ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុយ សែម សមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនវីរកងទ័ពសមរភូមិជួរមុខឈរជើងនៅថ្មដា ស្រុកវាលវែង ព្រំដែនកម្ពុជា-ថៃ ដែលមានរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានសម្តែងក្តីសោកស្តាយចំពោះបងប្អូនវីរកងទ័ពដែលបានរងរបួស ហើយសូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនវីរកងទ័ព ដែលមានលះបង់ពលី ដើម្បីជាតិមាតុភូមិ និងប្រជាជន និងសូមជូនពរឲ្យបងប្អូនវីរកងទ័ពឆាប់បានជាសះស្បើយឡើងវិញ។ ជាមួយគ្នានោះ ឯកឧត្តម ស៊ុយ សែម បានប្រគល់ជូនថវិកាមួយចំនួនលើទឹកចិត្តដល់បងប្អូនវីរកងទ័ព ដែលកំពុងសម្រាកព្យាលផងដែរ ។
បើតាមតំណាងមន្ទីរពេទ្យ បានបញ្ជាក់ឲ្យដឹងថា ត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ មានបងប្អូនវីរកងទ័ពមកពីថ្មដា ស្រុកវាលវែង ចំនួន១១នាក់ កំពុងសម្រាកព្យាលបាល និងចំនួន៥រូប បញ្ជូនបន្តទៅមន្ទីរពេទ្យផ្សេង ។
បើតាមការសាកសួរ បងប្អូនវីរកងទ័ព ទោះជាពេលនេះពួកគាត់កំពុងសម្រាកព្យាលបាលរបួសក៏ពិតមែន តែបេះដូងរបស់ពួកគាត់គឺនៅសមរភូមិជួរមុខជានិច្ច ឲ្យតែបានជាសះស្បើយពេលណាពួកគាត់ប្តេជ្ញា នឹងត្រឡប់ទៅចូលរួមការពារទឹកដីជូនជាតិវិញភ្លាមៗ ៕

ចែករំលែកព័តមាននេះ