ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ព្រេង​ទាក់​ទង​នឹង​ពិ​ធី​បញ្ចូល​ម្លប់​កូន​ស្រី​

12 ឆ្នាំ មុន

មាន​រឿងតំ​ណាល​ថា​ កាល​នោះ​មាន​ម​ហា​ចោរ​ម្នាក់​ពុំ​មាន​ភរិយា​បាន​សង​់​ផ្ទះ​មួយ​ខ្នង​យ៉ាង​ល្អ​បណ្ដាច់នៅ​ក្នុង​ព្រៃ​ស្ម​សាន​ ដើម្បី​នឹង​ទុក​ដាក់​ទ្រព្យ​របស់​មាន​មាស​ ប្រាក់​ សំ​ពត់​ អាវ​ សាវ​ស្បៃ​ជា​ដើម​​ ដែល​ខ្លួន​ទៅ​លួច​ប្លន់​គេ​បាន​អំ​ពី​ទី​ផ្សេង​ៗ​​​មក​ ។​ មហា​ចោរ​នោះ​លុះ​កាល​ជា​ចំ​ណេរ​ក្រោយ​មក​ ក៏​រំ​ពឹង​គិត​ថា​ «​អា​ត្មា​អញ​ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ដល់​ម្លុឹង​ហើយ​ តែ​ទាស់​ត្រង់​គ្មាន​អ្នក​ណា​ថែ​

មាន​រឿងតំ​ណាល​ថា​ កាល​នោះ​មាន​ម​ហា​ចោរ​ម្នាក់​ពុំ​មាន​ភរិយា​បាន​សង​់​ផ្ទះ​មួយ​ខ្នង​យ៉ាង​ល្អ​បណ្ដាច់នៅ​ក្នុង​ព្រៃ​ស្ម​សាន​ ដើម្បី​នឹង​ទុក​ដាក់​ទ្រព្យ​របស់​មាន​មាស​ ប្រាក់​ សំ​ពត់​ អាវ​ សាវ​ស្បៃ​ជា​ដើម​​ ដែល​ខ្លួន​ទៅ​លួច​ប្លន់​គេ​បាន​អំ​ពី​ទី​ផ្សេង​ៗ​​​មក​ ។​ មហា​ចោរ​នោះ​លុះ​កាល​ជា​ចំ​ណេរ​ក្រោយ​មក​ ក៏​រំ​ពឹង​គិត​ថា​ «​អា​ត្មា​អញ​ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ដល់​ម្លុឹង​ហើយ​ តែ​ទាស់​ត្រង់​គ្មាន​អ្នក​ណា​ថែ​រក្សា​ ។ គិត​សព្វ​គ្រប់​ទៅ​ការ​ខំ​ប្រឹង​ប្រែង​របស់​អញ​នេះ​ដូច​ជា​គ្មាន​បាន​ការ​អ្វី​សោះ​ព្រោះ​ថា​​បើ​កាល​ណា​អា​ត្មា​អញ​ស្លាប់​ទៅ​​ ទ្រព្យ​អស់​ទាំង​នេះ​នឹង​ទៅជា​របស់​អ​សារ​ឥត​ការ​គួរ​ឱ្យ​ស្ដាយ​ បើ​មាន​កូន​ប្រ​ពន្ធ​គ្រាន់​នឹង​ស៊ីមត៌កនោះ​ទៅ​រ៉ា​ អា​ត្មា​អញ​នឹង​មិន​សូវ​ជា​ស្ដាយ​ពេក​»​។

