រាជធានីភ្នំពេញ ៖ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ (ចាប់ពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៩:០០នាទី)
-ម៉ោង ១៥:១៩នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលមកភូមិសាស្ត្រភូមិព្រៃចាន់។
-ម៉ោង ១៥:៥១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានព្យាយាមធ្វើសកម្មភាពឈ្លានពានរុលចូលរំលោភបំពានមកភូមិសាស្ត្រភូមិជោគជ័យ។
-ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាង ក្រោយភូមិសាស្ត្រភូមិព្រៃចាន់។
-ម៉ោង ១៧:៥៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាង ក្រោយភូមិសាស្ត្រភូមិជោគជ័យ។
-ម៉ោង ១៧:៥៤នាទី យោធាថៃនៅតែបន្តការប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមក ភូមិសាស្ត្រភូមិព្រៃចាន់។
ក្រសួងការពារជាតិ ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅ ការប្រើប្រាស់យន្តហោះចម្បាំង ហោះចូលក្នុងទឹកដីកម្ពុជា ដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតលើ អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លោង និងទំលាក់គ្រាប់បែក ដោយមិនរើសអើង និងមិនសមមាត្រ ហើយបានធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា និងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណជាទីសក្ការៈ ដែលជាមរតកមនុស្សជាតិ ដូចជា ៖ សាលារៀន មន្ទីពេទ្យ វត្តអារ៉ាម ផ្ទះសម្បែង ផ្សារ ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងទីតាំងសាធារណៈជាច្រើនរាប់មិនអស់ ។
សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ គិតរហូត ដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១១នាក់ (ក្នុ្ងងនោះមានទារក ១នាក់ ផងដែរ) និងរងរបួសជនស្លូតត្រង់ចំនួន ៥៩នាក់ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានខេត្ត ។
យោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់ និងសុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃអាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដូចដែលបានរៀបរាប់ខាងលើ។ ទន្ទឹមនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តី ថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានប្តូរវេន ៕
ចែករំលែកព័តមាននេះ