ឆ្នាំ​នេះ​កម្ពុជា​គ្រោង​បញ្ជូន​អត្ត​ព​លិ​ក​ពី​100​ដល់​200​នាក់​ទៅ​ហ្វឹកហាត់ក្រៅប្រទេស


រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ក្នុងឆ្នាំនេះកម្ពុជា​គ្រោងបញ្ជូន​អត្ត​ព​លិ​ក​វ័យក្មេង​មាន​ទេព​កោសល្យចាប់ពី​១០០​ដល់​២០០​នាក់​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ក្រៅប្រទេស ក្នុង​គោលដៅ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អា​សុី​អាគ្នេយ៍​មួយ​នេះ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ថ្លែង​ថា​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ គឺ​យើង​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ឲ្យ​ហើយ​ដើម្បី​ជំរុញ​កម្រិត​បច្ចេកទេស​ឲ្យ​ដល់​កម្រិត​កំពូល ។ ចង់​និយាយ​ថា យើង​រៀបចំ​ការ​ហ្វឹកហាត់ ការ​បណ្តុះបណ្តាល និង​រៀបចំ​អត្ត​ព​លិ​ករ​ហូត​ដល់​ឆ្នាំ​២០២៣ ដើម្បី​យើង​ឈាន​ដល់​កម្រិត​កំពូល​។

ឆ្នាំ​២០១៩​នេះ ជា​ឆ្នាំ​ពិសេស ដែល​យើង​រៀបចំ​ដំណាក់កាល​ទី​១ ក្នុង​ការ​ពង្រឹងសមត្ថភាព​បច្ចេក ទេស និង​គុណ​ផល​បច្ចេកទេស ដោយ​យើង​នឹង​ត្រូវធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ជួយ​ក្រសួង​អប់រំ​លើ​ផ្នែក​បច្ចេកទេស ក្នុង​ការ​ផ្តល់​ទៅ​ឲ្យ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន និង​ជំរុញ​ក្នុង​ការ​ចេញ​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ក្រៅប្រទេស ដែល​យើង​ត្រៀម
លក្ខណៈ​ពី​១០០​ទៅ​២០០​នាក់​ ។

លោក វ៉ា​ត់ ចំរើន បាន​បន្ថែម​ថា នៅ​ឆ្នាំ​២០១៩​នេះ គឺ​ធ្វើ​ម៉េច​រុញ​អត្ត​ព​លិ​ក​របស់​យើង ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ឲ្យ​បាន ហើយ​រឿង​នេះ​មិនមែន​ងាយស្រួល​ប៉ុន្មាន​ទេ ដោយ​យើង​ត្រូវ​មានការ​សម្របសម្រួល​ជាមួយនឹង​ផ្នែក​ហិរញ្ញវត្ថុ សម្របសម្រួល​ការងារ​បច្ចេកទេស​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ជ្រើសរើស​អត្ត​ព​លិ​ក​មាន​សមត្ថភាព​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ក្រៅប្រទេស ។ អ៊ីចឹង​គោលដៅ​នេះ​សំខាន់​ណាស់​សម្រាប់​អនុវត្ត​ផែនការមេ​ស៊ី​ហ្គេ​ម​របស់​យើង​នៅ​ឆ្នាំ​២០២៣​។

ពាក់ព័ន្ធ​នឹង​ផែនការមេ​ឆ្ពោះទៅ​សុី​ហ្គេ​ម​ឆ្នាំ​២០២៣​នេះ​ដែរ លោក វ៉ា​ត់ ចំរើន បាន​ធ្វើការ​វាយតម្លៃ​ជា​រួម​ថា ការ​កែទម្រង់ និង​ជំរុញ​ការ​ដឹកនាំ​អភិវឌ្ឍ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​សហព័ន្ធ​កីឡា​ជាតិ ជា​ទូទៅ ដើម្បី​ត្រៀម​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ គឺ​នៅ​មាន​ភាពយឺត​យ៉ា​ដែល​មិន​ទាន់​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ចូលរួម​ជា​ធ្លុង​មួយ និង​ការ​លះបង់​ដ៏​ពិតប្រាកដ​នៅឡើយ​ទេ ។