គិត​ហើយ​ម​ហា​ចោរ​​ក៏​ដើរ​ទៅ​ក្រ​វែល​ភូមិ​អ្នក​ស្រុក​រំ​ពៃ​គយ​​គន់​មើល​ហ្វូង​ក្មេង​ស្រី​-​ប្រុស​​ ដែល​នាំ​គ្នា​លេង​ខ្ញៀវ​ខ្ញារ​នៅ​ក្រោម​ម្លប់​ឈើ​ ។ លុះ​គយ​គន់​ទៅ​ឃើញ​នាង​តូច​មួយ​នោះ​មាន​រូប​ឆោម​ស្អាត​សម​រម្យ​ មាន​សាច់​ឈាម​ថ្លា​ ថ្លៃ​ថ្នូរ​ គួរ​ឱ្យ​ស្រ​ឡាញ់​ ក៏​និ​យាយ​លួង​លោម​កូន​នោះ​ឱ្យ​បែក​ចេញ​ពី​ហ្វូង​ ហើយ​ក៏​បញ្ឆោត​នាំ​យក​ទៅ​ដល់​ផ្ទះ​ផង​ខ្លួន​ ។​ ដោយ​ខ្លាច​កូន​ក្មេង​នោះ​លួច​រត់​ទៅ​រក​ម៉ែ​ឪ​វិញ​ ព្រម​ទាំងការ​ពារ​កុំ​ឱ្យ​ម្ដាយ​ឪ​ពុក​​តាម​ទៅ​រក​ឃើញ​ មហា​ចោរ​ក៏​យក​ក្មេង​នោះ​ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ចាក់​សោ​​យ៉ាង​ខ្ជាប់​ខ្ជួន​ ។​ រាល់​ពេល​បាយ​ ឬ​ពេល​បាន​ចំ​ណី​អា​ហារ​ឆ្ងាញ់​ៗ​មក​ មហា​ចោរ​តែង​ហុច​តាម​បង្អួច​មួយ​តូច​ទៅ​ឱ្យ​នាង​បរិ​ភោគ​ ។​

ក្មេង​ស្រី​នោះ​ នៅ​ក្នុង​បន្ទប់​ក៏​ចេះ​តែ​​កើន​​សាច់​ឈាមរាល់​ថ្ងៃ​ជា​លំ​ដាប់​ ។​ លុះ​នាង​ពេញ​វ័យ​ក្រ​មុំ​ ការ​ដែល​នាង​មិន​មាន​ត្រូវ​ពន្លឺ​ព្រះ​អា​ទិត្យ​ និង​មិន​បាន​ជាន់​ដី​បណ្ដាល​ឱ្យ​នាង​មាន​ជំ​ងឺ​ស្គម​ស្គាំង​ស្លាំង​ស្លេក​ ។​ មហា​ចោរភ័យ​ណាស់​មិន​ដឹង​ជា​កូន​មាន​ការណ៍​អ្វី​ ក៏​ត្រាច់​ទៅ​ក្នុង​ភូមិ​មួយ​ឆ្ងាយ​ ទើប​បាន​ជួប​នឹង​ដូន​ចាស់​ម្នាក់​ធ្លាប់​ធ្វើ​ឆ្មប​ ក៏​និ​យាយ​អង្វរ​សុំ​អញ្ជើញ​ដូន​ឱ្យ​ទៅជួយ​មើល​កូន​ខ្លួន​ ។​

