នៅក្នុងឱវាទបាតិមោក្ខព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្ចាស់ពាហិរសាសានា ឬសាសនាដទៃគេអប់រំ ប្រដៅសាវករបស់គេយ៉ាងខ្ពស់បំផុតត្រឹមឋានសួគ៌ និងព្រហ្មលោក ដែលជាឋាននៅជាប់ដោយសេចក្តីទុក្ខ តែចំណែកពុទ្ធសាសនាវិញព្រះអង្គបានទេសនាប្រដៅបរិស័ទឱ្យស្គាល់រហូតដល់ផ្លូវទៅកាន់ព្រះនិព្វានជាឯកន្តបរមសុខ លែងវិលរកទុក្ខទៀតហើយ ។
តាមពិតទៅ ព្រះនិព្វានមាននៅជាធម្មតា តែមិនមែនជាវិស័យរបស់បុគ្គលជាពាហិរសាស្ដាដឹងបាន, ព្រោះព្រះនិព្វាននេះជាធម៌គម្ភីរភាពជ្រាលជ្រៅពេក, ឃើញបានដោយកម្រ, ដឹងបានដោយកម្រ, ស្ងប់រម្ងាប់, គិតគ្នាន់គ្នេរយកមកមិនបាន, ល្អិតពេកដែលបណ្ឌិតអ្នកប្រាជ្ញគួរដឹងច្បាស់ ។
ព្រះពុទ្ធទាំងឡាយលោកតែងសរសើរគុណព្រះនិព្វានថា ជាទីអស់ទៅនៃរាគៈ, អស់ទៅនៃទោសៈ, អស់ទៅនៃមោហៈដូច្នេះក៏មាន; ថាជាស្ថានមិនកើតទៀត, មិនចាស់, មិនឈឺ, មិនស្លាប់ដូច្នេះ ក៏មាន, ថាជាទីញាំញីនូវសេចក្ដីស្រវឹង, បន្ទោបង់នូវសេចក្ដីស្រេកឃ្លានក្នុងបញ្ចកាមគុណ, បន្សាត់បង់នូវសេចក្ដីអាល័យក្នុងបញ្ចកាមគុណ, ជាទីកាត់ផ្ដាច់នូវដំណើរវិលវល់ក្នុងភពទាំង ៣, ជាទីអស់ទៅនៃតណ្ហា, ប្រាសចាកតម្រេក, រំលត់បង់នូវតណ្ហាដូច្នេះក៏មាន, ថាជាទីសូន្យក្រៃពេក, ជាទីមិនមានមនុស្សនៅអាស្រ័យ, ព្រះនិព្វានក៏ទទេចាកសត្វបុគ្គលដូច្នេះក៏មាន, ថាជាស្ថានសុខយ៉ាងឆ្នើម ។
បណ្ដាសេចក្ដីសុខផ្សេងៗ ដែលសត្វបានជួបប្រទះក្នុងលោកសន្និវាសនេះ ជាសាមិសសុខគឺសុខនៅលាយឡំដោយទុក្ខ មិនបានជាសុខតែម្យ៉ាងទេ; ចំណែកខាងសុខក្នុងព្រះនិព្វានជាឯកន្តសុខ គឺមានតែសេចក្ដីសុខម្យ៉ាង ឬជានិរាមិសសុខ សុខប្រាសចាកអាមិស មិនលាយដោយទុក្ខ បន្តិចបន្តួចឡើយ ទើបឈ្មោះថា បរមសុខ ជាសុខយ៉ាងប្រសើរ ហើយព្រះពុទ្ធទាំងឡាយ ក៏លោកតែងសរសើរនូវព្រះនិព្វាននេះដោយប្រការផ្សេងៗ ។
កាលដែលព្រះដ៏មានបុណ្យទើបបានត្រាស់ដឹងថ្មីៗ ព្រះអង្គធុញទ្រាន់ក្នុងហឫទ័យ មិនចង់សម្ដែងធម៌ប្រៀនប្រដៅសត្វក្នុងផ្លូវព្រះនិព្វានទេ ព្រោះអ្នកដែលទៅដល់ព្រះនិព្វានទាល់តែប្រព្រឹត្តប្រតិបត្តិធម៌ច្បាស់លាស់ណាស់ តែដោយសារព្រះករុណាទិគុណ
ចែករំលែកព័តមាននេះ