ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ ផ្ទះសំណាក់​នៅ​កែប ​និង​កំពត​ពេញ​អស់ ប្រលោះ​តែ​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​អំឡុង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ចូល​មក​ដល់ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​នាំ​គ្នា​ទៅ​កម្សាន្ដ​នៅ​តំបន់ឆ្នេរ​យ៉ាងច្រើន ដែល​ធ្វើ​ឲ្យ​បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ ត្រូវ​បាន​កក់​ពេញ​អស់​នៅ​ខេត្តកំពត និង​កែប…

រាជធានី​ភ្នំពេញ ៖ ក្នុង​អំឡុង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ចូល​មក​ដល់ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​នាំ​គ្នា​ទៅ​កម្សាន្ដ​នៅ​តំបន់ឆ្នេរ​យ៉ាងច្រើន ដែល​ធ្វើ​ឲ្យ​បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ ត្រូវ​បាន​កក់​ពេញ​អស់​នៅ​ខេត្តកំពត និង​កែប ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​នៅ​ក្រុងព្រះសីហនុ មិន​ទាន់​ពេញ​នៅឡើយ​ទេ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ម្សិលមិញ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប លោក​សោម ចិន្តា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រហូត​មក​ទល់​ពេល​នេះ​ចំនួន​បន្ទប់​សណ្ឋាគារ រមណីយដ្ឋាន និង​ផ្ទះសំណាក់​ដែល​មាន​ជាង​១.៣០០​បន្ទប់​ក្នុង​ខេត្ត ត្រូវ​បាន​កក់​ពេញ​អស់ហើយ ខណៈ​ខេត្ត​កែប​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​កំពុង​តែ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

លោក​បាន​បន្ថែម​ថា ៖« ចំណែក​តម្លៃ​បន្ទប់​ស្នាក់​នៅ​ក៏​មានការ​ឡើងថ្លៃ​ដែរ ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​មួយ​អាច​ទទួលយក​បាន ព្រោះ​វា​ជា​ពេល​តម្រូវការ​កើនឡើង​ខ្ពស់ ធៀប​នឹង​ការ​ផ្គត់ផ្គង់​» ។​លោក​ថា ៖« បើ​ខ្ញុំ​ប្រាប់​ថា​តម្លៃ​បន្ទប់​មិន​ឡើងថ្លៃ ក៏​គេ​មិន​ជឿ​ដែរ »​។ ខេត្ត​កែប​បច្ចុប្បន្ន​មាន​រមណីយដ្ឋាន​ធម្មជាតិ និង​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ចំនួន​៣៥​កន្លែង ដែល​កំពុង​តែ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ដ ។
ចំណែក​ខេត្តកំពត​វិញ លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​បន្ទប់​ស្នាក់​នៅ​វិញ គឺ​នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ ត្រូវ​បាន​ភ្ញៀវ​ចូល​ស្នាក់​នៅ​ពេញ​ៗ​តាំងពី​មួយ​ខែ​មុន​ម្ល៉េះ តែ​សម្រាប់​សណ្ឋាគារ បឹង​ហ្កា​ឡូ​ក្នុង​ខេត្ត រួម​ទាំង​ផ្ទះសំណាក់​ត្រូវ​បាន​ភ្ញៀវ​កក់​ពេញ​តាំងពី​ថ្ងៃ​ទី​៣០ ធ្នូ កន្លង​មក ។

លោក​បញ្ជាក់​ថា ៖« បច្ចុប្បន្ន​ខេត្ត​មាន​បន្ទប់​ស្នាក់​នៅ​ជាង​៣.០០០​បន្ទប់ កើនឡើង​ប្រមាណ​២០០​បន្ទប់​ធៀប​នឹង​ឆ្នាំ​មុន »​។ លោក​បាន​បន្ថែម​ថា ៖« ជាមួយនឹង​ការ​អបអរ​ឆ្នាំ​ថ្មី​នេះ ខេត្ត​បាន​រៀបចំ​ពិព័រណ៍ ការ​ប្រគំ​តន្ត្រី និង​ការ​បាញ់​កាំជ្រួច​ជាដើម ដើម្បី​អបអរ​ឆ្នាំ​២០១៩ ហើយ​រមណីយដ្ឋាន​ពីរ​ទៀត​ក៏​មាន​រៀបចំ​កម្មវិធី​ពិសេស​គឺ​រមណីយដ្ឋាន​ភ្នំ​បូកគោ និង​រមណីយដ្ឋាន​ណា​តា​យ៉ា »​។