យាយ​ម៉ប​នោះ​​ទៅ​​ដល់​ ចូល​ទៅ​សួរ​សុខ​ទុក្ខ​នាង​ ហើយ​យល់​ការណ៍​ ក៏​ប្រាប់​នាង​ថា​ «​ចៅ​យាយ​អើយ​!​ ចូរ​ចៅ​កុំ​ព្រួយ​អ្វី​!​ ចៅ​ឈឺ​នេះ​ គ្មាន​អ្វី​ក្រៅ​អំ​ពី​ជំ​ងឺ​គ្រប់​ការ​ទេ​ គឺ​ពេល​ដែល​នាង​ផ្លាស់​វ័យ​នេះ​ឯង​ហើយ​ ដែល​ធ្វើ​ឱ្យ​នាង​ចេះ​តែ​រសាប់​រសល់​ ចុក​ខ្នង​ ចុក​ចង្កេះ​ ល្ហិត​ល្ហៃ​​ ទន់​ដៃ​ទន់​ជើង​កុំ​ព្រួយ​អ្វី​ណ៎​ា​ចៅ​ណា​!​ ចាំ​យាយ​ផ្សំ​ថ្នាំ​សង្កូវ​ឱ្យ​នាង​​ហូប​ឱ្យ​បាន​ធូរ​ស្រាល​ឆាប់​រហ័ស​»​ ។​ ថា​ហើយ​ យាយ​ម៉ប​ក៏​ទៅ​រក​ស្ទោះ​សំ​បក​ឈើ​មក​ផ្សំ​ថ្នាំ​ ដាំ​ឱ្យ​នាង​នោះ​អា​ស្រ័យ​​ ហើយ​ផ្ដាំថា​ «ចៅ​អើយ​!​​ចៅ​យក​ថ្នាំ​នេះ​ទៅ​ហាល​ថ្ងៃ​ឱ្យ​ស្ងួត​ ហើយ​រក​ថូ​ ឬ​ឆ្នាំង​អ្វី​ដាក់​ទុក​ទៅ​ ពេល​នាង​ដឹង​ថា​ ជិត​ដល់​រដូវ​កាល​ហើយ​ចូរ​នាង​យក​មួយ​កញ្ចប់​មក​ដាំ​ផឹក​៤​​ទៅ​​​៥​ថ្ងៃ​ទៅ​ នោះ​នាង​នឹង​បាន​ធូរ​ស្រាល​ក្នុង​ខ្លួន​ដូច​បំ​ណង​ ហើយ​សាច់​ឈាម​ពណ៌​សម្បុរ​របស់​នាង​ ក៏​រឹត​តែ​ល្អ​ឡើង​ដែរ​ »​ ។​

លុះ​កូន​ស្រី​មហា​ចោរ​ផឹក​ថ្នាំ​ បាន​ធូរ​ស្រាល​ស្បើយ​រោគ​ហើយ​ យាយ​ម៉ប​ក៏​ចូល​ទៅ​សំ​ពះ​សុំ​លា​មហា​ចោរ​ត្រ​ឡប់​ទៅ​មើល​ផ្ទះ​សម្បែង​វិញ​ ។ មហា​ចោរ​បាន​យក​មាស​ប្រាក់​ជូន​ជា​ទ្រ​នឹប​រង្វាន់​យាយ​ម៉ប​​ ហើយ​ជូន​ត្រ​ឡប់​ដល់​ផ្ទះ​វិញ​ ។​ ពេល​រៀប​ចេញ​ដំ​ណើរ​ពី​ផ្ទះ​ម​ហា​ចោរ​ទៅ​ យាយ​ម៉ប​នឹក​ក្នុង​ចិត្ត​ថា​ «​កន្លែង​ម​ហា​ចោរ​នេះ​ ឆ្ងាយ​ដាច់​ស្រ​យាល​ពី​ភូមិ​ស្រុក​គេ​ណាស់​ ឯ​ព្រៃ​ទៀត​សោត​ ក៏​ញឹក​ស្ងាត់​ជ្រ​ងំ​គួរ​ឱ្យ​ខ្លាច​ ប្រ​សិន​បើ​អញ​ចង់​មក​រក​ទី​នេះ​វិញ​ ធ្វើ​ម្ដេច​នឹង​រក​ផ្លូវ​មក​ឃើញ​!​ »​ នឹក​សព្វ​គ្រប់​ហើយ​ គាត់​ក៏​រក​បាន​គ្រាប់​ឪ​ឡឹក​មួយ​បង្វេច​យក​មក​តាម​ខ្លួន​ ដើរ​តាម​ក្រោយ​មហា​ចោរ​មក​ ដើរ​បណ្ដើរ​​ ចាប់​គ្រាប់​ឪ​ឡឹក​រោយ​បណ្ដើរ​ រហូត​ទៅ​​ដល់​ផ្ទះ​គាត់​ ។​
ត​ទៅ​នេះ​​​នឹង​ថ្លែង​ចាប់​សា​ដើម​បន្ដិច​​ អំ​ពី​ពេល​ដែល​យាយ​ម៉ប​បាន​ទៅ​នៅ​ថែ​ទាំ​កូន​ចោរ​នោះ​​ គាត់​តែង​តែ​សង្កេត​មើល​ឫក​ពា​ និង​រូប​ឆោម​​កូន​នោះ​ឃើញ​ល្អ​ ក៏ចេះ​តែ​កួច​ចិត្ត​ទុក​នឹង​សម្លឹង​​រក​​កម្លោះ​ណា​មួយ​ឱ្យ​សក្ដិ​សម​គ្នា​នឹង​នាង​ ។​

