រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងទៀតថា ទីបំផុត អ្នកស្រីហូវ ដាណេ ជាថៅកែមជ្ឈមណ្ឌលកែសម្ផស្ស«ឌែម៉ូគ្លីនិក»និងស្ត្រីឈ្មោះ ពៅ សុីណាត ជាអ្នកគ្រូពេទ្យជំនាញខាងដេរប្រដាប់ភេទ នារសៀលថ្ងៃទី០៤ មករា ត្រូវបានតំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការហើយ និងបានកំពុងរៀបចាត់បញ្ជូនទៅចៅក្រមសើុបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ សំណុំរឿងនេះ គឺបានស្ថិតនៅដៃលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរ ។

សេចក្តីរាយការណ៍បន្តថា តំណាងអយ្យការបានសម្រេចចោទប្រកាន់អ្នកស្រី ហូវ ដាណេ និងស្ត្រីឈ្មោះ ពៅ សុីណាត គឺមានចំនួន៣បទល្មើសដែលសុទ្ធសឹងតែជាបទល្មើសព្រហ្មទណ្ឌ ។ បទល្មើសទី១-ពីបទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលតាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសទី២-ពីបទកំហែងយកតាមមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ និងបទល្មើសទី៣-ពីបទការគំរាមកំហែងហែកកេរ្តិ៍តាមមាត្រា២៧២ និងមាត្រា២៧៣នៃក្រមព្រហ្មទណ្ឌ ។

គួររំលឹកថា កាលពីវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី០៤ មករា ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្តលើផ្ទៃប្រទេស បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលើបណ្តឹងថា «បានគំរាមបង្ហោះរូបភាពដេរប្រដាប់ភេទអតិថិជននៅលើបណ្តាញសង្គមហ្វេសប៊ុក ជាថ្នូរការទាមទារប្រាក់រាប់មឺុនដុល្លារអាមេរិក ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