រាជធានីភ្នំពេញ ៖ គិតពីឆ្នាំ២០០០ដល់ឆ្នាំ២០១៨នេះ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅនៅរាជធានីភ្នំពេញមានរហូតដល់១.២១៧អគារ តែបើគិតពេញមួយឆ្នាំ២០១៨នេះ សំណង់អគារខ្ពស់ៗដែលបានសាងសង់ចាប់ពី៥ជាន់ឡើងទៅមានចំនួន១១០អគារ ។ នេះបើយោងតាមរបាយការណ៍ប្រចាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ការរីកចម្រើននៃអគារខ្ពស់ៗនៅរាជធានីភ្នំពេញ ត្រូវបានអ្នកជំនាញយល់ថា កំពុងឆ្លុះបញ្ចាំងពីការផ្ដល់ជំនឿទុកចិត្តពីវិនិយោគិនជាតិ និងអន្តរជាតិមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំអស់រយៈពេលជាង២ទសវត្សរ៍មកនេះ ។
លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យដែលទទួលស្គាល់ពីអន្តរជាតិដំបូងគេនៅកម្ពុជា និងជានាយកក្រុមហ៊ុន Century 21 Fortuna Investment បានមានប្រសាសន៍ថា ការរីកចម្រើននៃសំណង់អគារខ្ពស់ៗ វាបានចូលរួមបង្ហាញពីសក្តានុពលរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសជាតិ ហើយក៏កាន់តែផ្ដល់ជំនឿទុកចិត្តដល់វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ។ លោកបន្ដថា ៖« នៅមួយរយៈចុងក្រោយនេះ កម្ពុជាមានអគារខ្ពស់ៗច្រើន ដែលបង្ហាញឱ្យឃើញពីជំនឿទុកចិត្ត ក៏ដូចជាសកម្មភាពទិញលក់ក្នុងវិស័យអចលនទ្រព្យកាន់តែរីកចម្រើន ។ លើសពីនេះ សំណង់អគារខ្ពស់ៗ វាបានបង្ហាញពីការវិនិយោគផ្ទាល់ពីបរទេសមានការកើនឡើងផងដែរ »។ លោក វ៉ា វីរៈ បានបន្ថែមថា ការរីកចម្រើននៃអគារខ្ពស់ ក៏បានបង្ហាញពីនិន្នាការនៃការរស់នៅរបស់ប្រជាពលរដ្ឋជំនាន់ថ្មី និងបង្ហាញឱ្យឃើញពីការហូរចូលជនបរទេសមកវិនិយោគ និងធ្វើការនៅកម្ពុជាផងដែរ »។
លោក សន សៀប នាយកក្រុមហ៊ុន Key Real State មានប្រសាសន៍ដែរថា នៅពេល វិស័យអចលនទ្រព្យមានការអភិវឌ្ឍ បង្ហាញឱ្យឃើញនូវមុខមាត់ទីក្រុង ក៏ដូចជាប្រទេសកម្ពុជាថា វិស័យអចលនទ្រព្យនិងវិស័យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនច្រើន ពិសេសបង្ហាញទៅដល់វិនិយោគិនបរទេសឱ្យកាន់តែមានទំនុកចិត្តខ្លាំងថែមទៀត ។ លោកមានប្រសាសន៍ថា ៖« វិស័យអចលនទ្រព្យវាដើរពីក្រោយវិស័យសេដ្ឋកិច្ច ហើយ ប្រទេសខ្លះសេដ្ឋកិច្ចមានលំនឹង ធ្វើឱ្យវិស័យអចលនទ្រព្យមិនសូវមានការកើនឡើងខ្លាំង ប៉ុន្តែប្រទេសកម្ពុជា យើងឃើញថាមិនត្រឹមតែសេដ្ឋកិច្ចមានភាពរឹងមាំទេ ថែមទាំងវិស័យអចលនទ្រព្យមានការរីកចម្រើនច្រើន ពិសេសនៅតាមទីក្រុងធំៗដូចជា នៅក្រុងព្រះសីហនុ និងសៀមរាបជាដើម »។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡៅ ទិព្វសីហា មានប្រសាសន៍ថា កំណើនអគារខ្ពស់ៗនេះ វាបានផ្តល់ការងារធ្វើដល់កម្មករយើងបានយ៉ាងច្រើន ផ្តល់ចំណេះដឹងផ្នែកជំនាញក្នុងវិស័យសំណង់ ផ្តល់នូវប្រាក់ចំណូលដល់អ្នកបច្ចេកទេស និងកម្មករជំនាញ និងផ្តល់នូវបទពិសោធន៍ពាក់ព័ន្ធអគារខ្ពស់នៅកម្ពុជា ។
លោកថ្លែងថា ៖« ការគំហុកសង់អគារខ្ពស់ៗនៅប្រទេសកម្ពុជាយើង គឺដោយសារតែអ្នកវិនិយោគមានទំនុកចិត្តខ្ពស់មកលើព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ប្រទេសមានការអភិវឌ្ឍទៅមុខ ម៉ាក្រូសេដ្ឋកិច្ចរក្សាបានល្អ មានច្បាប់វិនិយោគនិងច្បាប់សាងសង់ បូករួមនឹងច្បាប់គតិយុត្តមួយចំនួនរបស់កម្ពុជាមានភាពអនុគ្រោះដល់ការសាងសង់អគារខ្ពស់ ។ ពិសេសច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិរបស់ជនបរទេស ដែលទាំងអស់នេះ ធ្វើឱ្យវិស័យសំណង់នៅកម្ពុជាមានការរីកដុះដាលឡើង »។
លោករដ្ឋលេខាធិការបន្តថា ៖« ការរីកដុះដាលនៃអគារខ្ពស់ៗបង្ហាញឱ្យឃើញ ពីភាពរីកចម្រើនពីការកែប្រែមុខមាត់រាជធានីភ្នំពេញក៏ដូចជាព្រះរាជាណាចក្រកម្ពុជា ដូចជាប្រទេសមានការវិវត្តដូចប្រទេសនានា ។ លើសពីនេះជួយកែលម្អសម្រស់រាជធានីភ្នំពេញឱ្យកាន់តែស្រស់ខ្លាំងឡើង បើសិនយើងពីលើអគារខ្ពស់ណាមួយនៅក្រុងភ្នំពេញ បង្ហាញថា មានភាពរីកដុះដាលយើងខ្លាំង »។
យោងតាមរបាយការណ៍ក្រសួងដែនដី បានបញ្ជាក់ថា សំណង់នៅទូទាំងប្រទេសគិតចាប់ពី២០០០ ដល់ខែវិច្ឆិកា២០១៨ បានចេញលិខិតអនុញ្ញាតសាងសង់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន៤៣.១៣៦គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបចំនួនជាង១១៤លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជាង៤៣ពាន់លានដុល្លារ ខណៈពេញមួយឆ្នាំ២០១៨ ទិន្នន័យសំណង់ទូទាំងប្រទេសមានជាង២,៨ពាន់គម្រោង មានផ្ទៃក្រឡាជាង១១លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគ៥,២ពាន់លានដុល្លារ ធ្លាក់ចុះជាង១៨%បើធៀបនឹងឆ្នាំ២០១៧ មានទឹកប្រាក់វិនិយោគចំនួន៦,៤ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