ថ្ងៃ​មួយ​ អា​ស្រ័យ​បច្ច័យ​ហេតុ​ពី​បុព្វេ​​ បណ្ដាល​​​ចិត្ត​មា​ណព​ម្នាក់​ ដែល​ត្រ​ឡប់​ពី​រៀន​វិជ្ជាការ​ ឱ្យ​ចង់​ចូល​ទៅ​សុំ​សម្រាក​នៅ​ផ្ទះ​យាយ​ម៉ប​នោះ​សិន​​​ដ្បិត​ថ្ងៃ​កាន់​តែ​ជ្រេ​ កម្លាំង​ក៏​អស់​​ ហេវ​បាយ​​ ផ្លូវ​ទៅ​មុខ​ទៀត​ក៏​ឆ្ងាយ​ ក្រែង​យប់​កណ្ដាល​ផ្លូវ​​នឹង​មាន​ភ័យ​ច្រើន​​ ក៏​រូត​រះ​ចូល​ទៅ​សំ​ពះ​ដូន​ចាស់​ សុំ​ស្នាក់​មួយ​យប់​ ។​​​ ដូន​ចាស់​កំ​ពុង​តែ​រៀប​ចំ​ ​​ដណ្ដាំ​បាយ​បរិភោគ​ ជួន​ក្រ​ឡេក​ឃើញ​​មា​ណព​សំ​ពះ​សុំ​ស្នាក់​ ក៏​មាន​ចិត្ត​សប្បុរស​ទ​ទួល​ឱ្យ​នៅ​ ហើយ​ដាំ​បាយ​បណ្ដើរ​ សំ​ណេះ​សំណាល​សួរ​អំ​ពី​ពូជ​ពង្ស​បណ្ដើរ​ ។​ លុះ​អា​ស្រ័យ​បាយ​រួច​ និង​ទុក​ដាក់​ចាន​ក្បាន​ស្រេច​យាយ​ម៉ប​ដែល​ចេះ​តែ​លប​សង្កេត​រូប​ឆោម​មា​ណព​នោះ​តាំង​តែ​ពី​ចូល​មក​ ក៏​បង្ហើប​សំ​នួរ​ថា​ «​ចៅ​អើយ​!​ ពី​កាល​ដែល​ចៅ​លា​ឪ​ពុក​ម្ដាយ​ ទៅ​ស្វែង​រក​តម្រិះ​វិជ្ជា​នេះ​ តើ​ឪ​ពុក​ម្ដាយ​ចៅ​ មាន​ស្ដី​ដណ្ដឹង​កូន​ចៅ​អ្នក​ឯ​ណា​ទុក​ឱ្យ​ចៅ​ហើយ​ឬ​នៅ​?​»។​

