ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ល្បុក្កតោ​2​រូប​កាន់តែមាន​ទីផ្សារ​សម្ដែង​ក្នុង​ខ្សែភាពយន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​សិស្ស​គុន​ដែល​មាន​ជំនាញ​ល្បុក្កតោ​ទាំងអស់ សម្រាប់​កីឡាករ​គេ​ឃើញ​មាន​ចំនួន​ច្រើន​នាក់​ដែល​មាន​ទីផ្សារ​នៅ​ក្នុង​វិស័យ​សម្ដែង ប៉ុន្តែ​កីឡាករ​ទាំងនោះ​មិនសូវ​មាន​ទីផ្សារ​បាន​យូរអង្វែង​ទេ ដោយ​បាន​សម្ដែង​តែ​មួយ​រឿង​ពីរ​រឿង​ក៏​បាត់​មុខ​ឈឹង លើកលែងតែ​តារា​ស្រី​ៗ​ដែល​មាន​ទីផ្សារ​ល្អ​ជាង ។ ក្នុង​ចំណោម​កីឡាការិនី​ល្បុក្កតោ ដែល​បាន​ចូល​សម្ដែង​ក្នុង​វិស័យ​ភាពយន្ត​គឺ​មាន​តែ​២​រូប​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​សិស្ស​គុន​ដែល​មាន​ជំនាញ​ល្បុក្កតោ​ទាំងអស់ សម្រាប់​កីឡាករ​គេ​ឃើញ​មាន​ចំនួន​ច្រើន​នាក់​ដែល​មាន​ទីផ្សារ​នៅ​ក្នុង​វិស័យ​សម្ដែង ប៉ុន្តែ​កីឡាករ​ទាំងនោះ​មិនសូវ​មាន​ទីផ្សារ​បាន​យូរអង្វែង​ទេ ដោយ​បាន​សម្ដែង​តែ​មួយ​រឿង​ពីរ​រឿង​ក៏​បាត់​មុខ​ឈឹង លើកលែងតែ​តារា​ស្រី​ៗ​ដែល​មាន​ទីផ្សារ​ល្អ​ជាង ។ ក្នុង​ចំណោម​កីឡាការិនី​ល្បុក្កតោ ដែល​បាន​ចូល​សម្ដែង​ក្នុង​វិស័យ​ភាពយន្ត​គឺ​មាន​តែ​២​រូប​ប៉ុណ្ណោះ ដែល​បាន​ឈរជើង​ជា​តារា​សម្ដែង​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​មក​ទល់​នឹង​បច្ចុប្បន្ន​។

ផ្អែក​តាម​ការ​តាមដាន កីឡាការិនី​ល្បុក្កតោ​២​រូប​នោះ​មាន​ទីផ្សារ​ខ្លាំងក្លា ហើយ​ក្លាយជា​តារា​ល្បីល្បាញ​ខាង​វិស័យ​សម្ដែង​ដូច​គ្នា ដោយ​មក​ទល់​នឹង​បច្ចុប្បន្ន តារា​ទាំង​២​ក៏​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដោយ​សូ​ម្បី​តែ​ការ​សម្ដែង​ក្នុង​រឿង​ខ្លី ឬ​ក្នុង​បទ​ចម្រៀង ក៏​អ្នក​ទាំង​ពីរ​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ផង​ដែរ​។

កីឡាការិនី​ទាំង​ពីរ​នោះ គឺ​កញ្ញា សម ថា​រ័​ត្ន ដែល​ជា​គ្រូ​គុន​ល្បុក្កតោ​ផង និង​ជា​កីឡាការិនី​ជម្រើសជាតិ​ផង និង​កីឡាការិនី ពេជ្រ ចរណៃ ដែល​ក្នុង​ពេល​នេះ កំពុង​បោះ​ជំហាន​ក្លាយជា​តួរង​ក្នុង​ភាពយន្ត និង​មាន​ទីផ្សារ​​ឡើង​កូដ​ស្ទើរតែ​មាន​អ្នកខ្លះ​មិន​ចាប់អារម្មណ៍​ថា​នាង​គឺជា​អ្នកជំនាញ​ល្បុក្កតោ ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​ច្រើន​ជាង​ឱកាស​ចេញ​ប្រកួត​នោះ​ផង ជា​ពិសេស​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​លេចមុខ​លេច​មាត់​កាន់តែ​ខ្លាំង​នៅ​ក្នុង​ភាពយន្ត​នា​រយៈពេល​ចុង​ក្រោយ ។ អ្វី​ដែល​គួរ​សរសើរ​គឺ​អ្នក​ទាំង​ពីរ​មិន​បាន​បោះបង់​ការងារ​ជា​អ្នក​ល្បុក្កតោ​នោះ​ទេ ដោយនៅ​តែ​លេចមុខ​ហ្វឹកហាត់ និង​មាន​សកម្មភាព​សស្រាក់​សស្រាំ​ជាមួយ​ល្បុក្កតោ​មិន​ដែល​ខាន បើ​ទោះជា​ទីផ្សារ​សម្ដែង​របស់​ខ្លួន​មានការ​ឈាន​ឡើង​ក្ដី​។