លោក​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ៖« ចំពោះ​តម្លៃ​បន្ទប់ និង​ចំណីអាហារ​មិន​បាន​កើនឡើង​ខ្ពស់​ដល់​ថ្នាក់​មិន​អាច​ទទួលយក​បាន​នោះ​ទេ ព្រោះ​យើង​បាន​ជួប​ជាមួយ​ម្ចាស់​អាជីវកម្ម ដើម្បី​សុំ​ចិត្ត​ពួក​គេ និង​ដើម្បី​រស់ និង​ជោគជ័យ​ប្រកបដោយ​និរន្តរភាព​ទាំងអស់​គ្នា »​។

ជា​ការ​កត់សម្គាល់ រៀង​រាល់​ឆ្នាំ នៅ​ពេល​មាន​ពិធីបុណ្យ​ធំ​ៗ ប្រជាជន​ខ្មែរ​ក៏​ដូច​ជា​ភ្ញៀវ​អន្តរជាតិ តែងតែ​បាញ់​ឆ្ពោះទៅ​លេង​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ ប៉ុន្ដែ​នៅ​ឆ្នាំ​នេះ​វិញ ហាក់​ធ្វើ​ឲ្យ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​ខកបំណង​បន្ដិច ព្រោះតែ​មួយ​រយៈ​កន្លង​មក ភាពល្អក់​កករ​មួយ​ចំនួន​ចេញពី​ខេត្ត​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លេង​មាន​អារម្មណ៍​ចង់ទៅ​កម្សាន្ដ ។ ទោះបីជា​យ៉ាងណា អ្នកជំនាញ​ក្នុង​វិស័យ​នេះ​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​កើនឡើង​វិញ ទោះជា​មិន​ទាន់​ដល់​កម្រិត​ចង់បាន​ក្តី ។

លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ដដែល​ថា កន្លង​មក​ខេត្ត​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ប៉ុន្តែ​បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​យ៉ាង​សកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ហើយ ដូច​ជា បញ្ហា​បរិស្ថាន​ត្រូវ​បាន​យកចិត្តទុកដាក់ ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ត្រូវ​បាន​ជួសជុល​ជិត​បញ្ចប់​ហើយ និង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​ដែល​ជា​បញ្ហា​តិចតួច ត្រូវ​បាន​ពង្រឹង​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ ។ លោក​បន្ត​ថា ៖« សូម​ប្រជាពលរដ្ឋ​យើង​កុំ​ជឿ​តាម​គ្នា ប៉ុន្តែ​ត្រូវ​មក​មើល​សិន​ដើម្បី​ដឹង​ការ​ពិត​ថា អ្វី​ៗ​មិន​ដូច​ពាក្យ​ចចាមអារ៉ាម និង​ការ​លើក​ឡើង​មួយ​ចំនួន​នោះ​ទេ »​។ លោក​លើក​ឡើង​ថា ៖« អ្នក​វិនិយោគ​ចិន​ធំ​ៗ គេ​មក​បោះទុន​វិនិយោគ​វា​ចំណេញ​ដល់​មុខមាត់​ដល់​ប្រទេស​យើង​ខ្លាំង​ណាស់​នៅ​ពេល​អនាគត ហើយ​អ្នក​បង្ក​បញ្ហា​មិនមែន​ពួក​គេ​ទេ គឺ​អ្នក​មក​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ តែ​បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ហើយ »​។