ចៅ​មា​ណព​តប​ថា​ «មិន​ទាន់​មាន​នៅ​ឡើយ​ទេ​!​»​ ហើយ​បន្ដ​សម្ដី​ថា​ «​ខ្ញុំ​នឹក​ថា​ ប្រ​សិន​បើ​ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំ​ណើរ​កាត់​ស្រុក​ភូមិ​គេ​នេះ​ បាន​ជួប​ស្រ្ដី​ណា​មួយ​មាន​លក្ខ​ណៈសម​រម្យ​ល្អ​ ខ្ញុំ​នឹង​យក​គេ​ជា​ប្រ​ពន្ធ​ហើយ​!​ តើ​លោក​យាយ​មាន​បានស្គាល់​កូន​ចៅ​អ្នក​ណា​​ ដែល​ល្អ​នៅ​ក្នុង​ស្រុក​ភូមិ​របស់​លោក​យាយ​ដែរ​ឬ​ទេ​?​»​ ។​
-ចៅ​អើយ​!​ (​យាយ​ម៉ប​នោះ​ឆ្លើយ​)​ នៅ​ក្នុង​ស្រុក​ភូមិនេះ​ មិន​ឃើញ​មាន​ស្រ្ដី​ណា​ម្នាក់​ដែល​សក្តិ​សម​នឹង​ចៅ​ទេ​ ប៉ុន្ដែ​ជី​ដូន​ធ្លាប់​បាន​ឃើញ​ស្រ្ដី​ម្នាក់​ដែរ​ នាង​នោះ​ជា​កូន​មហា​ចោរ​​នៅ​ក្នុង​ព្រៃ​ដាច់ស្រ​យាល​ឯ​នោះ​ ។​
យាយ​ម៉ប​ ក៏​និ​យាយ​រាប់​រៀបអំពី​ដំ​ណើរ​ការ​ណ៍​ដែល​គាត់​បាន​ទៅ​ឃើញ​នាង​នោះ​​ និង​បាន​សង្កេត​ឃើញ​ឫក​ពា​សម​រម្យ​ ។​ ឮ​ពាក្យ​សរ​សើរ​របស់​យាយ​ម៉ប​ មា​ណព​នោះ​អន្ទះ​សា​ចង់​ឃើញ​រូប​នាង​ ក៏​អង្វរ​ឱ្យ​យាយ​ជូន​ទៅ​ ។​
-​ទេ​ចៅ​!​ (​យាយ​ម៉ប​ប្រ​កែក​)​ យាយ​ជូន​មិន​បាន​ទេ​​​ ព្រោះ​យាយ​ខ្លាច​មហា​ចោរ​នោះ​ណាស់​ ធម្មតា​ចិត្ត​មហា​ចោរ​ តែ​ដល់​មាន​ការ​អ្វី​ស្រួល​មិន​ស្រួល​កើត​ឡើង​ វា​មុខ​ជា​មក​សម្លាប់​យាយ​ចោល​ហើយ​!​ ​យាយ​ចាស់​ហើយ​ តែ​យាយ​នៅ​ចង់​រស់​នៅ​ឡើយ​ ។​​ ចូរ​ចៅ​ជឿ​ជាក់​ថា​ យាយ​ចង់​ឱ្យ​ចៅ​ និង​នាង​នោះបាន​គ្នា​ជា​ប្ដី​ប្រ​ពន្ធ​ណាស់​ ព្រោះតាំង​តែ​ពី​កាល​​យាយ​បាន​ឃើញ​នាង​មក​ ទោះ​ពេល​យាយ​ចេញ​ទៅ​ផ្សារ​ផ្សោ​ ទៅ​កាន់​ភូមិ​នា​នា​ ទៅសង្គ្រោះ​គេ​ក្ដី​ យាយ​តែង​តែ​គយ​គន់​សម្លឹង​មើល​រាល់​ថ្ងៃ​​ តែ​មិន​ប្រ​ទះ​ឃើញ​បុរស​កម្លោះ​ណា​ម្នាក់​ឱ្យ​សម​ល្មម​នឹង​ចិត្ត​យាយ​សោះ​ ទើប​តែ​ពេល​នេះ​ចៅ​មក​ដល់​​ ចំ​ជា​ម​ហា​លាភ​ហើយ​ ចៅ​គេង​ឱ្យ​ស្រួល​ទៅ​ ព្រឹក​ស្អែក​ចាំ​ចៅ​ចេញ​ដំ​ណើេរ​ទៅ​រក​នាង​»​ ។​

