ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គោរព​វិញ្ញាណ​ក្ខន្ធ​អ្នក​ឧកញ៉ា​មហា​ភក្តី ហ៊ុន នាង

11 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ នាយក​រដ្ឋ​មន្ត្រី​​ថៃ លោក​ជំទាវ​ យីងឡាក់​ ស៊ីណាវ៉ាត្រា​ និង​នាយក​រដ្ឋ​មន្ត្រី​ឡាវ​លោក​ ថង​ស៊ីង​ ថាំម៉ាវង្ស ព្រម​ទាំង​ក្រុម​គណៈ​ប្រតិភូ​ចលនា​អាវ​ក្រហម​ដឹកនាំ​ដោយ​លោកស្រី​ ធិតា​ ថាវ៉ន​សេត​ បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា​បន្ត​បន្ទាប់​គ្នា ​​កាល​ពី​រសៀល​ថ្ងៃទី​១៦​ កក្កដា​ ដើម្បី​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុ​រិស​ភោគាធិបតី ​ហ៊ុន នាង​

​រាជធានី​ភ្នំពេញ​ ៖ នាយក​រដ្ឋ​មន្ត្រី​​ថៃ លោក​ជំទាវ​ យីងឡាក់​ ស៊ីណាវ៉ាត្រា​ និង​នាយក​រដ្ឋ​មន្ត្រី​ឡាវ​លោក​ ថង​ស៊ីង​ ថាំម៉ាវង្ស ព្រម​ទាំង​ក្រុម​គណៈ​ប្រតិភូ​ចលនា​អាវ​ក្រហម​ដឹកនាំ​ដោយ​លោកស្រី​ ធិតា​ ថាវ៉ន​សេត​ បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា​បន្ត​បន្ទាប់​គ្នា ​​កាល​ពី​រសៀល​ថ្ងៃទី​១៦​ កក្កដា​ ដើម្បី​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុ​រិស​ភោគាធិបតី ​ហ៊ុន នាង​ បិតា​បង្កើត​សម្តេចតេជោ ហ៊ុន សែន​ ដែល​បាន​ទទួល​មរណ​ភាព​កាល​ពី​វេលា​ទៀប​ភ្លឺ ថ្ងៃទី​១២ កក្កដា ដោយ​សារ​ជរា​ពាធ​ ។​

តាម​ព័ត៌​មាន​ឱ្យ​ដឹងថា​ នាយក​រដ្ឋ​មន្ត្រី​ឡាវ លោក​ ថង​ស៊ីង​ ថាំម៉ាវង្ស​ និង​គណៈ​ប្រតិភូ​របស់​លោក​បាន​អញ្ជើញ​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ។​ ចំណែក​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ជំទាវ យីង​ឡាក់​ ស៊ីណាវ៉ា​ត្រា និង​គណៈ​ប្រតិភូ​បាន​អញ្ជើញម​ក​ដល់​នា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ។ ទោះ​បី​ជា​យ៉ាងណា ក្បួន​រថយន្ត​លោក​ជំទាវ​ យីង​ឡាក់​ ស៊ីណា​វ៉ាត្រា​ បាន​ចាក​ចេញ​ដំណើរ​ពី​ព្រលាន​យន្ត​ហោះ​មុន​នាយក​រដ្ឋ​មន្ត្រី​ឡាវ​ បន្ទាប់​ពី​បាន​ឈប់​សម្តែងការគួរសម​ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោគា​ធិបតិ​ ហ៊ុន នាង​ ជាបន្ត​បន្ទាប់​គ្នា ។​

ជាការកត់​សម្គាល់​ថា កាល​ពី​២ថ្ងៃ​មុន​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​​ គឺ​លោក​ ថាក់​ស៊ីន​ ស៊ីណាវ៉ា​ត្រា​ ជា​បងបង្កើត​របស់​លោក​ជំទាវ​ យីង​ឡាក់​ ក៏​បាន​អញ្ជើញ​មកគោរព​វិញ្ញាណ​ក្ខន្ធ​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោគា​ធិបតី ហ៊ុន​ នាង​ ផង​ដែរ ។​

ដោយ​ឡែក​ នៅ​វេលា​ម៉ោង​២​ និង​៤៥​នាទី​រសៀល​ ថ្ងៃ​ទី​១៦​ កក្កដា​ គណៈ​ប្រតិភូ​ក្រុម​ចលនា​អាវ​ក្រហម​ថៃ​ ប្រមាណ​ជាង​១០​នាក់​ដឹក​នាំ​ដោយ​លោក​ស្រី​ ធិតា​ ថាវ៉ន​សេត​ ជា​ប្រធាន​ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ក្នុង​បំណង​ចូល​រួម​រំលែក​មរណ​ទុក្ខ​ជា​មួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ព្រម​ទាំង​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោគា​ធិបតី​ ហ៊ុន​ នាង។ ក្នុង​ដំណើរ​មក​ដល់​របស់​ក្រុម​ចលនា​អាវ​ក្រហម​ថៃ​ ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​រាក់​ទាក់​ពី​សំណាក់​លោក​ ឃ្លាំង​ ហួត​ ជំនួយ​ការ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដល់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ។ ទោះ​បី​ជា​យ៉ាង​ណា​ បន្ទាប់​ពី​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​សព​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោគា​ធិបតី​ ហ៊ុន​ នាង​ រួច​មក​ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​​ ព្រម​ទាំង​ក្រុម​ចល​នា​អាវ​ក្រហម​ បាន​វិល​ត្រឡប់​ទៅ​វិញ​នា​រសៀល​ថ្ងៃ​ដដែល​នោះ​ផង​ដែរ។​

គួរ​បញ្ជាក់​ថា​ សព​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោគា​ធិបតី​ ហ៊ុន​ នាង​ នឹង​ត្រូវ​បាន​ដង្ហែ​ចេញ​ពី​ភូមិ​គ្រឹះ​សម្តេច​តេជោ​ ក្បែរ​វិមាន​ឯក​រាជ្យ​​ នៅ​ថ្ងៃ​ទី​១៧​ កក្កដា​ ដើម្បី​ទៅ​បញ្ចុះ​នៅ​វត្ត​ព្រះ​បារមី​វ​ង្កដ្ឋ​បុរី​ ស្ថិត​នៅ​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ​ ៕​