ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរុញ​ឱ្យ​មន្ទីរ​កសិកម្ម​ត្រៀមខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​កសិករ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​បន្ត​សម្រាប់​ឆ្នាំ​២០១៩ របស់​មន្ទីរ​កសិកម្ម​ខេត្ត ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ​កន្លង​ទៅ នៅ​សាល​ប្រជុំ​មន្ទីរ​កសិកម្ម​ខេត្ត ។ លោក…

ខេត្តព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​បន្ត​សម្រាប់​ឆ្នាំ​២០១៩ របស់​មន្ទីរ​កសិកម្ម​ខេត្ត ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ​កន្លង​ទៅ នៅ​សាល​ប្រជុំ​មន្ទីរ​កសិកម្ម​ខេត្ត ។

លោក ចាន់ រ៉ា​ន់ អភិបាលរង​ខេត្ត មាន​ប្រសាសន៍ថា ការងារ​ធ្វើស្រែ​ចម្ការ​របស់​ប្រជា​កសិករ​នា​ពេល​បច្ចុប្បន្ន កំពុង​ត្រូវ​បាន​បញ្ជ្រាប​ចូល​នូវ​លក្ខណៈ​បច្ចេកទេស​វិទ្យាសាស្ត្រ​ដ៏​ជឿនលឿន ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម និង​កាត់​បន្ថយ​ហានិភ័យ​ទាំងឡាយ ដែល​កសិករ​បាន​និង​កំពុង​ជួប​ប្រទះ​លើ​វិស័យ​កសិកម្ម ដូច​ជា​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ សត្វល្អិត​ចង្រៃ និង​ជំងឺ​ផ្សេង​ៗ​ជាដើម​។

ដើម្បី​ជួយ​ឲ្យ​កសិករ​ធ្វើ​ការងារ​កសិកម្ម​នេះកាន់តែ​ទទួល​បាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល មន្ទីរ​កសិកម្ម​ខេត្ត​ត្រូវ​តែ​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ចុះ​ជួយ​ដល់​កសិករ នៅ​ពេល​ដែល​មាន​បញ្ហា​កើតឡើង និង​ត្រូវ​មាន​គ្រាប់ពូជ​ដំណាំ​ផ្សេង​ៗ​ដែល​ធន់​នឹង​អាកាសធាតុ ធន់​នឹង​សត្វល្អិត​ចង្រៃ សម្រាប់​ចែក​ជូន​ប្រជា​កសិករ​ដែល​ក្រីក្រ និង​ត្រូវការ​គ្រាប់ពូជ​ជា​ចាំបាច់​សម្រាប់​ធ្វើការ​បង្កបង្កើន​ផល​។
លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៨ ប្រជា​កសិករ​នៅ​ទូ​ទាំង​ខេត្តព្រៃវែង បាន​ធ្វើការ​បង្កបង្កើន​ផល​នៅ​លើ​ផ្ទៃដីដាំ​ដុះ​សរុប​ចំនួន​២៧៤.៦៧៦​ហិ​កតា ស្មើនឹង​១០៩,៨៧%​នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប ។ ដោយឡែក​ដំណាំ​ស្រូវ​នៅ​ទូ​ទាំង​ខេត្ត កសិករ​ធ្វើ​បានជា​មធ្យម៣,១៦​តោន​ក្នុង​មួយ​ហិ​កតា និង​ទិន្នផល​សរុប​ទូ​ទាំង​ខេត្ត​បរិមាណ​៨៦១.៦៥៦​តោន ។

ដោយឡែក សម្រាប់​ទិស​ដៅ​បន្ត​នៅ​ឆ្នាំ​២០១៩ មន្ទីរ​នឹង​ជំរុញ​ឱ្យ​កសិករ​បង្កើន​ការងារ​កសិកម្ម​ថែម​ទៀត តាម​រយៈ​សាលារៀន​ស្រែ​កសិករ បើក​វគ្គ​បណ្តុះបណ្តាល​ការ​ធ្វើស្រែ​បង្ហាញ ដោយ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ជំរុញ​ការងារ​ផលិតកម្ម​របស់​កសិករ​ឱ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារ ដើម្បី​ឱ្យ​ផលិតផល​ដែល​ផលិត​បាន​ទទួល​បាន​តម្លៃ​ខ្ពស់ ។ ពង្រីង​ការ​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍​សត្វ ផលិតផល​ដែល​មាន​ដើម​កំណើត​ពី​សត្វ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​លើកកម្ពស់​កសិផល​ក្នុងស្រុក ។ ពង្រឹង​ការ​អនុវត្ត​បទដ្ឋាន​គតិ​យុ​ត្ត​នានា ក្នុង​ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព ។ ជំរុញ​ការ​អនុវត្ត​ការ​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ និង​ពង្រឹងសមត្ថភាព​សហគមន៍​នេសាទ ដើម្បី​បង្កើន​ធនធាន​ត្រី និង​ការ​នេសាទ​ប្រកបដោយ​ចីរភាព ។ ជំរុញ​លើ​ការងារ​សិក្សា​ស្រាវជ្រាវ និង​ការ​ពិសោធន៍​នានា ទាក់ទង​ទៅ​លើ​បច្ចេកទេស​កសិកម្ម ដើម្បី​រុករក​បច្ចេកទេស​ថ្មី​ៗ​សម្រាប់​ធ្វើការ​ផ្សព្វផ្សាយ​ដល់​កសិករ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ តាម​រយៈ​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្បៀង​ដល់​សហគមន៍​កសិករ មន្ទីរ​កសិកម្ម​ខេត្ត បាន​ចែក​គោ​យន្ត​ភ្ជួរ​ដី​ចំនួន​១១​គ្រឿង ព្រមទាំង​ជី និង​សម្ភារ​កសិកម្ម​មួយ​ចំនួន​ទៀត ដល់​សហគមន៍​ឆ្នើម​ទាំង​១១​សហគមន៍​នៅ​ទូ​ទាំង​ខេត្ត ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជា​កសិករ​គំរូ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