សម ថា​រ័​ត្ន មានឱកាស​បាន​សម្ដែង​ក្នុង​ខ្សែភាពយន្ត​មិន​តិច​រឿង​នោះ​ទេ ពោល​គឺ​តាំងពី​នាង​បាន​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ល្បុក្កតោ​ដំបូង​ៗ​មក​ម្ល៉េះ ប៉ុន្តែ​នាង​ទើបតែ​ត្រូវ​គេ​ស្គាល់​ខ្លាំង​តាម​រយៈ​ការ​សម្ដែង​​ក្នុង​រឿង​«​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​» ដែល​ជា​ស្នាដៃ​របស់​អ្នកស្រី​អែន​ជេ​លី​ណា​ជូ​លី ដោយ​នាង​បាន​តំណែង​ជា​តួអង្គ​មេកង​នៅ​ក្នុង​សម័យ​ប៉ុ​ល​ពត និង​ជា​តួ​ដែល​មាន​សកម្មភាព​រហ័ស​រ​ហួ​ន ហើយ​មាន​ចរិត​ម៉ឺងម៉ាត់​ស័ក្ដិសម​នឹង​ចរិត​របស់​នាង​នៅ​ខាងក្រៅ ។

នាង​ធ្លាប់​ប្រកាស​ថា មិនសូវ​មាន​ជំនាញ​ជា​អ្នក​សម្ដែង​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​មាន​តម្រូវការ ហើយ​នាង​ក៏​ចង់បាន​លុយ និង​ចង់​សាកល្បង​សមត្ថភាព​ផង ទើប​នាង​ទទួលយក​ការងារ​សម្ដែង​មក​ទល់​នឹង​ពេល​នេះ ។ នាង​កាន់តែ​ជក់ចិត្ត​នឹង​ការ​សម្ដែង​ខ្លាំង​ថែម​ទៀត​នៅ​ពេល​ប្រឡូក​បាន​មួយ​រយៈ ហើយ​ត្រូវ​បាន​ផលិត​ករ​ទាក់ទង​ឱ្យ​ថត​ជា​ហូរហែ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​សប្បាយចិត្ត​គឺ​បាន​សម្ដែង​ជា​តួអង្គ​លេចធ្លោ​និង​បាន​តម្លៃ​ខ្លួន​ខ្ពស់ ។ ក្រៅពី​សម្ដែង​ជា​តួ​នារី​ជើង​ខ្លាំង និង​មាន​ចរិត​ជា​ប្រុស នាង​ក៏​ធ្លាប់​ថត​បង្ហាញ​ម៉ូ​ដ​ដោយ​តែង​តួ​ជានា​រី​ស្រគត់ស្រគំ​ដែល​ធ្វើ​ឱ្យ​អ្នក​ណា​ក៏​លង់​នឹង​សម្រស់​របស់​នាង​ផង​ដែរ ជា​ពិសេស​អ្នក​មិន​ធ្លាប់​ឃើញ​នាង​គ្រង​ឈុត​នារី​ស្រគត់ស្រគំ ហើយ​ធ្វើ​សក់​ឱ្យ​លេច​សម្រស់​របស់​ខ្លួន​ខ្យូ​ត​ៗ​។

នាង​អះអាង​ថា ខ្លួន​មាន​ផលិតករ​ទាក់ទង​ឱ្យ​ចេញ​សម្ដែង​ពី​មួយ​ទៅ​មួយ​មិនសូវ​អាក់ខាន​នោះ​ទេ ប៉ុន្តែ​អាច​មក​ពី​នាង​មិន​ដាច់​អាល័យ​ពី​ក្លិប​ល្បុក្កតោ និង​នៅ​តែ​ទទួល​ប្រកួត​ជា​ហូរហែ ទើប​ធ្វើ​ឱ្យ​ការ​សម្ដែង​ខ្លះ​នាង​បដិសេធ ដោយ​សុខចិត្ត​ទទួល​ប្រកួត​ច្រើន​ជាង ។

សម ថា​រ័​ត្ន និយាយ​ថា ឪពុក​នាង​គឺជា​តន្ត្រីករ ចំណែក​រូប​នាង​បែរជា​ចូល​ចិត្ត​កីឡា ប៉ុន្តែ​ចុង​ក្រោយ​នាង​ក៏​បាន​ក្លាយជា​តារា​សម្ដែង​ដែល​ជា​ជំនាញ​សិល្បៈ​តាម​លំនាំ​ឪពុក​របស់​នាង ខណៈ​ដែល​នាង​ក៏​នៅ​តែ​ចង់​ស្នង​ឪពុក​របស់​នាង​ដើម្បី​អាច​លេង​វី​យូ​ឡុ​ង ឬ​និពន្ធ​បទ​ចម្រៀង​បាន​មួយ​ចំនួន ដូច​គ្នា​នឹង​លោកឪពុក​ផង​ដែរ ។ ប៉ុន្តែ​នាង​សម្ដែង​ការ​សោកស្ដាយ​ដែល​ឪពុក​របស់​នាង​បាន​ធ្លាក់ខ្លួន​ពិការ ក្នុង​ពេល​ដែល​នាង​មិន​ទាន់​ទាំង​ត្រៀមខ្លួន​ឱ្យ​ឪពុក​បង្រៀន​ផង ខណៈ​ដែល​ក្នុង​ពេល​ឪពុក​ជា​រូប​នាង​រវល់​តែ​រឿង​ចេញ​ប្រកួត និង​ចេញ​សម្ដែង ប៉ុន្តែ​ក្នុង​ពេល​ចាប់ផ្ដើម​ត្រៀមខ្លួន បែរជា​ឪពុក​មិន​អាច​បង្រៀន​បាន​។

