រាជធានីភ្នំពេញ ៖ ពស់ថ្លាន់មួយក្បាលមានទំងន់៤ទៅ៥គីឡូក្រាម និងមានប្រវែងជាង១ម៉ែត្រកំពុងតែលូនកាត់ផ្លូវត្រូវរថយន្តមួយគ្រឿងបើកកិនកន្ទុយបន្តិចធ្វើឲ្យវាផ្អើលលូនទៅទំលើស្លាកសញ្ញាចរាចរណ៍នៅលើ
របាំងថ្មពុះចែកផ្លូវដូចរូបប្រក់នាគ ធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវឃើញហើយនាំគ្នាចុះទៅថតរូបទុកគ្រប់ៗគ្នា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ ជិតនិងស្ថានីយបូមទឹកស្អុយបឹងត្របែក ផ្លូវ២៧១ ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌចំការមន ។
បើតាមសម្តីបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានប្រទះឃើញសត្វពស់ថ្លាន់មួយក្បាលបានលូនឆ្លងកាត់ទទឹងផ្លូវ២៧១ ពីខណ្ឌមានជ័យឆ្លងទៅខណ្ឌចំការមន លុះពេលលូនឆ្លងជិតផុតទៅហើយក៍ស្រាប់តែមានរថយន្តមួយគ្រឿងបានបើកទៅកិនពស់ថ្លាន់នោះបន្តិចតែមិនបានកិនចំពាក់កណ្តាលនោះទេ គឺកិនចំកន្ទុយបន្តិច ធ្វើអោយវាផ្អើលលូនទៅសំងំនៅលើសញ្ញាព្រួញក្បាលនាគពុះចែកផ្លូវឆ្វាយរង្វើលដូចរូបប្រក់នាគតែម្តង ទើបបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ បាននាំគ្នាឈប់មើលនិងថតរូបភាព ព្រមទាំងបានជួយយកពស់ថ្លាន់នោះ យកទៅលែងនៅមាត់ប្រឡាយលូទឹកស្អុយបឹងត្របែកដែលនៅក្បែរនោះឲ្យមានសេរីភាពឡើងវិញ ៕


ចែករំលែកព័តមាននេះ