ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះកររាប់ម៉ឺននាក់បានសម្រុកមកកម្សាន្តនៅខេត្តព្រះសីហនុនាថ្ងៃទី០៣ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យឆ្លងឆ្នាំសកល២០១៨ ឈានចូលឆ្នាំ២០១៩នេះដែលសបញ្ជាក់អោយឃើញថា ខេត្តព្រះសីហនុបានចាប់ផ្តើមបើកទំព័រសករាជថ្មី ក្នុងការទទួលភ្ញៀវទេសចរណ៍ បន្ទាប់ពីខេត្តមួយនេះជួបបញ្ហាប្រឈមមួយចំនួនកន្លងមកនេះ ។
លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុបានថ្លែងបញ្ជាក់នៅយប់ ថ្ងៃទី៣១នេះថា សម្រាប់រយៈពេល០៣ថ្ងៃមកនេះគេសង្កេតឃើញថា បើទោះបីជាថ្ងៃទី២៩ និងថ្ងៃទី៣០ ពុំសូវមានភ្ញៀវទេសចរណ៍យ៉ាងណាក្តី ប៉ុន្តែនៅថ្ងៃទី៣១នេះភ្ញៀវទេសចរណ៍ជាច្រើនរាប់ម៉ឺននាក់បានសម្រុកមកកម្សាន្តនៅតាមរមនីយដ្ឋាននានាយ៉ាងច្រើនកុះករ ជាពិសេសនៅតាមតំបន់ឆ្នេរ និងកោះនានា ជាក់ស្តែងនៅចំនុចឆ្នេរអូឈើទាលឆ្នេរអារីស្តុន ឆ្នេរឯករាជ្យ ឆ្នេរអូត្រេះ រហូតដល់ឆ្នេរព្រែកត្រែង ជាពិសេសនៅយប់ថ្ងៃទី៣១នេះតែម្តង ភ្ញៀវទេសចរណ៍បានមកប្រមូលផ្តុំគ្នានៅតាមតំបន់ឆ្នេរខាងយ៉ាងច្រើន មិននឹកស្មានដល់ស្ទើរតែរកកន្លែងអង្គុយពុំឃើញ ។
លោកបន្តថា សម្រាប់ភ្ញៀវទេសចរណ៍ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យឆ្លងឆ្នាំ២០១៨-២០១៩នេះ បើយោងតាមស្ថិតិបឋមមានចំនួនប្រហាក់ប្រហែល ឆ្នាំ២០១៧ គឺក្នុងចន្លោះ២២ម៉ឺន ទៅ២៣ម៉ឺននាក់កើនឡើងចន្លោះ ២% បើទោះបីជាភ្ញៀវជាតិថយចុះចន្លោះ១៧% ប៉ុន្តែភ្ញៀវអន្តរជាតិកើនឡើងចន្លោះ១៦% ។
តាមរយៈទូរលេខបឋមនេះផងដែរ យើងអាចចាត់ទុកថា មានភាពល្អប្រសើរច្រើន បើប្រៀបធៀបទៅនឹងពិធីបុណ្យនានាមួយរយៈចុងក្រោយនេះព្រោះបច្ចុប្បន្នទាំងបញ្ហាសន្តិសុខ អនាម័យ បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បញ្ហាផ្ទះសំណាក់ សណ្ឋាគារ និងតម្លៃម្ហូបអាហារ ត្រូវបានរៀបចំមានលក្ខណៈល្អប្រសើរជាបណ្តើរៗហើយពុំមានបញ្ហាដូចកាលពីរដូវវស្សានោះទេ ហើយទាំងរដ្ឋបាលខេត្តក៏ដូចជា ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្តកំពុងបន្តការខិតខំកែលម្អរបន្ថែមទៀតនូវចំណុចអវិជ្ជមានក៏ដូចជា បញ្ហាប្រឈមកន្លងមក ។ ដូចនេះសម្រាប់ពិធីបុណ្យនានា ជាពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម នាពេលខាងមុខនេះ បញ្ហាប្រឈមកន្លងមកនឹងអាចដោះស្រាយបានយ៉ាងជោគជ័យ ហើយខេត្តព្រះសីហនុនឹងបង្ហាញស្នាមញញឹម ភាពស្រស់បំព្រងពោពេញទៅដោយសម្រស់ធម្មជាតិលាយលំទៅដោយភាពស៊ីវិល័យរំលេចដោយអាគារខ្ពស់ៗ សាកសម្យជាតារារះនាទិសនារតី ។
ដោយឡែកបញ្ហាសន្តិសុខសុវត្ថិភាពរយៈពេល០៣ថ្ងៃ ២៩-៣១នេះពុំមានបញ្ហាអ្វីនោះទេ គឺសមត្ថកិច្ចចម្រុះដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ធ ស្នងការនគរបាលខេត្ត និងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកវរសេនីយ៍ឯក ឌឹម សំបូរ ប្រធានអង្គភាព បង្ការ និងបង្ក្រាបបទល្មើសលើផ្ទៃសមុទ្របានរៀបចំផែនការណ៍គ្រប់គ្រងបានយ៉ាងល្អប្រសើរទាំងនៅលើគោក និង នៅលើទឹក ៕
ចែករំលែកព័តមាននេះ