យោងតាមវចនានុក្រមភាសាខ្មែរសម្តេច ជួន ណាត បានពន្យល់ពាក្យព្រះធម៌ដូច្នេះថា ភាវៈដែលទ្រទ្រង់សត្វលោកគឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត, ហេតុ, សភាព, ធម្មតា, ប្រក្រតី, ធម្មជាតិ, ប្រាជ្ញាញាណ, គុណ, សេចក្តីចម្រើន, អារម្មណ៍ខាងផ្លូវចិត្ត, ការរិះគិត, សង្ខារ, កិរិយាមារយាទ, បរិយត្តិ, ច្បាប់ ប៉ុណ្ណេះជាដើមហៅថា ធម៌ ។ ពាក្យនេះខ្មែរយើងធ្លាប់ប្រើជាធម្មតាមកគឺ សំដៅយកពាក្យប្រៀនប្រដៅឱវាទរបស់ព្រះពុទ្ធ និងអត្ថបទទូទៅដែលទាក់ទង់នឹងពុទ្ធសាសនា ។
ព្រះធម៌រមែងរក្សាយើងឱ្យបានសុខ ផុតចាកទុក្ខទាំងឡាយ តែធម៌នឹងមករក្សាយើងមិនបានទេ បើយើងមិនចូលទៅរកធម៌នោះ ប្រៀបដូចអាហារនឹងមកឱ្យយើងឆ្អែតមិនបានឡើយ បើយើងមិនទៅបរិភោគនូវអាហារនោះ ។
មែនហើយបើយើងមិនយកធម៌មកបដិបត្តិទេ ធម៌ក៏នឹងជួយអ្វីដល់យើងមិនបានឡើយ ដូច្នេះក្នុងការដែលយើងមាននូវសេចក្តីសុខ សេចក្តីចម្រើនទៅបាននោះ ក៏ព្រោះតែយើងបានបដិបត្តិនូវព្រះធម៌ហ្នឹងឯង ។
ព្រះធម៌ជារបស់ចាំបាច់ក្រៃលែងជាងអាហារ ក្រៃលែងជាងខ្យល់អាកាស និងក្រៃលែងជាងអ្វីៗទាំងអស់ ព្រោះធម៌ធ្វើឱ្យជីវិតយើងមានគុណតម្លៃ រស់នៅដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ។
ចែករំលែកព័តមាននេះ