ការចេះសន្សំសំចៃ គឺជាផ្នែកមួយចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍគ្រួសារដែលវាមិនត្រឹមតែធ្វើឱ្យគ្រួសារកើនទ្រព្យប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យគ្រួសាររីករាយ និងមានសុភមង្គលទៀតផង ដ្បិតអីការសន្សំសំចៃនាំឱ្យស្វាមី-ភរិយាក្នុងគ្រួសារអាចលៃលកថវិកាទិញអីញាំុឆ្ងាញ់បាន, ទិញសម្ភារល្មមៗដាក់ផ្ទះបាន, នាំសមាជិកគ្រួសារចេញទៅកម្សាន្តខាងក្រៅរាល់ពេលសម្រាកពីការងារបាន និងអាចចាត់ចែងកិច្ចការផ្សេងៗដែលគ្រួសារចង់ធ្វើ។
ខាងលើនេះ គឺជាបទពិសោធន៍មួយរបស់លោកសុភ័ណ្ឌ ដែលមានវ័យ៤៥ឆ្នាំ រស់នៅជុំគ្នាជាមួយភរិយា និងកូនប្រុស-ស្រី៣នាក់ ម្តុំផ្សារមាន់អាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចែករំលឹកដល់បងប្អូនប្រជារាស្ត្រគ្រាន់ទុកជាគតិ ដើម្បីសុភមង្គលដល់គ្រួសារ។ លោកសុភ័ណ្ឌ បានពន្យល់ថា ការសន្សំសំចៃក្នុងគ្រួសារ គឺត្រូវធ្វើឡើងទាំងអស់គ្នា ទាំងប្រពន្ធ និងប្តី ខ្វះភាគីណាមួយក៏អត់បាន… ឧទាហរណ៍ ៖ ប្រសិនបើប្តីរកប្រាក់បានដោយប្រើប្រាជ្ញាកម្លាំងកាយចិត្ត ស្រាប់តែភរិយាមិនចេះទុកដាក់ចាយវាយខ្ជីខ្ជា (បើលេងល្បែងទៀតគឺចប់) វាមិនរលស់ទ្រព្យសម្បត្តិទាំងនោះ? អញ្ចឹងសួរថា តើយើងបានអ្វីសម្រាប់អភិវឌ្ឍក្នុងគ្រួសារ? ទីបំផុតភាពរកាំរកូសនឹងកើតឡើង ហើយវានឹងរុញទៅដល់ការបែកបាក់ជាមិនខាន… បើមិនបែកបាក់ក៏គ្មានសុភមង្គលដែរ ។
មួយវិញទៀត ប្រសិនបើប្រពន្ធពូកែរកស៊ីរកមានប្រាក់ចំណូលពីកម្លាំងកាយប្រាជ្ញា ដាក់ចូលផ្ទះ (ឬក៏ប្តីរកប្រាក់បានដែរក៏ដោយ) ប៉ុន្តែប្តីចាយវាយមិនសូវចេះគិត ចូលបារ ខារ៉ាអូខេ ស៊ីផឹកស្រីញីអូនបង (បើលេងល្បែងគឺចប់) គ្មានលស់ថ្ងៃ… តើទ្រព្យក្នុងផ្ទះសល់អ្វី? ដល់ពេលនោះវានឹងកើតក្តីសៅហ្មង ចម្រូងចម្រាស រកាំរកូសឈានទៅដល់ការបែកបាក់ដូចគ្នា… អញ្ចឹងហើយទើបយើងសូមចែករំលែកបទពិសោធន៍សន្សំសំចៃនេះជូនបងប្អូនប្រជារាស្ត្រ ។ និយាយដូចនេះមិនមែនហាមមិនឱ្យចាយវាយសោះនោះទេ មិនមែនមិនឱ្យសប្បាយសោះនោះទេ… ពោលគឺសប្បាយឱ្យចេះលៃ ដូចពាក្យថា សន្សំ គឺត្រូវចេះទុកដាក់, ប្រមែប្រមូល, របស់ណាចោលគឺចោល… របស់ណាត្រូវទុកចាំទុក ។ ពាក្យថា សំចៃគឺត្រូវចេះលៃ, ចេះគិតពុះច្រៀក, ថវិកាណាសម្រាប់ធ្វើអ្វី? ទិញរបស់នេះតម្លៃប៉ុននេះ ទុកប៉ុននេះសម្រាប់ធ្វើកិច្ចការនោះ… ធ្វើបែបនេះអាចដោះស្រាយកង្វះខាតគ្រួសារបាន តែកាលណាដោះស្រាយកង្វះខាតគ្រួសារបាន គឺមានសុភមង្គលហើយ ៕
ចែករំលែកព័តមាននេះ