រាជធានីភ្នំពេញ ៖ ជនជាតិចិនប្រុសស្រីចំនួន៤នាក់ ក្នុងនោះបុរសម្នាក់ជាអ្នកបើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW បើកក្នុងល្បឿនយ៉ាងលឿនចេញមកពីក្នុងបុរីមួយកន្លែងមិនប្រយ័ត្នក៏ជ្រុលទៅបុកចំក្បាលរថយន្តក្រុងមានដឹកអ្នកដំណើរ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចបុរីសុភមង្គល ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុងមួយគ្រឿងមានដឹកអ្នកដំណើរម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣D-៦៤០៥ បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីជើងទៅត្បូង ហើយរថយន្តក្រុងនេះធ្វើដំណើរមកពីខេត្តសៀមរាប លុះពេលមកដល់ចំណុចកើតហេតុខាងលើនេះ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងជិះគ្នា៤នាក់ជាជនជាតិចិន ក្នុងនោះមានស្ត្រី៣នាក់ជាអ្នករួមដំណើរ ចំណែកបុរសម្នាក់ជាអ្នកបើកបររថយន្តម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AI-១៥៥៥ ហើយរថយន្តBWMនេះបើកចេញមកពីក្នុងបុរីសុភមង្គលក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្នក៏ស្រាប់តែជ្រុលចង្កូតទៅបុកចំក្បាលរថយន្តក្រុងពេញទំហឹង ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីរថយន្ត BWM បានបុករថយន្តក្រុងពេញទំហឹងរួចមក បណ្តាលអោយរថយន្តក្រុងបំរុងនឹងបុកបង្គោលភ្លើង សំណាងល្អគេចផុត គ្រាន់តែរងការខូចខាតខ្ទេចអស់មួយចំហៀងខាងឆ្វេង និងបែកកញ្ចក់មុខ រីឯរថយន្តBWMវិញបានរងការខូចខាតខ្ទេចទ្វារខាងស្តាំ និងបែកកញ្ចក់ខាងមុខផ្នែកខាងស្តាំ សំណាងល្អភាគីអ្នកជិះក្នុងរថយន្តទាំងសងខាងមិនមានរងរបួស គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ ភ្លាមៗនោះអ្នកធ្វើដំណើរក្នុងរថយន្តក្រុងបានចុះចេញមកពីរថយន្តក្រុងនោះ រួចឡើងជិះរថយន្តសាងចេញទៅអស់ ។

ក្រោយពេលកើតហេតុ ភាគីរថយន្តទាំងសងខាងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕

ចែករំលែកព័តមាននេះ