លោក​ថា​ ការ​កែទម្រង់ និង​ជំរុញ​ការ​ដឹកនាំ​អភិវឌ្ឍ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​សហព័ន្ធ​កីឡា​ជាតិ នៅ​ឆ្នាំ​២០១៨ យើង​ឃើញ​ថា មាន​សកម្មភាព​ច្រើន ទាំង​លើ​ការ​ហ្វឹកហាត់ ប្រកួត និង​ការ​បណ្តុះបណ្តាល ដោយសារ​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​ធំ ទទួល​បានការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​មានការ​តម្រង់​ទិស​ចំពោះ​សហព័ន្ធ​មួយ​ចំនួន​ដែល​នៅ​មាន​បញ្ហា​ផង​ដែរ ប៉ុន្តែ​ភាព​ជោគជ័យ​ទាំងនេះ នៅ​មាន​ភាព​យឺតយ៉ាវ និង​នៅ​មាន​ចំណុចខ្សោយ ​។

ត្រង់​ចំណុច​នេះ​លោក​បញ្ជាក់​ថា ភាពយឺត​យ៉ាវ និង​ចំណុចខ្សោយ​នេះ ដោយសារ​សហព័ន្ធ​កីឡា​ជាតិ ជា​ទូទៅ មិន​ទាន់​បាន​សស្រាក់សស្រាំ​ទេ មិន​ទាន់​ដាក់ខ្លួន​ចូល​មក​កែទម្រង់​ពិតប្រាកដ​ទេ ។

ចំណែក​ការ​លះបង់ គឺ​ស្ថិត​នៅ​ក្នុង​របត់​មួយ​នៃ​ការ​ប៉ះ​ផលប្រយោជន៍​គេ​ច្រើន អ៊ីចឹង​ការ​សម្រេច​នៅ​លើ​ការ​កែទម្រង់ និង​ការ​ចូលរួម​នេះ យើង​នៅ​មាន​កម្រិត​នៅឡើយ អ៊ីចឹង NOCC នឹង​ដាក់​ទិស​ដៅ​នេះ​ទៅ​ឆ្នាំ​២០១៩​ទៀត ។

ជុំវិញ​ការ​ចូលរួម​កែទម្រង់​មិន​ទាន់​ពិតប្រាកដ​របស់​សហព័ន្ធ​កីឡា​ជាតិ​នេះ លោក វ៉ា​ត់ ចំរើន បាន​ពន្យល់​ថា ការ​ចូលរួម​ពិតប្រាកដ ចង់​និយាយ​ថា គឺ​យើង​ចង់​ឲ្យ​សហព័ន្ធ​និយាយ និង​បកអាក្រាត​លើ​ការងារ​បច្ចេកទេស និង​ការងារ​ផ្ទៃក្នុងថា ​វា​មាន​ចំណុចខ្សោយ​អ្វីខ្លះ​ធ្វើ​ឲ្យ​សហព័ន្ធ​មិន​ដើរទៅ​មុខ ហើយ​ការ​ចូលរួម​ហ្នឹង​ត្រូវ​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​លះបង់ និង​ការ​កែប្រែ​នូវ​ការ​ប៉ះពាល់​របស់​គេ​ផ្សេង​ៗ ។ អ៊ីចឹង​នៅ​ក្នុង​ចំណុច​ទាំងនេះ នៅ​មាន​ភាព​លូតលាស់​សន្សឹម​ៗ​ទេមិន​មានភាព​​លូតលាស់​ដោយ​ល្អ​ទេ គឺ​យើង​ចង់បាន​១០០​ភាគរយ តែ​បាន​ត្រឹម​២០​ទៅ​៣០​ភាគរយ​ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