រាជធានីភ្នំពេញ ៖ ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី២៥ ធ្នូ ដើម្បីបើកសម័យប្រជុំពេញអង្គ ពិភាក្សា និងអនុម័តលើកសេចក្តីស្នើសុំវិសោធនកម្មមាត្រា៤៥ថ្មីនៃច្បាប់ស្តីពីគណបក្សនយោ បាយ ដើម្បីបើកផ្លូវដល់មន្ត្រីគណបក្សសង្គ្រោះជាតិអាចមានសិទ្ធិធ្វើនយោបាយឡើងវិញ ។
លោកម៉ម ប៊ុន នាងអ្នកនាំពាក្យព្រឹទ្ធសភាប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាក្រោមអធិបតីភាពលោក ស៊ីម កា អនុប្រធានទី១ ព្រឹទ្ធសភានាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីពិនិត្យ និងសម្រេចលើសេចក្ដីស្នើច្បាប់វិសោធនកម្មមាត្រា៤៥ថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយនេះ ។
លោក ម៉ម ប៊ុននាង ជាអ្នកនាំពាក្យព្រឹទ្ធសភាមានប្រសាសន៍ថា ព្រឹទ្ធសភាកំណត់យកថ្ងៃទី២៥ ខែធ្នូ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់វិសោធនកម្មមាត្រា៤៥ថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីធានាភាពច្បាស់លាស់លើបុគ្គលដែលត្រូវតុលាការសម្រេចហាមឃាតការធ្វើសកម្មភាពនយោបាយស្របតាមគោលការនីតិរដ្ឋ លើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាសម្រាប់ថ្វាយព្រះមហាក្សត្រ ដើម្បីឲ្យពួកគេមានសិទ្ធិធ្វើនយោបាយឡើងវិញ ។
លោកបន្តថា សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្ត្រចំនួន៨៧រូប ដោយធ្វើវិសោធនកម្មទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយដោយបន្ថែមនូវវាក្យខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ ) ដូចតទៅ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយមិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ ។ បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះនឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ» ។
សូមជម្រាបសេចក្តីស្នើច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងដោយឥតកែប្រែកាលពីថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីពិនិត្យរួចរាល់ដោយគណៈកម្មការជំនាញ ។ ក្រៅពីពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់វិសោធនកម្មមាត្រា៤៥ថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយនេះព្រឹទ្ធសភា ពិនិត្យពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់បរធនបាលកិច្ចផងដែរ ។ យ៉ាងណាក្តីទោះបីជាជាសញ្ញាណមួយដល់បើកផ្លូវដល់ក្រុមប្រឆាំងក្តីក៏អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានអំពាវនាវមិនឲ្យក្រុមមន្ត្រីទាំង១១៨នាក់ទទួលយកការផ្តល់សិទ្ធិនោះទេ ។
បើតាមមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិធ្លាប់បានឲ្យដឹងថា នៅពេលវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាននោះអាចនឹងមានមន្ត្រីអតីតប្រឆាំងដែលជាប់ បម្រាមប្រមាណជាង១០នាក់នឹងធ្វើសំណើរ ដើម្បីមានសិទ្ធិធ្វើនយោបាយឡើងវិញផងដែរ ។ ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចក៏បានអះអាងថា ក្នុងចំណោមអ្នកជាប់បម្រាមរបស់មន្ត្រីបក្សប្រឆាំងទាំង១១៨នាក់ ក៏មានឈ្មោះលោក កឹម សុខា អតីត ប្រធានគណបក្ស សង្គ្រោះជាតិក៏ត្រូវបានផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញផងដែរ ៕
ចែករំលែកព័តមាននេះ