ខេត្តកំពង់ឆ្នាំង ៖ តាមប្រភពព័ត៌មានពីមន្ត្រីខ្លះនៅសាលាស្រុកកំពង់ត្រឡាច ដែលមិនសប្បាយចិត្តនឹងអំពើកឹបកេងប្រវ័ញ្ចយកដីរដ្ឋមកធ្វើជាដីឯកជននោះពួកគាត់បានបង្ហើបឲ្យដឹងថា ថ្មីៗនេះដីសាលាស្រុកកំពង់ត្រឡាចដែលមានចំនួន៨ហិកតា មានប័ណ្ណកម្មសិទ្ធិប្លង់រឹងដែលស្ថិតនៅក្នុងបញ្ជីសារពើភ័ណ្ឋត្រូវបានមន្ត្រីខិលខូចដាក់សំណើទៅក្រសួងមហាផ្ទៃស្នើសុំកាត់ពីរដ្ឋចំនួន២ហិកតា ដើម្បីធ្វើតំបន់ប្រតិបត្តិការសឹករងកំពង់ត្រឡាចបន្ទាប់ពីក្រសួងមហាផ្ទៃសម្រេចឱ្យចំនួន២ហិកតា តាមការស្នើសុំ ប៉ុន្តែត្រូវបានមន្ត្រីខិលខូចបន្លំយកបន្ថែមចំនួន៣ហិកតាទៀតសរុប៥ហិចតា ក្នុងនោះ២ហិកតាគឺធ្វើជាទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ត្រឡាច ។
ចំណែក៣ហិកតាទៀតត្រូវបានមន្ត្រីខិលខូចពុះចែកគ្នាលក់និងឱ្យក្រុមហ៊ុនមួយផ្នែកជាអ្នកឈរលក់ដោយដីទំហំ ត្រឹម៥គុណនឹង២២ម៉ែត្រតម្លៃពី៥ទៅ៧ពាន់ដុល្លារ ហើយមានការចុះហត្ថលេខាដឹងឮពីភូមិឃុំស្រុក ទៀតផង។
ជុំវិញបញ្ហាមិនប្រក្រតីខាងលើនេះលោកឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាចបានឆ្លើយប្រាប់អ្នកសារព័ត៌ថា រឿងនេះ ឲ្យទៅសួរលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងទៅ ។
ចំណែកលោកឧត្តមសេនីយ៍ទោ ធន់ ធឿនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ពិតជាមានការស្នើសុំដីចំនួន២ហិកតា ដើម្បីធ្វើទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ត្រឡាចពិតមែន ហើយក៏បានទទួលស្គាល់ពីក្រសួងមហាផ្ទៃថាបានប្រគល់អោយដែរ។ប៉ុន្តែត្រង់ថាលើសពីលើនេះ លោកអត់ដឹងនោះទេ ។ លោកអោយទៅសួរលោកអភិបាលខេត្តទៅ ។
ជាមួយគ្នានេះ អភិបាលខេត្តកំពង់ឆ្នាំងក៏បានប្រាប់អ្នកសារព័ត៌មានយើងថា សូមឲ្យទៅឆែកត្រួតពិនិត្យបច្ចុប្បន្នភាពថ្មី នៃបញ្ជីសារពើរភ័ណ្ឌទៅលោកមិនអាចឆ្លើយបានទេ។ ប្រភពព័ត៌មានពីខាងក្រៅបានឲ្យដឹងថាក្នុងចំណោមដី៣ហិតាដែលគេកាត់ពីទ្រព្យរដ្ឋក៏មានមួយចំណែករបស់ថ្នាក់ដឹកនាំខេត្តផងដែរ បើដូច្នេះមែន គេនាំគ្នាប្រឡេះយកឆៅតែម្តង ៕
ចែករំលែកព័តមាននេះ