រាជធានីភ្នំពេញ ៖ វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាត្រូវបានគេមើលឃើញថាមានកំណើនខ្ពស់ និងអូសបន្លាយយូរឆ្នាំគួរឲ្យកត់សម្គាល់ ពោលគឺចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ២០០៨មក វិស័យនេះមានសន្ទុះរីកចម្រើនពីមួយឆ្នាំទៅមួយ ដោយមិនមានការថមថយឡើយ ។

ទោះយ៉ាងនេះក្ដី ធនាគារជាតិនៃកម្ពុជា និងធនាគារពិភពលោកប្រចាំកម្ពុជា បានបង្ហាញថា ការកើនឡើងនៃវិស័យសំណង់ និងអចលនទ្រព្យលឿនពេក អាចធ្វើឲ្យតម្លៃអចលនព្រទ្យកើនឡើងហួសពីតម្រូវការជាក់ស្ដែង ដែលអាចជាហានិភ័យសម្រាប់វិស័យធនាគារ និងជំនឿទុកចិត្តពីវិនិយោគិន ខណៈកំណើនឥណទានក្នុងវិស័យនេះមានកម្រិតខ្ពស់ ។
យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២ មករា ឆ្នាំ២០១៩ បានបញ្ជាក់ថា កំណើនវិស័យសំណង់បានរួមចំណែកប្រមាណ១ភាគ៥ក្នុងកំណើនសេដ្ឋកិច្ច ដែលបង្ហាញពីការពឹងផ្អែកកាន់តែខ្លាំងនៃកំណើនសេដ្ឋកិច្ចលើវិស័យនេះ ដែលជាទូទៅវិស័យសំណង់មានវដ្ដនៃការអភិវឌ្ឍ ធ្វើឲ្យវិស័យនេះអាចកើនឡើង និងថយមកវិញ នៅពេលដែលមានគម្រោងសំណង់ធំៗត្រូវបានបញ្ចប់ ។
សេចក្ដីប្រកាសដដែលបានសង្កត់ធ្ងន់ថា កំណើនឥណទានទៅកាន់វិស័យសំណង់និងអចលនទ្រព្យនៅតែបន្តមានកម្រិតខ្ពស់នៅឡើយ ក្នុងអត្រាប្រមាណ៣១ភាគរយ ហើយការកើនឡើងល្បឿននៃវិស័យសំណង់និងអចលនទ្រព្យ អាចធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងហួសពីតម្រូវការជាក់ស្ដែង និងអាចជាហានិភ័យសម្រាប់វិស័យធនាគារ និងជំនឿទុកចិត្តវិនិយោគិនផងដែរ ។
ដោយឡែក សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា លោក លី សូដេត ក៏បានលើកឡើងកាលពីខែមុននេះថាវិស័យសំណង់និងអចលនទ្រព្យនៅលើពិភពលោក តែងតែមានវដ្ដរបស់វា ហើយវិស័យនេះនៅក្នុងប្រទេសកម្ពុជា វាបានកើនឡើងជាបន្តបន្ទាប់អស់រយៈពេលជាង១០ឆ្នាំមកហើយ ដូច្នេះ វានឹងមានវដ្ដពេលណានោះ គ្មានអ្នកណាអាចដឹងបានឡើយ តែយ៉ាងណា វិនិយោគិន និងរាជរដ្ឋាភិបាល ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពីការវិនិយោគលើវិស័យអចលនទ្រព្យ បើមិនចង់ឲ្យមានបញ្ហាធ្ងន់ដល់សេដ្ឋកិច្ចកម្ពុជា ។
លោកបានថ្លែងថា ៖« ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោក វិស័យសំណង់និងអចលនទ្រព្យ បានកើនឡើងរហូត ដូច្នេះកំណើននេះមិនប្រាកដថា វានឹងកើនឡើងបន្តទៀតរហូតនោះទេ ព្រោះវិស័យសំណង់ និងអចលនទ្រព្យ តែងតែឆ្លងកាត់នូវខួបរបស់វា មានន័យថា នៅពេលវាឡើងដល់ចំណុចកំពូល វានឹងធ្លាក់ចុះមកវិញ តែគ្មាននរណាម្នាក់អាចដឹងថា វាដល់កំពូលនៅពេលណានោះទេ ហើយសម្រាប់បច្ចុប្បន្ននេះ តម្លៃអចលនទ្រព្យ និងសំណង់ក៏កំពុងតែមានកំណើនខ្លាំង ដែលធ្វើឲ្យការទទួលកម្ចីពីធនាគារ កាន់តែច្រើន និងអាចមានហានិភ័យកាន់តែខ្ពស់ ដូច្នេះត្រូវការពារឲ្យបាននូវសុខភាពវិស័យហិរញ្ញវត្ថុ ដើម្បីការពារបញ្ហាសេដ្ឋ កិច្ច » ។ ទោះបីជាមានការលើកឡើងបែប នេះក្ដី តែអ្នកប្រតិបត្តិផ្ទាល់ក្នុងវិស័យនេះ មានសុទិដ្ឋិនិយមថា វានៅតែមានសញ្ញាវិជ្ជមាន និងកំពុងតែមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ ពិសេសនៅរាជធានី ភ្នំពេញ ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានថ្លែងកាលពីថ្ងៃទី៤ មករា ម្សិលមិញថា ក្នុងឆ្នាំ២០១៩ វិស័យអចលនទ្រព្យនៅតែជាសញ្ញាណល្អ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ។ លោកថា ៖« បើនិយាយពីសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជាកម្ពុជា ត្រូវបានគេចាត់ទុកជាប្រទេសមួយដែលមានការអភិវឌ្ឍលឿន ក្នុងនោះយើងឃើញថាសន្ទុះកំណើនសេដ្ឋកិច្ចបានរក្សាក្នុងរង្វង់មួយថេរ ហើយមួយភាគក៏បានមកពីកំណើននៃវិស័យអចលនទ្រព្យដែរ »។
ដូចគ្នានេះដែរ លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Vtrust Appraisal បានឲ្យដឹងកាលពីចុងខែធ្នូ កន្លងមកថា ៖« គេថាវិស័យអចលនទ្រព្យ នឹងមានបញ្ហា តែបើមើលទិដ្ឋិភាពជាក់ស្ដែងវិញ វាដូចជាគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះ ពោលគឺវិស័យនេះនៅតែដំណើរការល្អ និងមានការបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ពីវិនិយោគិនក្នុងនិងក្រៅស្រុក ដូច្នេះខ្ញុំគិតថា វានៅតែមានសក្ដានុពលខ្ពស់សម្រាប់វិនិយោគិនជាតិនិងអន្តរជាតិ »។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ២០១៨ ទុនវិនិយោគក្នុងវិស័យនេះ មានចំនួន៥.២២៩លានដុល្លារអាមេរិក ដែលមានផ្ទៃក្រឡាសាងសង់សរុបចំនួន១១.៤២៧.១៩០ម៉ែត្រក្រឡា និងទទួលបានគម្រោងសាងសង់ចំនួន២.៨៦៧គម្រោង បើធៀបនឹងឆ្នាំ២០១៧ទុនវិនិយោគក្នុងវិស័យសំណង់មានការថយចុះប្រមាណ១៨,៦៦% ៕
ចែករំលែកព័តមាននេះ