រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ខណៈពេលគាត់កំពុងតែបើករថយន្ត ស្រាប់តែដេកលក់មិនដឹងខ្លួននៅលើចង្កូតរថយន្តនៅតែបន្តដំណើរទៅមុខរហូតទៅបុកនឹងម៉ូតូមួយគ្រឿងកិនជាប់ក្រោមរថយន្ត រងការខូចខាត និងបន្តទៅបុកនឹងកន្លែងលក់ងាវស្រុះមួយកន្លែងទៀត បណ្តាលអោយខូចខាតខ្ទេចខ្ទីគ្មានសល់

បណ្តាលអោយអ្នកនៅកន្លែងកើតហេតុនោះភ័យស្លន់ស្លោរត់ជាន់ជើងគ្នា ដែលហេតុការណ៍នេះដែលបានកើតឡើងកាលពីវេលា៩នឹង៣០នាទីយប់ ថ្ងៃទី២ ខែមករានេះ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ម្តុំនឹងច្រមុះជ្រូកក្បាលថ្នល់ ភូមិតាងួនសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

រថយន្តបង្កម៉ាក អូឌី ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH- 8186 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគជាំមិនស្គាល់អត្តសញ្ញាណ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនកើតហេតុ គឺគាត់បានឃើញរថយន្តបង្កខាងលើ បើកតាមបណ្ដោយផ្លូវ២៧១ ក្នុងល្បឿនលឿន ពេលមើលតាមកញ្ចក់រថយន្តទៅឃើញបុរសនោះគេងលក់នៅក្នុងរថយន្តទៅហើយ ពួកគាត់បានព្យាយាមជិះម៉ូតូដេញតាម នឹងគោះទ្វាររថយន្តអោយភ្ញាក់ តែបុរសរូបនោះនៅតែមិនដឹងខ្លួននៅតែបន្តដំណើរទៅមុខរហូតសំដៅទៅកន្លែងលក់ងាវស្រុះតាមផ្លូវ ភ្លាមៗខាងក្រុមម៉ូតូឌុបបានជិះជែងទៅមុនរថយន្តប្រាប់អោយអ្នកលក់ងាវ និងប្រជាពលរដ្ឋដែលនៅទីនោះគេចចេញភ្លាម ព្រោះតៃកុងឡានដេកលក់ហើយ លឺដូច្នោះពួកគាត់បាននាំគ្នាគេចចេញទាំងភ័យស្លន់គ្រប់គ្នា ហើយព្យាយាមឃាត់រថយន្តដែរតែមិនអាចឃាត់ជាប់ក៏ត្រូវរថយន្តបង្កនោះបើកទៅបុកម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងដែលចតនៅមុខកន្លែងលក់ងាវនោះ កិនជាប់ក្រោមរថយន្តជ្រុលទៅបុកតុលក់ងាវ បណ្តាលអោយបាក់ខ្ទេចខ្ទីធ្លាក់ងាវរាយប៉ាយពេញផ្លូវ ទៅមុខលែងរួចទើបអ្នកបើកបរដឹងខ្លួនមកទាំងងឿងឆ្ងល់ តែសំណាងល្អក្នុងហេតុការណ៍នេះមិនបានបង្កអោយនរណាម្នាក់រងរបួសឡើយ ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះបានទូរស័ព្ទហៅបុរសម្នាក់ទៀតជាមិត្តភក្តិអោយមក ជួយដោះស្រាយជំនួសខ្លួន បន្ទាប់ពីមានការសម្របសម្រួលនឹងចចារយ៉ាងតឹងសរសៃកដាក់គ្នាមួយសន្ទុះធំរួចមក ទើបភាគីខាងរថយន្តព្រមសងការខូចខាតទៅខាងជនរងគ្រោះតាមទំហំនៃការខូចខាត ដោយសងទៅខាងម៉ូតូចំនួន៨០០ដុល្លារ នឹងសងទៅខាងអ្នកលក់ងាវចំនួន៤០០ដុល្លារបញ្ចប់រឿង ៕


ចែករំលែកព័តមាននេះ