ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដី​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស​ឡើង​ដល់​ណា​ហើយ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព្វថ្ងៃ​តំបន់​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស​ស្ទើរតែ​គ្មាន​ដី​ទំនេរ​សម្រាប់​លក់​ទៅ​ហើយ ព្រោះ​ជា​មហាវិថី​មួយ​ដែល​មាន​សក្ដានុពល​អាជីវកម្ម​ខ្លាំង​ជាងគេ បើ​ធៀប​នឹង​មហាវិថី​នានា​នៅ​រាជធានី​ភ្នំពេញ ។ ចំណែក​តម្លៃ​ដីធ្លី និង​សកម្មភាព​ទិញ​លក់ ក៏​មិនសូវ​មាន​សន្ទុះ និង​មមាញឹក​ដូច​តំបន់​ផ្សេង​ដែរ…

រាជធានី​ភ្នំពេញ ៖ សព្វថ្ងៃ​តំបន់​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស​ស្ទើរតែ​គ្មាន​ដី​ទំនេរ​សម្រាប់​លក់​ទៅ​ហើយ ព្រោះ​ជា​មហាវិថី​មួយ​ដែល​មាន​សក្ដានុពល​អាជីវកម្ម​ខ្លាំង​ជាងគេ បើ​ធៀប​នឹង​មហាវិថី​នានា​នៅ​រាជធានី​ភ្នំពេញ ។ ចំណែក​តម្លៃ​ដីធ្លី និង​សកម្មភាព​ទិញ​លក់ ក៏​មិនសូវ​មាន​សន្ទុះ និង​មមាញឹក​ដូច​តំបន់​ផ្សេង​ដែរ ព្រោះតែ​វា​ជា​តំបន់​ដែល​អភិវឌ្ឍន៍​រួច​ទៅ​ហើយ ដូច្នេះ​តម្លៃ​ដី​ក៏​ឡើង​កប់​យូរ​មក​ហើយ​ដែរ ។

បើ​តាម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី​៦ លោក ច្រឹ​ក សុខ​នី​ម ដែល​​ទើប​ជាប់​ឆ្នោត​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ម្សិលមិញ​ថា តម្លៃ​ដី​ដែល​ស្ថិត​នៅ​តាម​បណ្តា​ផ្លូវ និង​មហាវិថី​សំខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​បែងចែក​ខុស​ៗ​គ្នា ហើយ​មិនសូវ​មានការ​ទិញ​លក់​យ៉ាង​គគ្រឹកគគ្រេង​ដូច​ដី​នៅ​តំបន់​ផ្សេង​ទេ រហូត​ត្រូវ​បាន​អ្នកជំនួញ​លើ​វិស័យ​នេះ​ចាត់​ទុក​ថា ជា​តំបន់​ដី​កម្រ​ទៅ​ហើយ ។

លោក​ប្រធាន​សមាគម និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century21 Mekong រូប​នេះ បាន​បន្ដ​ថា ដី​ដែល​ស្ថិត​នៅ​តាម​បណ្តា​ផ្លូវ​ខាងលើ​នេះ​គឺ​ត្រូវ​បាន​គេ​គិត​តម្លៃ​ជា​ចំណែក​ផ្សេង​ៗ​ពី​គ្នា ។ លោក​ថា ៖« នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស បើ​គិត​ត្រឹមតែ​ពី​ម្ដុំ​ផ្សារ​ធំ​ថ្មី​មក​ដល់​តំបន់​ពេទ្យ​ចិន អាច​មាន​តម្លៃ​ចន្លោះ​ពី​៥.០០០​ទៅ​៦.០០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ហើយ​ចាប់ពី​ម្ដុំ​ពេទ្យ​ចិន​រហូត​ដល់​ម្ដុំ​ស្តុ​បបូ​គោ អាច​មាន​ចន្លោះ​៤.០០០​ទៅ​៥.០០០​ដុល្លារ ។ ដោយឡែក​ចាប់ពី​ចំណុច​ស្តុ​បបូ​គោ​រហូត​ដល់​ចំណុច​ក្បាលថ្នល់ អាច​នៅ​ចន្លោះ​ប្រមាណ​៣.០០០​ទៅ​៤.០០០​ដុល្លារ »​។

ទោះ​យ៉ាងនេះ​ក្ដី លោក​បញ្ជាក់​ថា តម្លៃ​ដី​ខាងលើ​នេះ​ក៏​អាស្រ័យ​លើ​ទីតាំង និង​ទំហំ​ដី​ផង​ដែរ ពិសេស​គឺ​ការ​ចង់បាន​របស់​អ្នក​វិនិយោគ ឬ​អ្នក​ដែល​មាន​តម្រូវការ​ខ្ពស់​ក្នុង​តំបន់​ដែល​ពួក​គេ​ចង់​ទិញ ។

