រាជធានីភ្នំពេញ ៖ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលដើរកម្សាន្ដនៅតាមតំបន់ឆ្នេរ សម្រាប់រាត្រីឆ្លងឆ្នាំសាកលឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩ ក្នុងខេត្តចំនួន៣ គឺខេត្តកែប កំពត និងក្រុងព្រះសីហនុ មានប្រមាណជិតកន្លះលាននាក់ ។ នេះបើយោងតាមប្រធានមន្ទីរទេសចរណ៍ខេត្ត ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានមានប្រសាសន៍តាមទូរស័ព្ទនារសៀលថ្ងៃទី១ មករា ម្សិលមិញថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាខេត្តកែបបានកើនឡើងប្រមាណ៤០% ដោយចំនួនភ្ញៀវបានកើនពី១១ម៉ឺននាក់ មកដល់១៥ម៉ឺននាក់នៅឆ្នាំនេះ ។ លោកបន្តថា បើគិតពីកំណើនប្រចាំឆ្នាំ ចំនួនភ្ញៀវទេសចរមកលេងកម្សាន្ដកើនឡើងប្រមាណ៥% ដោយឆ្នាំ២០១៧ ខេត្តទទួលបានភ្ញៀវទេសចរសរុប១,៦២លាននាក់ ប៉ុន្តែឆ្នាំ២០១៨ចំនួនភ្ញៀវបានកើនដល់សរុប១,៦៧លាននាក់ ។ លោកបញ្ជាក់ថា ៖« កំណើនភ្ញៀវទេសចរមកទស្សនាខេត្តកែប ដោយសារការផ្លាស់ប្តូរគោលដៅពីខេត្តព្រះសីហនុ និងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបានល្អប្រសើរ »។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ចំណែកលោក ស៊យ ស៊ីណុល បានឲ្យដឹងនៅថ្ងៃដដែលថា ចំនួនភ្ញៀវទេសចរទៅទស្សនាខេត្តកំពតជិត១០ម៉ឺននាក់ ដែលមានកំណើនជិត២៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ក្នុងចំណោមនោះ បើគិតពីចំនួនភ្ញៀវអន្តរជាតិវិញកើន៣៧% ។ លោកបន្តថា ខេត្តកំពតបានស្វាគមន៍ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារខេត្តមានមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិជាង១០កន្លែង ជាមួយបន្ទប់ស្នាក់នៅជាង៣.០០០បន្ទប់ ។ លោកបន្តថា ៖« បញ្ហាតម្លៃបន្ទប់មិនចោទនោះទេ ព្រោះអ្នកផ្គត់ផ្គង់បានចូលរួមជាមួយយើងទាំងអស់គ្នា ដើម្បីនិរន្តរភាពទេសចរណ៍ខេត្ត »។
ចំណែក លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា បើគិតពីភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចេញដើរកម្សាន្ដក្នុងខេត្ត ដើម្បីប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសាកល ខេត្តទទួលបានភ្ញៀវចំនួនជាង២២ម៉ឺននាក់ កើនឡើង១២% ប៉ុន្តែបើគិតតែភ្ញៀវទេសចរក្នុងស្រុក គឺថយចុះ១៨% ធៀបរយៈពេលដូចចគ្នាកាលពីឆ្នាំមុន។ រីឯ ភ្ញៀវទេសចរអន្តរជាតិកើន១២% ដោយសារខេត្តបានរៀបចំសកម្មភាពកម្សាន្ដច្រើន ទាំងការបោះតង់ ការតាំងពិព័រណ៍ និងការប្រគំតន្ត្រីជាដើម ។ លោកក៏បានឲ្យដឹងផងដែរថា ៖« ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាកម្សាន្ដនៅខេត្តក្នុងឆ្នាំ២០១៨ មានប្រមាណ២លាននាក់ »៕
ចែករំលែកព័តមាននេះ