ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកគ្នា​មក​ការពារ​ប្រាសាទ​មួយ​កប់​ក្នុង​ដី​…!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុក​ជា​ច្រើន​នាក់បាន​នាំ​គ្នា​ទៅ​ការពារ​ទីតាំង​មួយ ​ដែល​សង្ស័យ​ថា មាន​ប្រាសាទបុរាណ​កប់​ក្នុង​ដី ដើម្បី​ទប់​ស្កា​ប់​ជនខិលខូច​ទៅ​លួច​ជីក​កកាយ ខណៈ​អាជ្ញាធរ​មិន​ទាន់​មាន​វិធានការ​បែប​ណា​នៅឡើយ​នោះ ។ ទីតាំង​ដែល​មាន​ប្រាសាទបុរាណ​ក្នុង​ដីនេះ ​ស្ថិត​នៅ​កណ្តាល​ព្រៃ​មួយ…

ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុក​ជា​ច្រើន​នាក់បាន​នាំ​គ្នា​ទៅ​ការពារ​ទីតាំង​មួយ ​ដែល​សង្ស័យ​ថា មាន​ប្រាសាទបុរាណ​កប់​ក្នុង​ដី ដើម្បី​ទប់​ស្កា​ប់​ជនខិលខូច​ទៅ​លួច​ជីក​កកាយ ខណៈ​អាជ្ញាធរ​មិន​ទាន់​មាន​វិធានការ​បែប​ណា​នៅឡើយ​នោះ ។ ទីតាំង​ដែល​មាន​ប្រាសាទបុរាណ​ក្នុង​ដីនេះ ​ស្ថិត​នៅ​កណ្តាល​ព្រៃ​មួយ ទំហំ​ប្រហែល​៣​ហិ​កតា ចំណុច​៦៧១ ឬ​ហៅ​ប្រាសាទ​ក្រៅ ស្ថិត​ក្នុងភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា
​ឡៃ ។

ទីតាំង​ខាងលើ​គេ​ឃើញ​មាន​ថ្មបាយក្រៀម និង​ថ្ម​បុរាណ​នៅ​ខាងក្រោម​រៀប​ជា​ជញ្ជាំង​។ ក្រុម​អ្នក​ភូមិ​ថា ទីនោះ​ ជាទី​ទួល​ខ្ពស់​ខុស​ពី​កន្លែង​ផ្សេង​ៗ និង​មាន​កស្សិណ​ព័ទ្ធ​ជុំវិញ ប៉ុន្តែ​មិន​មានទឹក​ទេ ឃើញ​មាន​ត្រកួន​និង​ស្មៅ ។ អ្នកស្រុក​លើក​ឡើង​ថា ទី​នេះ​ជា​ប្រាសាទបុរាណ​នៅ​ក្នុង​ដី​ហើយ​ពួក​គាត់​ដែល​មាន​ជំនឿ​តែងតែ​មក​ធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ​ជា​រៀង​រាល់​ឆ្នាំ ពោល​គឺ​ក្រោយ​រដូវ​ច្រូតកាត់​រួច ។

អ្នកស្រុក​បន្ត​ថា កន្លង​មក​មាន​ជនខិលខូច​បាន​យក​គ្រឿងចក្រ​ ទៅ​ជីក​កាយ​ចំនួន​២​កន្លែង ដើម្បី​រក​វត្ថុ​បុរាណ​លើ​ទួល​នេះ ប៉ុន្តែ​មិន​អាច​យក​អ្វី​ចេញ​បាន​ឡើយ ។ តាម​អ្នក​ភូមិ​ដែល​មាន​ជំនឿ​ថា មានការ​បន្លាច​ឱ្យ​ក្រុម​អ្នក​លួច​ជីក​កកាយ​បោះបង់​ចោលការ​លួច​កាយ​រក​វត្ថុ​បុរាណ​នេះ ព្រោះ​មាន​បារមី​ទៅ​លង​បន្លាច​។ ពួក​គាត់​និយាយ​ថា ក្នុង​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ា​ឡៃ​នេះ​ មាន​ប្រាសាទបុរាណ​ក្នុង​ដី​៣​កន្លែង ប៉ុន្តែ​២​កន្លែង​ទៀត​ត្រូវ​ឈ្មួញ​ជីក​កាយ​ខ្ទេចខ្ទី បន្សល់​ទុក​តែ​ថ្មបាយក្រៀម​ដូច​ជា​«​ប្រាសាទ​ក្នុង​» និង​«​ប្រាសាទ​ច្រកចូល​» ។

អ្នកស្រុក​លើក​ឡើង​ទៀត​ថា កន្លង​មក​ពេល​នាំ​គ្នា​ទៅ​ធ្វើ​ពិធីបួងសួង​នៅ​ចំណុច​ខាងលើ សមត្ថកិច្ច​តែងតែ​ទៅ​ឃ្លាំមើល ហាក់ដូច​ចង់​រារាំង ។ កាលពី​ថ្ងៃ​ទី​៦ មក​រា ខណៈ​ពលរដ្ឋ​នាំ​គ្នា​ទៅ​បោសសម្អាត ចំណុច​ទីទួល​ដែល​សង្ស័យ​មាន​ប្រាសាទបុរាណ​នេះ ក៏​មាន​នគរបាល​ចុះ​ទៅ​ទីនោះ​ដែរ ប៉ុន្តែ​សមត្ថកិច្ច​ថា ពួក​គាត់​មិនដឹង​ថា​មាន​ប្រាសាទ​ទេ ហើយ​ក្រោយ​ពី​ឮ​គេ​ថា​មាន​ប្រាសាទ​ក្នុង​ព្រៃ ម្យ៉ាង​ត្រូវ​ចុះ​ល្បាត​ការពារ​សន្តិសុខ​អ្នក​ស្រុក​ឆ្លងកាត់​ទីនោះ​ផង ក៏​ចូល​មក​ពិនិត្យ​មើល​តែ​ម្តង ។

អ្នកស្រុក​និយាយ​ថា ព្រោះតែ​ខ្លាច​ទីតាំង​បុរាណ​ស្ថាន មួយ​កន្លែង​នេះ ធ្លាក់​ទៅ​លើ​ដៃ​ជន​ទុច្ចរិត ជីក​កាយ​តទៅ​ទៀត​ទើប​ខំ​នាំ​គ្នា​អភិរក្ស និង​ធ្វើ​ពិធីបួងសួង​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ការពារ ។ ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ ពិសេស​មន្ទីរ​ពាក់ព័ន្ធ​មេត្តា​ចុះ​ពិនិត្យ​មើល​និង​ការពារ​ទុកជា​សម្បត្តិ​ជាតិ​ផង ។

ជុំវិញ​រឿង​មាន​ប្រាសាទបុរាណ​ក្នុង​ដី​នេះ ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​នៅឡើយ​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ៕ ​

អត្ថបទសរសេរ ដោយ