ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ព្រមាន​ដក​រដ្ឋមន្ត្រី​ណា​ដែល​មិន​ព្រម​ផ្ទេរ​មុខងារ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ​សាន​នុ​វាទ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​ឲ្យ​ចប់​ត្រឹម​ឆ្នាំ​២០២០ និង​ព្រមាន​ដល់​រដ្ឋមន្ត្រី​ដែល​មិន​បាន​ផ្ទេរអំណាច​ការងារ​ដល់​ថ្នាក់​ក្រោម​ជាតិ ។ នេះ​បើ​តាម​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ។ លោក ង៉ា​ន់…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ​សាន​នុ​វាទ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​ឲ្យ​ចប់​ត្រឹម​ឆ្នាំ​២០២០ និង​ព្រមាន​ដល់​រដ្ឋមន្ត្រី​ដែល​មិន​បាន​ផ្ទេរអំណាច​ការងារ​ដល់​ថ្នាក់​ក្រោម​ជាតិ ។ នេះ​បើ​តាម​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ។

លោក ង៉ា​ន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បាន​ឲ្យ​ដឹង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា នៅ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពេល​កន្លង​មកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ឆ្នាំ​២០២០ គឺជា​ឆ្នាំ​ដែល​ត្រូវ​វាស់វែង​អំពី​វឌ្ឍនភាព​នៃ​ការ​ផ្ទេរ​មុខងារ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។

លោក​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​សន្និបាត​សម្តេច​ក៏​បាន​ព្រមាន​ថា បើ​ក្រសួង​ណាមួយ​មិន​ព្រម​ផ្ទេរ​មុខងារ​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​ទេ និង​ត្រូវ​ដក​ចេញពី​តំណែង​ជា​រដ្ឋមន្ត្រី​តែ​ម្តង ។ លោក​រដ្ឋលេខាធិការ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា​«​នៅ​ឆ្នាំ​២០២០ ប្រសិនជា ក្រសួង​ណាមួយ​មិន​ផ្ទេរ​មុខងារ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទេ​នោះ​រដ្ឋមន្ត្រី​នៃ​ក្រសួង​នោះ​នឹង​ត្រូវ​ដក​ចេញពី​តំណែង​ផង​ដែរ​» ។

លោក ង៉ា​ន់ ចំរើន បាន​មាន​ប្រសាសន៍​បន្ត​ថា ការ​ប្រកាស និង​ព្រមាន​បែប​នេះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​តាំងចិត្ត​ក្នុង​ការ​ធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ គឺ​ការ​ផ្ទេរ​មុខងារ​ទៅ​ឲ្យ​រដ្ឋ​បាន​ថ្នាក់​ក្រោម​ជាតិ ។ ពាក់ព័ន្ធ​ការ​ផ្ទេរ​មុខងារ​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា វា​អាច​កើត​ចេញពី​កត្តា​២ ទី​១- ការ​មិន​ទុកចិត្ត​សម ត្ថភាព​របស់​ថ្នាក់​ក្រោម​ជាតិ និង​កត្តា​មួយទៀត គឺ​ការ​ខ្លាច​បាត់បង់​សិទ្ធិ​អំណាច និង​ផលប្រយោជន៍ ។

សម្តេច​បាន​លើក​ឡើង​ថា ការងារ​ខ្លះ​មិន​ទាន់​ទាំង​ឲ្យ​គេ​ធ្វើ​ផង​យើង​ខ្លាច​មុន​ទៅ​ហើយ ដូចនេះ ត្រូវ​ទម្លាក់​ឲ្យ​ធ្វើ ប្រសិនជា​ធ្វើ​មិន​បាន​យើង​ត្រូវ​ចុះ​ទៅ​ប្រាប់​អំពី​របៀប​ធ្វើ​នោះ ។ លោក​បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ បាន​បង្ហាញ​ពី​ឆន្ទៈ និង​ការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​អនុវត្ត កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ធានា​សម្រេច​ឱ្យ​បាន​នូវ គោលដៅ និង​គោលបំណង​សំខាន់​ៗ​នានា​ដែល​បាន​កំណត់​នៅ​ក្នុង​កម្មវិធី​ជាតិ​រយៈពេល​១០ ឆ្នាំ (២០១០-២០២០) ។

នៅ​ប្រទេស​កម្ពុជា​បាន​ប្រើ​កំណែទម្រង់​ចំនួន​២ គឺ​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ។ វិមជ្ឈការ គឺជា​ការ​ផ្ទេរ​លើ​កិច្ច​ដំណើរការ​មួយ​នៃ​ការ​ផ្ទេរ​ការ​ទទួលខុសត្រូវ​ក្នុង​ការ​អនុវត្ត​នូវ​មុខងារ​ចាំបាច់ មួយ​ចំនួន​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ឬ​ក៏​ស្ថាប័ន​ណាមួយ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បំពេញការងារ​ដែល​ការ​អនុវត្ត​នូវ​ការងារ​នោះ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​ត្រូវ​បាន​ផ្ទេរ​មុខងារ​ជា​លក្ខណៈ​ជា​វិមជ្ឈការ​ត្រូវ​ទទួលខុសត្រូវ ត្រូវ​មាន​គណនេយ្យ​ភាព​មុន​បំផុត​មុន​ការ​ទទួលខុសត្រូវ​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន ។

ខ្លួន​ត្រូវ​ទទួលខុសត្រូវ​អំពី​ការ​អនុវត្ត​នៅ​តាម​ច្បាប់​នានា​របស់​ជាតិ​ដែល​ខ្លួន​មាន​សិទ្ធិ​ចាត់ចែង ប្រើប្រាស់​នូវ​ថវិកា និង​ធនធានមនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​មុខងារ ដើម្បី​ធានា​ការ​បំពេញការងារ ជូន​ប្រជាពលរដ្ឋ ។ លោក​បញ្ជាក់​ថា «​មាន​ន័យ​ថា វិមជ្ឈការ គឺ​ការ​ប្រគល់​នូវ​សិទ្ធិ​ស្ទើរតែ ទាំងស្រុង​ដែល​គាត់​ត្រូវ​ទទួលខុសត្រូវ បើ​គាត់​ធ្វើ​ខុស​ជាមួយនឹង​ច្បាប់​ជាតិ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