ខេត្តកែប ៖ កាលពីព្រឹកថ្ងៃទី៣០ ធ្នូ នៅមុខសាលាខេត្តកែប មានរៀបចំពិធីប្រឡងបង្ហើរខ្លែងដើម្បីអបអរព្រឹត្តិការណ៍ឆ្លងឆ្នាំ ដែលមានខ្លែងចំរុះខ្នាតខ្លីតូចធំ និងខ្លែងឯកសរុបចំនួន២៦១ខ្លែងបានចូលរួម។
លោកតុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រខេត្តកែបបានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ អោយតែដាច់ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មី រដ្ឋបាលខេត្តកែបតែងតែធ្វើពិធីប្រឡងបង្ហើរខ្លែង។
លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រខេត្តកែបមានប្រសាសន៍បន្តថា ឆ្នាំនេះមានខ្លែងចំនួន២៦១មកពីស្រុកដំណាក់ចង្អើរនិងក្រុងកែបបានចូលរួម ។
លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រខេត្តកែបមានប្រសាសន៍បន្តទៀតថា ពិធីប្រឡងបង្ហើរខ្លែងនេះគឺធ្វើឡើងដើម្បីអបអសាទរព្រឹត្តការណ៍ឆ្លងឆ្នាំសកល (ឆ្នាំ២០១៨ឆ្លងចូលឆ្នាំ២០១៩)។
ក្នុងឱកាសនោះផងដែរ លោកកែន សត្ថា អភិបាលខេត្តកែប ក៏បានរៀបចំជ័យលាភីជូនដល់ខ្លែងណាដែលបង្ហើរទៅលើអាកាសខ្ពស់ជាងគេ ក្នុងនោះត្រូវបានគេដឹងថា ខ្លែងមកពីខាងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកែបទទួលបានជ័យលាភីលេខ១, ខ្លែងមកពីខាងមន្ទីរបរិស្ថានទទួលបានជ័យលាភីលេខ២ និងខ្លែងមកពីខាងមន្ទីរការងារទទួលបានជ័យលាភីលេខ៣ ៕
ចែករំលែកព័តមាននេះ