វិស័យ​ដីធ្លី​មិន​ថា​នៅ​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​អនាគត​នោះ​ទេ ស​ន្ទ​ស្សន៍​នៃ​តម្លៃ​គឺ​នៅ​តែ​មាន​កំណើន​ជា​និច្ច ដោយសារ​តែ​កំណើន​ប្រជាសាស្ត្រ និង​ប្រាក់​ចំណូល​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង ។ អ្វី​ដែល​ជា​កត្តា​ចម្បង​នោះ គឺ​ប្រទេស​មាន​សុខ​សន្ដិភាព ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ចជាតិ​បន្ដ​មាន​កំណើន​រឹង​មាំ ដែល​ជា​កត្តា​បន្ដ​ទាក់ទាញ​វិនិយោគិន​បរទេស​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា ។

លោក ច្រឹ​ក សុខ​នី​ម មើលឃើញ​ថា ៖« ប្រសិនបើ​កម្ពុជា​នៅ​តែ​អាច​រក្សា​បាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​ដូច​ពេល​បច្ចុប្បន្ន​នេះ សម្រាប់​៥-១០​ឆ្នាំ​ខាង​មុខ​ទៀត តម្លៃ​ដី​នៅ​តែ​បន្ត​កើនឡើង ដែល​គិត​ជា​មធ្យម​អាច​ក្នុង​រង្វង់​ជាង​១០% ហើយ​ចំពោះ​ដី​ដែល​ស្ថិត​ក្នុង​តំបន់​ពាណិជ្ជកម្ម​ពិសេស ដូច​ជា​តំបន់​ទីប្រជុំជន​ក្នុង​ខេត្ត ឬ​ក្នុង​ក្រុង គឺ​អាច​មាន​កំណើន​តម្លៃ​ខ្ពស់​ជាង​នេះ​ទៅ​ទៀត »​។

ស្រ​ដៀង​គ្នា​នេះ​ដែរ អ្នក​នាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ CBRE Cambodia បាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ទៅ​លើ​វិស័យ​ដីធ្លី​សម្រាប់​ឆ្នាំ​២១០៩ ផង​ដែរ​ថា ៖« យើង​ពិតជា​មាន​មោទនភាព​រួច​មក​ហើយ ដែល​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅ តម្លៃ​ដីធ្លី​បាន​កើនឡើង​រហូត ពោល​គឺ​កាលពី​អំឡុង​ឆ្នាំ​២០០៨ តម្លៃ​ដី​ដែល​អាច​លក់​បាន​ខ្ពស់​ជាងគេ​បំផុត​នោះ គឺ​ត្រឹមតែ​២.៨០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ត្រឹម​ឆ្នាំ​២០១៨​នេះ តម្លៃ​ដី​ដែល​ខ្ពស់​អាច​ឡើង​រហូត​ដល់​៦.៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ហើយ​វា​នឹង​បន្ត​កើនឡើង​ខ្ពស់​ជាង​នេះ​ទៀត​នៅ​ពេល​ខាង​មុខ​នេះ »​។

អ្នក​នាង​បាន​បន្ត​ថា ៖« បើ​យើង​ធ្វើការ​ព្យាករ​ទៅ​ថ្ងៃ​អនាគត ក្នុង​ចន្លោះ​ចាប់ពី​៥-១០​ឆ្នាំ​ខាង​មុខ​ទៀត តម្លៃ​ដី​នៅ​កម្ពុជា​នៅ​តែ​មានការ​កើនឡើង​ខ្ពស់​ដដែល ដែល​អាច​ក្នុង​ចន្លោះ​ជាង​៧%​ឡើង​ទៅ »​។ អ្នក​នាង​ថា ៖« ចំពោះ​កំណើន​៧%​នេះ មិនមែន​មាន​ន័យ​ថា ជា​អត្រា​នៃ​កំណើនថេរ​ប្រចាំឆ្នាំ​នោះ​ទេ ប៉ុន្តែ​វា​អាច​មាន​ឆ្នាំ​ខ្លះ​ឡើង​បាន​៥% ឆ្នាំ​ខ្លះ​ឡើង​បាន​៧% ហើយ​ឆ្នាំ​ខ្លះ​ឡើង​បាន​ត្រឹម​៣%​ជាដើម ដែល​ការ​ព្យាករ​ចេញ​ជា​តួលេខ​នេះ ក៏​ព្រោះតែ​យើង​សម្អាង​ទៅ​លើ​ភាព​ជាក់ស្ដែង​នៃ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា ធៀប​ទៅ​នឹង​ប្រទេស​ជិតខាង​ក្នុង​តំបន់ ជា​ពិសេស​ប្រទេស​ថៃ ដែល​កំពុង​មាន​លំហូរ​វិនិយោគ​យ៉ាង​គំហុក ពី​សំណាក់​អ្នក​វិនិយោគ​ក្នុងស្រុក ក៏​ដូច​ជា​ជនបរទេស ជា​ពិសេស​ជនជាតិ​ចិន​ជា
ដើម »​។

អ្នក​នាង​បញ្ជាក់​ថា មាន​ហេតុផល​មួយ​ចំនួន​ទៀត ដែល​ជាក​ក្តា​ជំរុញ​ឱ្យ​វិស័យ​ដីធ្លី​កាន់តែ​ឡើង​តម្លៃ​ខ្លាំង ក៏​អាច​បណ្តា​មក​ពី​ដំណើរការ​វិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ជា​ពិសេស​ការ​រីក​ចម្រើន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​តែ​ម្ដង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