នៅ​ពេល​យប់​នោះ​ បុរស​ចេះ​តែ​គិត​សព្វ​គិត​គ្រប់​ ដេក​ក៏​មិន​លក់​ ដោយ​ប្លែក​កន្លែង​ផង​ ណា​មួយ​គិត​បា​រម្ភ​អំ​ពី​ដំ​ណើរ​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង​ ណា​មួយ​គិត​ដល់​គ្រោះ​ថ្នាក់​ជា​មួយ​នឹង​មហា​ចោរ​ លុះ​យប់​យន់​ទើប​បុរ​ស​គេង​លង់​លក់​ទៅ​ ។​
ពេលមាន់​រ​ងាវ​ភ្លឺ​ស្រាង​ៗ​ យាយ​ម៉ប​​ក្រោក​ដណ្ដាំ​បាយ​ រក​ម្ហូបក្រៀម​ក្រោះ​ ទឹក​បំ​ពង់​ ទុក​បម្រុង​ជា​ស្បៀង​ឱ្យ​មា​ណព​ធ្វើ​ដំ​ណើរ​ ។​ លុះ​មាណព​ក្រោក​ឡើង​ហើយ​ យាយ​ក៏​ឱ្យ​ស្រស់​ស្រូប​ រួច​ប្រ​គល់​កញ្ចប់​អា​ហារ​សម្រាប់​តាម​​ផ្លូវ​ ហើយ​នាំ​បង្ហាញ​តម្រុយ​ដើម​ឪ​ឡឹក​ឱ្យ​ចៅ​មា​ណព​ធ្វើ​ដំ​ណើរ​ចេញ​ទៅ​ ។​
-នែ​ចៅ​!​ (​យាយ​ម៉ប​ប្រាប់​)​​ចូរ​ចៅ​ដើរ​តាម​ជួរ​ដើម​ឪ​ឡឹក​នេះ​ទៅ​ចុះ​!​ ចៅ​នឹង​បាន​ទៅ​ដល់​ផ្ទះ​នាង​នោះ​ហើយ​ តែ​ថា​ចូរ​ចៅ​ប្រ​យ័ត្ន​ខ្លួន​ឱ្យ​មែន​ទែន​ណា​៎!​ ចៅ​ទៅ​ចុះ​!​ សូម​ឱ្យ​បាន​សេចក្ដី​សុខ​​ ឱ្យ​បាន​សម្រេច​ដូច​សេចក្ដី​ប្រា​ថ្នា​ បើ​មាន​សត្រូវ​មក​ពី​មុខ​ឱ្យ​រំ​លង​​ បើ​មក​ពី​ខ្នង​ឱ្យ​រលាយ​ណា​៎​ចៅ​ណា​៎​​ ។​

មា​ណព​ក្រាប​ប្រ​ណិ​ប័ត​ន៍លា​លោក​យាយ ​ហើយ​ក៏​ចេញ​ដំ​ណើរ​ទៅ​ ។ ថ្ងៃជ្រេ​បន្ដិច​ ទើប​ទៅ​ដល់​សំ​ណាក់​មហា​ចោរ​ ។​ គាប់​ជួន​ពេល​នោះ​ មហា​ចោរ​មិន​នៅ​ ចេញ​ទៅ​រក​ប្លន់​គេ​បាត់​ ទុក​តែ​កូន​ស្រី​ឱ្យ​នៅ​ចាំ​ផ្ទះ​ម្នាក់​ឯង​ ។​ នាង​កំ​ពុងតែ​ដើរ​ត​ត្រុក​ បោស​ច្រាស​​ សម្អាត​ផ្ទះ​សម្បែង​តាម​ទម្លាប់​ ពុំ​មាន​គិត​ក្រែង​អ្វី​ឡើយ​ ។​ ឯ​ចៅ​មា​ណព​នោះ​​ទៅ​លប​គយ​គន់​ឃើញ​សព្វ​គ្រប់​ហើយ ដឹង​ថា​នៅ​តែ​ម្នាក់​ឯង​ ក៏​ប្រ​ថុយ​ស្រែក​ហៅ​ ។​ នាង​ឮ​សូរ​មាត់​មនុស្ស​ចម្លែក​ នឹក​ភ័យ​ណាស់​ គិត​ថា​ «តើ​អ្នក​ណា​អេះ​!​ ហ៊ាន​ចូល​មក​ដល់​ទី​នេះ​?​ »​ ប៉ុន្ដែ​នាង​ក្រ​ឡេក​ទៅ​ឃើញ​យុវ​បុរស​​ ជា​អ្នក​មាន​ឫក​ពា​សុ​ភាព​រាប​សា​ល្អ​​ មិន​គួរ​ឱ្យ​ខ្លាច​ នាង​ក៏​បើក​ទ្វារ​ ហៅ​ឱ្យ​បុរ​ស​ចូល​​ ហើយ​និ​យាយ​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក៏​ទ​ទួល​រាក់​ទាក់​ សំ​ណេះ​សំ​ណាល តាម​ផ្លូវ​លោ​កិយដោយ​សុខ​ចិត្ត​សុខ​កាយ​លើក​ជាស្វា​មី​ ហើយ​នាំ​យក​ទៅ​លាក់​មិន​ឱ្យ​មហា​ចោរ​ជា​ឪ​ពុក​ចិញ្ចឹម​ដឹង​ឡើយ​​ ។​