លោក តាំង សុចិត្រ​គ្រឹះ​ស្នា បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ការ​អបអរសាទរ សម្រាប់​ការ​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ​២០១៨ ឈាន​នៅ​ឆ្នាំ​២០១៩​នេះ ចំនួន​បន្ទប់​សណ្ឋាគារ​ពេញ​ជិត​អស់ហើយ តែ​បន្ទប់​ផ្ទះសំណាក់​នៅ​សល់​ចន្លោះ​ពី​៣០​ទៅ​៥០% ។ លោក​បន្ត​ថា ៖« យើង​រំពឹង​ភ្ញៀវ​ទេសចរ​កើនឡើង​វិញ ដោយសារ​ខេត្ត​បាន​រៀបចំ​ពិព័រណ៍ និង​ប្រគំ​តន្ត្រី លេងល្បែង​ប្រជាប្រិយ​មួយ​ចំនួន​នៅ​ឆ្នេរ​អូរ​ឈើទាល និង​មានការ​បោះ​តង់ ភ្នក់ភ្លើង និង​តន្ត្រី​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រាំ​លេង​កម្សាន្ដ​នៅ​ឆ្នេរ​អូរ​ត្រេះ​ផង​ដែរ ៕

លោកក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ដដែល​ថា កន្លង​មក​ខេត្ត​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ប៉ុន្តែ​បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​យ៉ាង​សកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ហើយ ដូច​ជា បញ្ហា​បរិស្ថាន​ត្រូវ​បាន​យកចិត្តទុកដាក់ ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ត្រូវ​បាន​ជួសជុល​ជិត​បញ្ចប់​ហើយ និង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​ដែល​ជា​បញ្ហា​តិចតួច ត្រូវ​បាន​ពង្រឹង​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ ។ លោក​បន្ត​ថា ៖« សូម​ប្រជាពលរដ្ឋ​យើង​កុំ​ជឿ​តាម​គ្នា ប៉ុន្តែ​ត្រូវ​មក​មើល​សិន​ដើម្បី​ដឹង​ការ​ពិត​ថា អ្វី​ៗ​មិន​ដូច​ពាក្យ​ចចាមអារ៉ាម និង​ការ​លើក​ឡើង​មួយ​ចំនួន​នោះ​ទេ »​។ លោក​លើក​ឡើង​ថា ៖« អ្នក​វិនិយោគ​ចិន​ធំ​ៗ គេ​មក​បោះទុន​វិនិយោគ​វា​ចំណេញ​ដល់​មុខមាត់​ដល់​ប្រទេស​យើង​ខ្លាំង​ណាស់​នៅ​ពេល​អនាគត ហើយ​អ្នក​បង្ក​បញ្ហា​មិនមែន​ពួក​គេ​ទេ គឺ​អ្នក​មក​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ តែ​បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ហើយ »​។

លោក តាំង សុចិត្រ​គ្រឹះ​ស្នា បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ការ​អបអរសាទរ សម្រាប់​ការ​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ​២០១៨ ឈាន​នៅ​ឆ្នាំ​២០១៩​នេះ ចំនួន​បន្ទប់​សណ្ឋាគារ​ពេញ​ជិត​អស់ហើយ តែ​បន្ទប់​ផ្ទះសំណាក់​នៅ​សល់​ចន្លោះ​ពី​៣០​ទៅ​៥០% ។ លោក​បន្ត​ថា ៖« យើង​រំពឹង​ភ្ញៀវ​ទេសចរ​កើនឡើង​វិញ ដោយសារ​ខេត្ត​បាន​រៀបចំ​ពិព័រណ៍ និង​ប្រគំ​តន្ត្រី លេងល្បែង​ប្រជាប្រិយ​មួយ​ចំនួន​នៅ​ឆ្នេរ​អូរ​ឈើទាល និង​មានការ​បោះ​តង់ ភ្នក់ភ្លើង និង​តន្ត្រី​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រាំ​លេង​កម្សាន្ដ​នៅ​ឆ្នេរ​អូរ​ត្រេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