រាជធានីភ្នំពេញ ៖ ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ រយៈពេលពេញមួយឆ្នាំ២០១៨ដែលជិតនឹងបញ្ចប់ទៅហើយនេះគេកត់សម្គាល់ថា វិស័យកីឡាបានបង្ហាញសកម្មភាពរបស់ខ្លួនតាមរយៈការបង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតជាច្រើនធ្វើឱ្យមហាជនដក់ជាប់ក្នុងអារម្មណ៍ផងដែរ ។ ខាងក្រោមនេះជាព្រឹត្តិការណ៍កីឡាសំខាន់ៗដែលកើតឡើងក្នុងអំឡុងឆ្នាំ២០១៨៖
ព្រឹត្តិការណ៍កីឡាជាតិលើកទី២ ៖ ពីថ្ងៃទី២៥ ឧសភា ដល់ថ្ងៃទី៤ មិថុនា ប្រទេសកម្ពុជាបានរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី២ប្រកបដោយជោគជ័យ ដោយមានវិញ្ញាសាកីឡាជាច្រើន ហើយជម្រើសបានកីឡាករកីឡាការិនីល្អៗតំណាងឱ្យកម្ពុជាសម្រាប់ការបញ្ជូនចេញទៅប្រកួតនៅក្រៅប្រទេសទៀតផង ។
ប៉ុន្តែកីឡាករកីឡាការិនីប្រមាណ២០ភាគរយ ដែលមានឈ្មោះប្រកួត បានបោះបង់ចោលការប្រកួត ដោយសារតែគម្លាតនៃសមត្ថភាពរបស់អត្តពលិកមកពីតាមបណ្តាខេត្តដែលមិនអាចប្រៀបផ្ទឹមបានជាមួយអត្តពលិកនៅរាជធានី និងក្រសួងស្ថាប័នរដ្ឋបាន ។ កីឡាជាតិដែលប្រារព្ធធ្វើរយៈពេល២ឆ្នាំម្តងនេះ គឺជាអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើឡើង ដើម្បីត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅឆ្នាំ២០២៣ខាងមុខ ។ ក្លិបកីឡាដែលបានបង្ហាញខ្លួននៅក្នុងពិធីនោះរួមមានមកពីក្រសួង និងរាជធានីខេត្តចំនួន២៨លើវិញ្ញាសាចំនួន២៧ ដោយមានអ្នកទទួលបានមេដាយសរុប១៤៩គ្រឿង ក្នុងនោះមានមេដាយមាស៨៣គ្រឿង។
ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់តំបន់អភិរក្ស ៖ កាលពីដើមខែ វិច្ឆិកា ឆ្នាំ២០១៨ ប្រទេសកម្ពុជាបានរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់តំបន់អភិរក្សសត្វព្រៃនៅខេត្តកំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុ(ភ្នំឱរ៉ាល់ និងឧទ្យានជាតិគីរីរម្យ)យ៉ាងកក្រើក ដោយមានកីឡាករជំនាញៗខាងយានយន្តជាច្រើនរូបចូលរួមប្រកួត ។
ព្រឹត្តិការណ៍នេះ ក្នុងថ្ងៃទី១ ក្រុមកីឡាករបានចាប់ផ្ដើមចេញដំណើរពីទីក្រុង ភ្នំពេញ ទៅខេត្តកំពង់ស្ពឺ ដោយប្រណាំងមានរយៈចម្ងាយ១៣៧គីឡូម៉ែត្រឆ្លងកាត់ក្រុងច្បារមន ស្រុកឱរ៉ាល់ និងភ្នំស្រួចដោយឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិគិរីរម្យ ។ សម្រាប់ការប្រណាំងនៅថ្ងៃទី២ ត្រូវបានចាប់ផ្តើមនៅលើទឹកដីខេត្តព្រះសីហនុ និងកំពត លើចម្ងាយផ្លូវ៥៨គីឡូម៉ែត្រ ដោយប្រណាំងកាត់ចំការដូងប្រេង ឆ្លងកាត់តាមជួរភ្នំក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដោយបើកបរលើកំណាត់ផ្លូវដីក្រហម ដីខ្សាច់ ផ្លូវចំការខ្វាត់ខ្វែង និងផ្លូវភក់ដែលមានឧបសគ្គជាងថ្ងៃទី១ ។
ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ នេះ មានការសហការរៀបចំដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា ដោយធ្វើការប្រណាំងឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិគិរីរម្យ នៅក្នុងខេត្តកំពតដែលឆ្លងកាត់តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ។
នៅក្នុងខេត្តព្រះសីហនុ ឆ្លងកាត់តំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងដែលមានចម្ងាយផ្លូវសរុបជាង៦៣០គឺឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះមានការចូលរួមប្រកួតពីកីឡាករ-កីឡាការិនីមកពី៥ប្រទេសរួមមានកម្ពុជា ថៃ អូស្ត្រាលី វ៉ែល ស្កត់ឡែន សរុបមានម៉ូតូ១៦គ្រឿង និងរថយន្តចំនួន ៩គ្រឿង។
ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ៖ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅខែមករា ដើមឆ្នាំ២០១៨ ដោយព្រឹត្តិការណ៍ដែលមានឈ្មោះថា Angkor Ultra Trail 2018 លើកទី៣នេះ មានកីឡាកររត់ផ្សងព្រេងចម្ងាយឆ្ងាយ១២៨គីឡូម៉ែត្រ នៅតំបន់អង្គរ ដោយចាប់ផ្ដើមកាលពីព្រលប់ថ្ងៃទី១៩ ខែមករា និងមានកីឡាករ-កីឡាការិនីចូលរួមរត់ជាង៨០០នាក់ ក្នុងនោះមានបរទេស៧៧៥នាក់ មកពី៤១ប្រទេសលើពិភពលោក ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ការប្រកួតរត់ចាប់ផ្ដើមចេញដំណើរពីមុខទីលានជល់ដំរី នៅខ្ទង់ម៉ោង៧យប់ លើវិញ្ញាសារត់ចម្ងាយ១២៨គីឡូម៉ែត្រ ដោយកីឡាករ-កីឡាការិនីម្នាក់ៗ ចំណាយពេល២៤ម៉ោងដើម្បីរត់កាត់វាលស្រែ ផ្លូវលំ ផ្លូវព្រៃជុំវិញតំបន់អង្គរ និងតំបន់អង្គរ ដោយគ្មានការឈប់សម្រាកឡើយ ។ ចំពោះការរត់ចម្ងាយឆ្ងាយលើកទី៣ លើទឹកដីអង្គរនេះ គឺមានកំណើនអ្នកចូលរួមច្រើនរហូតដល់ទៅជាង៨០០នាក់ ពោលគឺច្រើនជាងកាលពីឆ្នាំ២០១៧ ដែលមានអ្នកចូលរួមត្រឹមជាង៥០០នាក់ប៉ុណ្ណោះ ។
ព្រឹត្តិការណ៍ទាញព្រ័ត្រប្រចាំឆ្នាំ ៖ ការប្រកួតនេះបានធ្វើឡើងកាលពី ១៤-១៦ ខែសីហា ឆ្នាំ២០១៨ នៅកោះពេជ្រ ដោយមានក្រុមកីឡាទាញព្រ័ត្រមកពី១២ក្លិប-សមាគមចូលរួម ក្នុងនោះមានក្រុមកីឡាករ៩ក្រុម និងក្រុមកីឡាការិនី ៩ក្រុមចូលរួមប្រកួត ។
ការប្រកួតនេះ មិនត្រឹមតែជាការប្រកួតប្រជែងដណ្ដើមជ័យជម្នះ ឬមេដាយនោះទេ តែគឺជាឱកាសដ៏ល្អក្នុងនាមជាសហព័ន្ធក្មេងខ្ចី រួមទាំងមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និងកីឡាករ-កីឡាការិនី ត្រូវស្វែងយល់បន្ថែមពីចំណុចខ្លាំង និងចំណុចខ្វះខាតរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពបន្ថែម ដើម្បីធានាការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងទទួលបាននូវគុណភាពល្អ សម្រាប់ជាបទពិសោធន៍ឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។
ព្រឹត្តិការណ៍ប្រកួតបាល់ទះលើឆ្នេរខ្សាច់ ៖ ព្រឹត្តិការណ៍ដែលមានឈ្មោះថា Anchor International Beach Volleyball 2-Star FIVB World Tour 2018 បានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ និងបញ្ចប់នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ដោយមានក្រុមកីឡាករមកពី៧ខេត្តចូលរួមរួមមានខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម ខណៈដែលមណ្ឌលចុងក្រោយនៅរាជធានីភ្នំពេញ ហើយបើកការប្រកួតរយៈពេល៣ថ្ងៃ ។
មុនបើកប្រកួត គឺមានអ្នកដាក់ពាក្យចូលរួមរហូតដល់ទៅ២៩ក្រុម មកពី១៧ប្រទេស ដូចជាអូស្ត្រាលី កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ក្រិក ជប៉ុន នូវែលសេឡង់ រុស្ស៊ី ស៊ុយអែដ និងបណ្តាប្រទេសជាច្រើនទៀត។
ការប្រកួតកីឡាអេឡិចត្រូនិក ៖ ព្រឹត្តិការណ៍នេះរៀបចំកាលពីថ្ងៃទី២២និង២៣ ខែធ្នូ ឆ្នាំ២០១៨ ដោយមានក្រុមកីឡាករផ្នែកអេឡិចត្រូនិកច្រើនក្រុមចូលរួមប្រកួតប្រជែង ។ ការប្រកួតនេះ មានហ្គេមចំនួន៣ គឺ PUBG, CS:Go, និងDOTA2 ដែលហ្គេមទាំងនេះសុទ្ធសឹងជាហ្គេមល្បី និងកំពុងពេញនិយមខ្លាំង សម្រាប់អ្នកលេងហ្គេមដើម្បីឱ្យកីឡាករទាំងឡាយធ្វើការប្រកួត ។
លើសពីនេះទៅទៀត ក្រុមហ៊ុនROG ប្រចាំប្រទេសកម្ពុជាបានត្រៀមទឹកប្រាក់សរុបចំនួន១.២០០ដុល្លារសម្រាប់អ្នកឈ្នះ និងមានកាដូស្អាតៗជាច្រើនទៀត ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានវត្តមានចូលរួមពីសំណាក់ Youtuber ដែលជាអ្នកជំនាញលេងហ្គេមល្បីៗ ដើម្បីមកលេងហ្គេម និងចូលរួមសប្បាយជាមួយអ្នកគាំទ្ររបស់ខ្លួនផងដែរ ដោយក្នុងនោះមានដូចជា BroKH, Sdach Game, Raven Blaze, Rean Thort (ពួជ្រួញ) និងតារាកិត្តិយសជាច្រើនរូបទៀត ។
ទាំងនេះអាចបញ្ជាក់ថា វិស័យកីឡាអេឡិចត្រូនិកកម្ពុជា កាន់តែទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ៕
ចែករំលែកព័តមាននេះ