រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកគ្រួសារ ក្នុងបំណងទៅឡើងផ្ទះឪពុកនៅទីរួមខេត្តស្វាយរៀង ត្រូវរថភ្លើងបុក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ។ ចំណែកឯរថយន្តដាច់កង់ម្ខាងរងការខូចខាតយ៉ាងដំណំ ធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៤៧នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ នៅតាមបណ្ដោយផ្លូវបេតុង ភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តដែលរថភ្លើងបុកនេះម៉ាកឡិចស៊ីសRX៣០០ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AG-៩៥៩១ បើកបរក្នុងទិសដៅពីលិចទៅកើត ។ ចំណែកឯរថភ្លើងបើកបរក្នុងទិសដៅពីត្បូងទៅជើងគឺពីខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ ។អ្នកបើកបររថយន្តឈ្មោះ មី សុខខន ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នករត់កង់បី ស្នាក់នៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៌មានស្ត្រីជាប្រពន្ធបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់រួមទាំងក្រុមគ្រួសារនិងបងប្អូនបាននាំគ្នាទៅឡើងផ្ទះឪពុកនៅឯទីរួមខេត្តស្វាយរៀង ស្ថិតនៅភូមិអូរដំរី ឃុំពោធិ៍រាជ្យ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងក្នុងនោះរថយន្តរបស់គាត់ជិះគ្នា១០នាក់ រួមទាំងក្មេង៣នាក់ក្នុងទិសដៅពីលិចទៅកើត ។
ប្រភពដដែលបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុគាត់ភ្ញាក់តាំងពីយប់ ដោយមានរថយន្តរួមដំណើរជាមួយគ្នាចំនួន៣គ្រឿង ។ លុះបើកមកដល់ចំណុចកើតហេតុជាចំណុចផ្លូវរថភ្លើងឆ្លងកាត់ តែមិនមានបា រាស់បិទផ្លូវទេ ហើយមិនដឹងថា មានរថភ្លើងបើកឆ្លងកាត់ទេ បន្ទាប់មករថយន្តរបស់គាត់ឆ្លងបានពាក់ កណ្ដាលផ្លូវដែកក៏ ត្រូវរថភ្លើងមកដល់បុកពេញទំហឹង បណ្តាលឲ្យអូសជាង១០ម៉ែត្រនិងបណ្តាលឲ្យដាច់កង់ម្ខាង ហើយខ្ទាតចេញពីផ្លូវរថភ្លើង ។ ចំណែករថភ្លើងបានបើកទៅបាត់អត់មានឈប់ទេ ។ ហេតុការណ៍នេះបង្កឲ្យរងរបួសធ្ងន់បុរសម្នាក់និងក្មេងៗ២នាក់របួសស្រាល ។ ម្ចាស់រថយន្តមានការសោកស្ដាយយ៉ាងខ្លាំងដោយឃើញរថយន្តរបស់គាត់រងការខូចខាតយ៉ាងធ្ងន់ធ្ងរបែបនេះ ។
ប្រភពពីម្ចាស់រថយន្តបានបញ្ជាក់ទៀតថា រថភ្លើងខាងលើ បើកបរដោយមានភ្លើងបំភ្លឺផ្លូវតិចៗ ហើយពុំមានស៊ីផ្លេឡើយ ។ ទោះបីជាបែបនេះក្តី មិនមានការបកស្រាយបែបណាពីភាគីខ្សែរថភ្លើងនោះទេ ។បើតាមប្រភពព័ត៌មានប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃរថភ្លើងបើកឆ្លងកាត់ផ្លូវខាងលើ តែងមានស៊ីផ្លេលាន់ខ្លាំងៗរកដេកពុំបាន តែយប់កើតហេតុ បែរជាមិនឮស៊ីផ្លេសោះ ហើយបែរជាឮលាន់ដូចរន្ទះគឺរថភ្លើងបុករថយន្តខាងលើទៅវិញ ។
