យោងលើឯកសារទំនៀមទម្លាប់ខ្មែរតាំងពីបរមបុរាណមក ខ្មែរយើងតែងមានជំនឿថា ក្រោយពេលស្ត្រីជាម្ដាយសម្រាលកូនរួចភ្លាម មានពួកអមនុស្ស ខ្មោច ព្រាយ បិសាច តាមយាយីធ្វើបាប ដូច្នេះបើមិនមានវិធីការពារទេ នោះកូននិងម្ដាយច្បាស់ជារស់នៅមិនបានសុខឡើយ គឺកើតមានហេតុភេទមិនចេះចប់។ នេះជាទំនៀមទម្លាប់តាំងពីដើមរៀងមក ដែលចាស់ៗតែងធ្វើក្រោយពេលស្ត្រីជាម្ដាយសម្រាលកូនរួច ។
លោកព្រឹទ្ធាចារ្យ រិន ខេមរា ប្រចាំវត្តមួយនៅក្នុងខេត្តកំពុងចាមបានរៀបរាប់ថា នៅពេលសម្រាលកូនរួច ដាច់ខាតកុំភ្លេចយកកូនកាំបិតរុំដោយក្រណាត់សដាក់នៅលើក្បាលដំណេកទារកដែលកំពុងគេងនោះ ដើម្បីជាអាវុធការពារក្រែងមានខ្មោច បិសាចមកយាយី លងបន្លាចធ្វើឱ្យទារកគេងមិនលក់នៅមិនសុខចេះតែស្រែកយំមិនឈប់ និងដើម្បីការពារកុំឱ្យមានផ្លូវងងឹតមករុកកួនម្ដាយ និងកូនតូច ។
បើតាមទំនៀមទម្លាប់ខ្មែរយើង នៅពេលស្ត្រីសម្រាលកូនហើយភ្លាម ចាស់ៗដែលគាត់យល់ការតែងប្រើឱ្យអ្នកណាម្នាក់ទៅកាប់មែកឈើដែលមានបន្លាយកមកដាក់នៅមាត់ទ្វារ ឬមាត់បង្អួចជាបន្ទាន់ ព្រោះចាស់ៗមានជំនឿថា អាចមានអាប ធ្មប់ ខ្មោច ព្រាយ បិសាច ចូលមករកហុតឈាមស្ត្រីជាម្ដាយ ឬរកស៊ីកាកសំណល់ផ្សេងៗធ្វើឱ្យនាងកើតជំងឺម្យ៉ាងឈ្មោះព្រាយក្រឡាភ្លើង។ ដូច្នេះហើយបើព័ទ្ធបន្លាជុំវិញផ្ទះនោះ ខ្មោច អាបនឹងមិនហ៊ានចូលជិតឡើយ ។
លោកព្រឹទ្ធាចារ្យបានប្រាប់ទៀតថា នៅពេលស្ត្រីសម្រាលកូនហើយភ្លាម គ្រួសារត្រូវចាត់នរណាម្នាក់ឱ្យទៅអញ្ជើញគ្រូចេះមន្តអាគមមកសូត្របាលីប្រោះព្រំ ហើយយកកំបោរទៅគូសសញ្ញាជើងក្អែកនៅនឹងមាត់ទ្វារ និងមាត់បង្អួចឱ្យបានលឿនបំផុត ព្រោះតាមជំនឿបើមិនបានធ្វើបែបនេះទេ ស្ត្រីជាម្ដាយនឹងមានអារម្មណ៍ភ័យខ្លាចចេះតែឃើញនេះឃើញនោះនៅមិនសុខក្នុងខ្លួនឡើយដោយសារតែមានខ្មោចបិសាចមកយាយី ។
នេះជាទំនៀមទម្លាប់របស់ខ្មែរតាំងពីដើមមក គឺត្រូវធ្វើបែបនេះ ទើបម្ដាយនិងកូនរស់នៅបានស្ងប់សុខគ្មានអ្វីហ៊ានចូលមកយាយី ។ ទោះជាយ៉ាងណាសម័យបច្ចុប្បន្នទំនៀមនេះហាក់ដូចជាឃ្លាតឆ្ងាយបន្តិចសម្រាប់អ្នករស់នៅទីក្រុង តែអ្នករស់នៅជនបទ ស្រុកស្រែចម្ការឃើញមានធ្វើតាមទម្លាប់នេះនៅឡើយ ៕
ចែករំលែកព័តមាននេះ