ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជា​ប្រទេស ដែល​មាន​ប្រជាជន​រួសរាយ​រាក់ទាក់ បំផុត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ជ័យ​លា​ភី​បដិសណ្ឋារកិច្ច​ល្អ ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​១ ឆ្នាំ​២០១៨ កាលពី​ពេល​កន្លង​មក​ថា…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ជ័យ​លា​ភី​បដិសណ្ឋារកិច្ច​ល្អ ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​១ ឆ្នាំ​២០១៨ កាលពី​ពេល​កន្លង​មក​ថា យោង​តាម​ទស្សនាវដ្ដី Rough Guides គឺជា​ស្ថាប័ន​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​២០១៦ អំពី​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​ដ៏​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ក្នុង​ពិភពលោក បាន​បញ្ជាក់​ថា « កម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​រួសរាយ​រាក់ទាក់​បំផុត​ទី​១ ក្នុង​ចំណោម​ប្រទេស​មាន​ប្រជាជន​រួសរាយ​រាក់ទាក់​ជាងគេ​ទាំង​១០​ក្នុង​ពិភពលោក »​។

ជាមួយនឹង​ការ​ទទួល​បាន​នូវ​កិត្តិនាម​ល្បីល្បាញ​នេះ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​បង្កើន​ការ​បណ្ដុះបណ្ដាល​បដិសណ្ឋារកិច្ច​ល្អ ក្នុង​វិស័យ​ទេសចរណ៍ ដល់​បុគ្គលិក​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅ​តាម​កម្មវិធី​សិក្សា (Curriculum) បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ និង​ស្នើ​ឱ្យ​មានការ​ប្រឡងប្រណាំង​ផ្ទៃក្នុង​ដល់​បុគ្គលិក​តែ​ម្ដង ដោយ​មូលដ្ឋាន​អាជីវកម្ម​ជា​អ្នក​វាយតម្លៃ​ដោយ​ផ្ទាល់ ចំពោះ​ការ​បម្រើសេវា​បដិសណ្ឋារកិច្ច​ល្អ​របស់​បុគ្គលិក​ខ្លួនឯង​ដោយ​ផ្ទាល់ ។

លោក​រដ្ឋមន្ត្រី បញ្ជាក់​ថា ៖« តាម​រយៈ​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ តាម​វិស័យ​នីមួយ​ៗ នឹង​ជម្រុះ​បុគ្គលិក​ឆ្នើម​ៗ​រួច​ផ្ញើ​មក​ក្រសួងទេសចរណ៍​ដើម្បី​ធ្វើការ​វាយតម្លៃ​នឹង​ទទួលស្គាល់​បូក​សរុប​នៅ​កម្រិត​ថ្នាក់​ជាតិ​ជា​រៀង​រាល់​ឆ្នាំ »​។ លោក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ឱ្យ​បន្ដ​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណី​ដ្ឋា​ន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» និង​ក៏​បាន​លើក​ឡើង​អំពី​ការ​អនុវត្ត​នូវ​ស្ដង់ដា​នានា​ដែល​កម្ពុជា​និង​អាស៊ាន​បាន​ដាក់​ចេញ ។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​អំពាវនាវ​ឱ្យ​គ្រប់​ទីកន្លែង​សាធារណៈ​ទាំងអស់ ត្រូវ​តែ​ស្អាត មាន​អនាម័យ និង​គ្មាន​សំរាម ជា​ពិសេស​សំរាម​ជា​ថង់​ប្លា​ស្ទិ​ក ។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ៖« ដើម្បី​កម្ពុជា​ជា​គោលដៅ​ទស​ចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ និង​កក់ក្ដៅ​ដល់​ភ្ញៀវ​ទេសចរ និង​ដើម្បី​ឆ្ពោះទៅ​ព្រឹ​ត្ត​ការណ៍ SEA Game2023 ព្រមទាំង​ដើម្បី​សម្រេច​ចក្ខុវិស័យ​របស់​ក្រសួងទេសចរណ៍ ក្នុង​ការ​ទាក់ទាញ​ទេសចរណ៍​៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ និង​១៥​លាន​នាក់ ក្នុង​ឆ្នាំ​២០៣០ យើង​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ផ្នែក​ឯកជន​បន្ដ​រួម​គ្នា​អនុវត្ត​ទិស​ដៅ​យុទ្ធសាស្ដ្រ​សំខាន់​២​គឺ ភាព​ស្អាត និង​បៃតង (Clean & Green) » ។

លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា សេវា​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​ពិតជា​មាន​ភាពល្អ​ប្រសើរ ធៀប​ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់ ដោយសារ​សេវាកម្ម​របស់​យើង​មាន​តម្លៃ​សមរម្យ ពិសេស​ភាពរួស​រាយ​រាក់ទាក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​ជំទាវ​បន្ត​ថា ជាមួយ​គ្នា​នេះ​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​បាន​កើនឡើង ប៉ុន្តែ​ការ​ប្រកួត​កើនឡើង​មាន​ន័យ​ថា​វិស័យ​នេះ​កាន់តែ​រីក​ចម្រើន ។ លោក​ជំទាវ​មាន​ប្រសាសន៍​ថា ៖« នៅ​ពេល​ការ​ប្រកួតប្រជែង​កើនឡើង នឹង​ធ្វើ​ឲ្យ​គុណភាព​ប្រសើរ​ឡើង ហើយ​អ្នក​ទទួល​បាន​ផលប្រយោជន៍​គឺ​អតិថិជន »​។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​៤,៨​លាន​នាក់ គាំទ្រ​កំណើន​សំខាន់​ដោយ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ដែល​មាន​រហូត​ដល់​ជាង​១,៦​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