ក្រោយពេលកើតហេតុ ដោយពុំមានតំណាងខាងរថភ្លើង មកដោះស្រាយហើយខាងរថយន្តរងគ្រោះមិនអស់ចិត្តនឹងអ្នកបើករថភ្លើង សង្ស័យអ្នកបើកបររថភ្លើងដេកលក់ក៏មិនដឹង បន្ទាប់មកម្ចាស់រថយន្តរងគ្រោះបានហៅរថយន្តស្ទូច ដើម្បីយកទៅជួសជុលខ្លួនឯងបាត់ទៅ ។ ហេតុការណ៍ខាងលើនេះជាមេរៀនសម្រាប់អ្នកបើកបរយានយន្តនានាពេលតម្រូវឆ្លងកាត់ផ្លូវដែកគប្បីមើលឆ្វេងស្តាំផង ។
ជិះម៉ូតូឆ្លងផ្លូវដែកត្រូវរថភ្លើងបុកស្លាប់ម្នាក់ របួសម្នាក់
បុរស២នាក់ជាកម្មករសំណង់ចេញពីធ្វើការដោយសារផ្លូវស្ទះចរាចរណ៍ខ្លាំង ក៏ជិះម៉ូតូកាត់ផ្លូវដែកត្រូវរថភ្លើងបើកបុកពីក្រោយគូទម៉ូតូធ្លាក់បុរសនាក់អង្គុយពីក្រោយ បណ្តាលឲ្យបោកក្បាលស្លាប់ ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង១៥នាទីល្ងាចថ្ងៃទី២៨ ខែធ្នូ តាមបណ្តោយផ្លូវដែក នៅចំណុចផ្លូវរថភ្លើងក្បែរវត្តនាគវ័ន ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ទុន សុភ័ក្ត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសំណង់នៅ ONE PARK ស្នាក់នៅផ្ទះជួលផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងជិត ឃុំបឹងពាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ចំណែកអ្នករបួសស្រាលជាអ្នកបើកម៉ូតូឈ្មោះ ពុម ស៊ីវុល ភេទប្រុស អាយុ៣០ឆ្នាំ ជាកម្មករនៅការដ្ឋាម្តុំបឹងកក់ ONE PARK ស្នាក់នៅផ្ទះជួលផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជាមួយគ្នា ។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខភ្នំពេញ២AD-៥០៧៦ ចេញមកពីធ្វើការក្នុងគោលបំណងទៅផ្ទះវិញ ។ ដោយសារតែផ្លូវបឹងកក់ស្ទុះចរាចរណ៍ពេក ក៏បើកវាងផ្លូវ មកតាមផ្លូវរថភ្លើងម្តុំវត្តនាគវ័ន ។
ភ្លាមៗនោះដែរ មានរថភ្លើងបើកឆ្លងកាត់ពីកើតទៅលិច មានបិទបារាស់មិនឲ្យឆ្លងកាត់ទាំងសងខាង ទើបជនរងគ្រោះជិះវាងឆ្លងកាត់ទៅផ្លូវម្ខាងទៀតហើយភ្លាមៗនោះរថភ្លើងក៏មកជិតដល់ ម៉ូតូជនរងគ្រោះបើកទៅអត់ទាន់ផុតផង រថភ្លើងបុកគូទម៉ូតូហុងដាឌ្រីមបណ្តាលឲ្យអ្នកអង្គុយពីក្រោយដួលបោកក្បាល ក៏ត្រូវរថភ្លើងកិនបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ចំណែកឯអ្នកឌុបវិញរងរបួសស្រាល រីឯម៉ូតូជនរងគ្រោះខូចខាតខ្ទេចក្បាលខាងមុខ ។ ចំណែករថភ្លើងបើកចេញបាត់ទៅ ។
ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះមកដល់កន្លែងកើតហេតុបានស្រែកទ្រហោយំបោកខ្លួនសោក ស្តាយជាពន់ពេក ។ ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ។ ចំណែកសពសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។ គួរកត់សម្គាល់ថា មហន្ត រាយលើផ្លូវដែក ក្នុងរាជធានីភ្នំពេញកើតមានញឹកញាប់ណាស់ជាគ្រោះថ្នាក់ដដែលៗ ៕
ចែករំលែកព័តមាននេះ