ប៉ុន្ដែ​ក្នុង​កាល​ជា​បន្ទាប់​មក​ មហា​ចោរ​សង្កេត​ឃើញ​ឫក​ពា​កូន​ស្រី​របស់​ខ្លួន​ប្លែក​អំ​ពី​ធម្មតា​ គឺ​ឃើញ​នាង​តែង​ខ្លួន​ជា​និច្ច​កាល​​ ធ្វើ​ការ​ងារ​សព្វ​សារ​ពើ​ក្នុង​ផ្ទះ​ ដោយ​មិន​បាច់​ឱ្យ​ឪ​ពុក​តឿន​ឡើយ​ ដូច​ជា​ចង់​ផ្គាប់​ផ្គន់​​មនុស្ស​ណា​ម្នាក់​​ដែល​ជា​ទីពេញ​ចិត្ត​ ។​ មហា​ចោរ​នឹក​សង្ស័យ​ថា​ «​នាង​នេះ​ច្បាស់​ជា​មាន​ប្រុស​ស​ហាយ​ហើយ​!​»​ ក៏​​នឹក​តូច​ចិត្ត​នឹង​កូន​ស្រី​ លាយ​នឹង​សេចក្ដី​ខ្មាស​អៀន​សហាយ​នាង​នោះ​ផង​ ក៏​ដើរ​ចោល​ទី​កន្លែង​នោះ​ទៅ​ ។ ​

ឯ​ទាំង​ពីរ​នាក់​ប្ដី​ប្រ​ពន្ធ​នៅ​ក្នុង​ព្រៃ​យូរ​បន្ដិច​ មិន​ឃើញ​មហា​ចោរ​នោះ​ត្រ​ឡប់​មក​វិញ​ ក៏​នាំ​គ្នា​ទៅ​​រក​ភូមិ​ស្រុក​នឹង​គេ​ ។​ លុះ​មក​ដល់​ភូមិ​ស្រុក​ហើយ​​ក៏​ចូល​ទៅ​អរ​គុណ​នឹង​យាយ​ម៉ប​ ព្រម​ទាំង​ជូន​រង្វាន់គាត់​ទៀត​ផង​ ។​ យាយ​ម៉ប​ មាន​ចិត្ត​ត្រេក​អរ​​ណាស់​ ដើរ​ប្រាប់​អ្នក​ជិត​ខាង​ឱ្យទៅ​​មើល​នាង​ ដោយ​ថ្លែង​បូរ​បាច់​ប្រាប់​គេ​ថា​​«​នាង​នេះ​មាន​រូប​ឆោម​លោម​ពណ៌​សាច់​ជិត​ល្អ​ មក​អំ​ពី​គេ​នៅ​តែ​ក្នុង​ម្លប់​ ដល់​ចេញ​ពី​ម្លប់​ក៏​មាន​ប្ដី​តែ​ម្ដង»​ ។​ អ្នក​ស្រុក​ឃើញ​ដូច្នេះ​​ នាំ​គ្នា​យក​កូន​ដែល​ដល់អា​យុ​គ្រប់ការ​ ទៅ​ឃាំង​ក្នុង​បន្ទប់​ដើម្បី​ឱ្យ​បាន​ល្អ​ដូច​គេ​ ក៏​ជាប់​ជា​ទំ​នៀម​រហូត​មក​ ៕​
ស្រង់​ចេញ​ពី​សៀវ​ភៅ​រឿង​ព្រេង​ខ្មែរ​