាលោហិត និងញាតិមិត្តនៃសព ព្រមទាំងឥស្សរជនគ្រប់ស្ថាប័ន មហាជន សិស្ស និស្សិត ក្នុងសម្លៀកបំពាក់ និងសញ្ញាកាន់មរណទុក្ខ បានចាប់ផ្តើមដង្ហែចេញនៅវេលាម៉ោង៦ និង១៥នាទីព្រឹក ។
ក្បួនបុស្បុកដង្ហែសពអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ចេញពីភូមិគ្រឹះបានហែព័ទ្ធវិមានឯករាជ្យរំកិលតាមមហាវិថីព្រះនរោត្តម រួចបត់តាមមុខមន្ទីរពេទ្យព្រះអង្គឌួង ហើយបន្តតាមមហាវិថីសហព័ន្ធរុស្សុី ។ នៅតាមដងមហាវិថីនៃក្បួនដង្ហែសពនេះ មានព្រះសង្ឃជយន្តោចំនួនបីកន្លែង គឺនៅមុខមន្ទីរពេទ្យព្រះអង្គឌួង មុខទីស្តីការគណៈរដ្ឋមន្ត្រី និងនៅចំណុចស្ពានអាកាស៧មករា រួចហើយក្បួនដង្ហែសពក៏បានរំកិលយ៉ាងរលូនចូលដល់ទីកន្លែងប្រារព្ធពិធីក្នុងវត្តព្រះបារមីវង្កដ្ឋបុរី វេលាម៉ោង៧ និង៣០នាទីព្រឹក ។
កម្មវិធីបញ្ចុះសព បានប្រព្រឹត្តទៅយ៉ាងអធិកអធម ទៅតាមប្រពៃណីទំនៀមទម្លាប់ និងប្រកបដោយមហាកិត្តិយសក្រៃលែង ។ នៅក្នុងការប្រារព្ធពិធីដ៏អធិកអធមនេះ ក៏មានការអានព្រះរាជសាររំលែកទុក្ខរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជសាររំលែកទុក្ខរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលអានដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងការអានវិយោគកថា ដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធសពផងដែរ ។
ព្រះរាជសាររំលែកទុក្ខរបស់ព្រះមហាក្សត្រ សាររំលែកទុក្ខរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ ក៏ដូចជាវិយោគកថា បានឆ្លុះបញ្ចាំងឱ្យឃើញអំពីគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ចំពោះក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងការចូលរួមចំពោះសង្គមជាតិ ។
នៅក្នុងសេចក្តីថ្លែងអំណរគុណរបស់លោក ហ៊ុន ណេង តំណាងឱ្យក្រុមគ្រួសារនៃសព បានបញ្ជាក់ថា កូនចៅនឹងយកបច្ច័យដែលទទួលបានពីការចាប់មគ្គផលពីព្រះមហាក្សត្រ សម្តេចម៉ែ ព្រះសង្ឃ និងញាតិមិត្តទាំងអស់ រួមទាំងថវិកាដែលនៅសេសសល់បន្តិចបន្តួចរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ទៅប្រើប្រាស់ក្នុងការជីកអណ្តូងទឹកជូនប្រជាពលរដ្ឋឱ្យបានពី៥០០ទៅ១.០០០អណ្តូង ដើម្បីជាប្រយោជន៍សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងឧទ្ទិសមគ្គផលជូនដល់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ។
សូមបញ្ជាក់ថា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង អាយុ៩០ឆ្នាំ ឪពុកបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាពកាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃសុក្រ ទី១២ កក្កដា ឆ្នាំ២០១៣ ដោយជរាពាធ ។ ពិធីបុណ្យសពអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ផ្តើមប្រារព្ធធ្វើចាប់ពីថ្ងៃទី១២ កក្កដា រហូតដល់ថ្ងៃពុធ ទី១៧ កក្កដា នៅភូមិគ្រឹះសម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្បែរវិមានឯករាជ្យ ។
អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង កើតនៅថ្ងៃទី២៧ សីហា ឆ្នាំ១៩២៣ នៅភូមិពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្ថិតក្នុងគ្រួសារកសិករ ។ លោកមានកូនប្រុសស្រី៦នាក់ មានចៅប្រុស-ចៅស្រីចំនួន៣០នាក់ និងចៅទួតប្រុសស្រីចំនួន៦៦នាក់ ។ នៅខែកញ្ញា ឆ្នាំ២០១១ អ្នកឧកញា៉មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរម្យងារជាអ្នកឧកញា៉មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ។ ឪពុកអ្នកឧកញា៉មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង នាម ហ៊ុន ញ៉ូវ និងម្តាយនាមលោក យាយតុល ។ នាសម័យកាលនោះ កម្ពុជាកំពុងស្ថិតក្រោមអណានិគមបារាំង ។ ក្នុងវ័យវឌ្ឍនាការចម្រើនឡើងអំឡុងឆ្នាំ១៩៤០ អ្នកឧកញា៉មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ត្រូវបានក្រុមគ្រួសារបញ្ជូនមកភ្នំពេញ បានបួសរៀននៅវត្តឧណ្ណាលោមក្រុងភ្នំពេញ បានស្នាក់អាស្រ័យរៀនធម៌វិន័យជាមួយសម្តេចព្រះសង្ឃរាជ ជួន ណាត ។ តាមស្ថានភាពភូមិសាស្ត្រ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក្រោមអាណាព្យាបាលទាំងស្រុងរបស់បារាំងអំឡុងប្រមាណ៩០ឆ្នាំ និងក្នុងសម័យសង្គ្រាមលោកលើកទី២ក្នុងទសវត្សឆ្នាំ៤០ អ្នកឧកញា៉មហាភក្តីសប្បុរិសភោគា ហ៊ុន នាង បន្ទាប់ពីលាចាកសិក្ខាបទ បានសាងភ្ជាប់វាសនាក្នុងជីវិតជាឧត្តមភរិយា ជាមួយនឹងមហាឧបាសិកា ឌី ប៉ុក នៅលើទឹកដីពាមកោះស្នា ដែលក្នុងសម័យនោះសង្គមជាតិកំពុងជួបការលំបាកគ្រប់យា៉ងទាំងលើវិស័យសេដ្ឋកិច្ច និងសង្គម ។
ដោយសារការអង់អាចក្លាហាន រួមជាមួយនិងការចេះដឹង និងជំនាញយោធា លោកត្រូវបានជ្រើសរើសឱ្យធ្វើជាមេកងជីវពលប្រចាំឃុំពាមកោះស្នា ។ ក្នុងដំណាក់កាលលំបាកលំបិនបំផុតទាំងការតស៊ូដើម្បីរស់ និងការតស៊ូជម្នះលើការជិះជាន់របស់ពួកអាណានិគម អ្នកឧកញា៉មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ប្រឈមគ្រប់ការលំបាក និងស្ថានភាពនយោបាយ ដោយទទួលភារកិច្ចជាប្រមុខគ្រួសារ និងជាអាណាព្យាបាលក្នុងការចិញ្ចឹមបុត្រធីតាផង និងចូលរួមចំណែកដើម្បីរំដោះជាតិ និងសេចក្តីរុងរឿងផង ។ បន្ថែមលើការលំបាករួមរបស់ជាតិ អ្នកឧកញា៉មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បាននៅប្រឈមការលំបាក ដោយឡែកនៅឆ្នាំ១៩៥២ពួកចោរប្លន់ឈ្មោះ ប៊ុត អុំ និងឈ្មោះពុធ ឆាយ បានចាប់ខ្លួនលោកយាយ ឌី ម៉ប់ ដែលជាម្តាយក្មេក ដើម្បីជំរិតទារប្រាក់ ដែលធ្វើឱ្យគ្រួសារធ្លាក់ខ្លួនក្រ ជាបច្ច័យអាក្រក់មួយនាំដល់កូនប្រុសគឺសម្តេចតេជោ ហ៊ុន សែន ត្រូវផ្ញើខ្លួនជាមួយព្រះសង្ឃ ដើម្បីការសិក្សា ។
អ្នកឧកញា៉មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង គឺជាព្រះ និងជាប្រមុខគ្រួសារត្រកូលហ៊ុន ។ ក្នុងមួយជីវិតជាស្វាមី និងភរិយា លោកនិងមហាឧបាសិកា ឌី ប៉ុក ទទួលបានចំណងដៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន គឺបុត្រា បុត្រីចំនួន៦រូបមាន លោក ហ៊ុន សាន, លោក ហ៊ុន ណេង, សម្តេចតេជោ ហ៊ុន សែន, លោកជំទាវ ហ៊ុន សេងនី, លោកជំទាវ ហ៊ុន ស៊ីណាត និងលោកជំទាវ ហ៊ុន ប៊ុនធឿន ។ ក្រៅពីបុត្រា បុត្រី អ្នកឧកញា៉មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង មានចៅប្រុស ចៅស្រីចំនួន៣០នាក់ និងចៅទួតចំនួន៦៦នាក់ ៕
ចែករំលែកព័តមាននេះ