រាជធានីភ្នំពេញ ៖ ពិធីការិនីចាស់វស្សាអ្នកនាង យុគ ចិន្តា បានសម្រេចចិត្តផ្តល់ឱកាសឲ្យកូនស្រីតែមួយគត់របស់អ្នកនាង ឈានជើងចូលប្រឡូកក្នុងវិស័យចម្រៀងជាលើកដំបូង បន្ទាប់ពីកូនស្រីរបស់នាងហាក់កាន់តែចូលជ្រៅក្នុងវិស័យសិល្បៈ ក្នុងពេលដែលកូនស្រីបានចម្រើនវ័យពេញក្រមុំ និងមានរូបសម្រស់ស្រស់សោភា ។
ការបើកដៃឲ្យកូនចូលប្រឡូកក្នុងវិស័យចម្រៀងនាពេលនេះ អាចចាត់ទុកថា គឺជាដំណើរថ្មីមួយទៀត សម្រាប់អ្នកនាង យុគ ចិន្តា នៅក្នុងគោលដៅបណ្តុះបណ្តាលកូនស្រីឲ្យដើរលើវិថីសិល្បៈ បន្ទាប់ពីនាងក៏ធ្លាប់បានបង្ហាត់បង្រៀនកូនស្រីលើផ្នែកពិធីការិនី ដូចជារូបនាងនាពេលកន្លងមកដែរ ។
បើតាមគម្រោងកូនស្រីរបស់អ្នកនាង យុគ ចិន្តា ដែលមានឈ្មោះថា យុគ ដាពេជ្រ ឬហៅ អម នឹងបង្ហាញខ្លួនច្រៀងជាលើកទីមួយរបស់ខ្លួន នៅក្នុងវង់តន្ត្រីដែលមានឈ្មោះ Like It Or Not ពេញចិត្តអត់ ? ដែលមានលោក តាប៊ុយ ជាប្រធានក្រុម ។
បើយោងតាមការប្រកាសលើបណ្តាញសង្គមពីពិធីករលោក តាប៊ុយ បានឲ្យដឹងថា គ្រាន់តែអ្នកបង យុគ ចិន្តា អនុញ្ញាតអោយក្លាយជាតារាចម្រៀងភ្លាម ស្រីអម ត្រៀមឈុតរូបposter ចម្រៀងមុនកន្លះខែ ស្វាគមន៍ស្រីអម មកកាន់ក្រុមតន្ត្រី Like It Or Not ? ពេញចិត្តអត់ ? ហេងៗ ការងារច្រើនៗ លុយម្តាយយក ។
តាមរយៈការអះអាងពីលោកតាប៊ុយនាពេលនេះ អាចចាត់ទុកថា នេះជាដំណើរថ្មីមួយទៀតពីសំណាក់កូនស្រីរបស់អ្នកនាង យុគ ចិន្តា នៅក្នុងការឲ្យកូនចូលប្រឡូកក្នុងវិស័យសិល្បៈដូចជាខ្លួនដែរ ខណៈពេលដែលវិស័យមួយនេះ ក៏ជាចំណង់ចំណូលចិត្តពីសំណាក់កូនស្រីរបស់អ្នកនាងផងដែរ ។
យ៉ាងណាក៏ដោយ ជំហានថ្មី នៅក្នុងចូលជាតារាចម្រៀងពីសំណាក់កូនស្រីរបស់អ្នកនាង យុគ ចិន្តា នាពេលនេះ គេនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេថា តើកូនស្រីរបស់ពិធីការិនីរូបនេះ អាចធ្វើបានល្អឬយ៉ាងណា ក្នុងពេលដែលកន្លងមកកូនស្រីរបស់នាងក៏ធ្លាប់ធ្វើបានល្អផងដែរ សម្រាប់ការងារជាពិធីការិនី ។
ជាការកត់សម្គាល់ កូនស្រីតែមួយរបស់អ្នកនាង យុគ ចិន្តា មិនត្រឹមតែមានជំនាញខាងរបាំ ភ្លេង និងច្រៀងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មានដុងក្នុងការធ្វើជាពិធីករផងដែរ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង សូម្បីតែរូបនាងផ្ទាល់ក៏សារភាពថា ចង់ចាប់អាជីពនេះដូចជាម្តាយផងដែរ ។
យ៉ាងណាក៏ដោយ កន្លងមក បំណងនេះត្រូវបានអ្នកនាង យុគ ចិន្តា ជាម្ដាយមិនសូវពេញចិត្តចង់ឱ្យកូនដើរតាមគន្លងនោះទេ ដោយអ្នកនាងមានបំណងចង់ឱ្យកូនក្លាយទៅជាអ្នកជំនួញវិញ ។ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលអ្នកនាង យុគ ចិន្តា បានបើកភ្លើងខៀវជា បណ្តើរៗ ដើម្បីផ្តល់ឱកាសឲ្យកូនស្រីបានចូលប្រឡូកក្នុងវិស័យសិល្បៈ ស្របពេលដែលនាងក៏កំពុងតែដុះខាត់កូនក្នុងជំនាញមួយនេះផងដែរ ៕
ចែករំលែកព័តមាននេះ