រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ ខណៈដែលកំពុងមានវិប្បត្តិក្នុងក្រុមគ្រួសារបានទៅផឹកស្រាដើម្បីកាត់សាញរហូតដល់ស្រវឹង ស្រាប់តែតោងឡើងបង្គោលភ្លើង បណ្តាលឲ្យឆក់ផ្ទុះធ្លាក់រងរបួសធ្ងន់បោកក្បាលសន្លប់ឈឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង១៥នាទីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ តាមផ្លូវបេតុង មុខផ្ទះជួល ស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះខាងលើឈ្មោះ ហួត ថេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខផែស្ងួត ញ៉ុយញ៉ុង ស្នាក់ភូមិកើតហេតុខាងលើ មានស្រុកកំណើត ភូមិស្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសធ្ងន់។

បើតាមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះបានវិប្បត្តិក្នុងក្រុមគ្រួសារ ហើយមុនកើតហេតុ ជនរងគ្រោះបានផឹកស្រាដើម្បីកាត់សាញរហូតដល់ស្រវឹង បែរជាទៅប្រតោងឡើងបង្គោលភ្លើងដែលមានបំពាក់ទៅដោយប្រអប់ភ្លើង ប៉ះឆក់ផ្ទុះធ្លាក់មកដីបោកក្បាលពីក្រោយសន្លប់ស្តូកស្តឹងតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិ ក្រុមគ្រួសារដឹកតាមម៉ូតូកង់បីទៅគ្លីនិកផ្សារព្រៃទា តែគេមិនហ៊ានទទួលដោយសារអាការៈធ្ងន់ធ្ងរពេក ទើបដឹកយកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ហើយមន្ទីរពេទ្យពិនិត្យរួច ជួយសម្រួល និងដឹកចាត់បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះអាយុជីវិត ៕
ចែករំលែកព័តមាននេះ