ចំណែក​ពេជ្រ ចរណៃ គឺជា​សិស្សគណក្នុង​សាលា​គុន​ល្បុក្កតោ​វត្តថា​ន់​ជា​យូរ​ឆ្នាំ​មក​ហើយ តែ​នាង​មិនសូវ​មាន​អ្នក​ស្គាល់​នោះ​ទេ​ក្នុង​ពេល​ហ្វឹកហាត់​ល្បុក្កតោ​ដំបូង​ៗ ។ ក្រោយមក​នាង​ត្រូវ​បាន​ផលិតករ​ផ្ដល់​ឱកាស​​ឱ្យ​សម្ដែង​ជា​តួ​វាយតប់ និង​ជា​តួ​បាញ់បោះ ហើយដោយ​សារ​តែ​នាង​មាន​រូប​សម្រស់​ស្រស់​ស្អាត ទើប​នាង​ចាប់ផ្ដើម​មាន​ទីផ្សារ​សម្ដែង​ច្រើន​ឡើង​ៗ​។

នាង​ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ច្បាស់​នៅ​ពេល​បាន​ក្លាយជា​សមាជិកគ្រួសារ​តារា​កម្ពុជា ហើយ​ស្រាប់តែ​មាន​ជំងឺ​ដាច់​សរសៃ​ប្រឹស​បេះដូង និង​ប្រហោង​បេះដូង​ប្រឈម​ការ​ស្លាប់​ទាំង​វ័យក្មេង ហើយ​ត្រូវ​បាន​គ្រួសារ​តារា​កម្ពុជា​ចេញ​មុខ​ប្រ​កូក​ប្រកាស​ស្វែងរក​ជំនួយ​ជួយ​នាង ។ នាង​កាន់តែ​ក្លាយជា​តារា​ដែល​មាន​គេ​ស្គាល់​ខ្លាំង​ឡើង បន្ទាប់​ពី​ជំងឺ​របស់​នាង​ត្រូវ​បានដឹង​ដល់​លោក ខៃ ប្រសិទ្ធិ ហើយ​លោក​ចេញ​មុខ​ផ្ដល់​លុយ​ម៉ឺន​ដុល្លារ​ដើម្បី​ឱ្យ​នាង​បាន​វះកាត់​បេះដូង​។ ក្រោយ​ការ​វះកាត់​បាន​ជោគជ័យ​នៅ​មន្ទីរពេទ្យ​ថៃ នាង​ក៏​បាន​ក្លាយជា​តារា​ដែល​មានឈ្មោះ​បោះ​សំឡេង ហើយ​មាន​ទីផ្សារ​សម្ដែង​ចង់​លប់​លើស​តារា​សម្ដែង​ទៅ​ទៀត ដោយ​អ្នកខ្លះ​សឹង​មិន​ចាប់អារម្មណ៍​ថា នាង​គឺជា​កីឡាការិនី​ល្បុក្កតោ​ប្រចាំ​វត្តថា​ន់​ផង​។

យ៉ាងណាមិញ ពេជ្រ ចរណៃ មិន​បាន​បោះបង់​ក្លិប​ល្បុក្កតោ​វត្តថា​ន់​របស់​ខ្លួន​នោះ​ទេ ដោយ​នាង​នៅ​តែ​លេចមុខ​ហ្វឹកហាត់​ក្នុង​ក្លិប​ក្រោយ​ពេល​ជា​មក​ទល់​នឹង​ពេល​នេះ បើ​ទោះជា​ការ​សម្ដែង​របស់​នាង​ស្ទើរ​រក​ពេល​ឱ្យ​នាង​សម្រាក​មិន​បាន​។ ពេជ្រ ចរណៃ បញ្ជាក់​ថា នាង​ក្រោយ​ពេល​ជា​គឺ​មាន​ផលិតករ​ហៅ​សម្ដែង​ជា​តួ​ធំ​ៗ​ខុស​ប្លែក​ពី​មុន ប៉ុន្តែ​នាង​មិន​ចោល​ល្បុក្កតោ​នោះ​ទេ ដោយសារ​តែ​នាង​ស្រឡាញ់ និង​ចង់​ចូលរួម​ថែរក្សា​ក្បាច់គុន​ដូនតា​មួយ​នេះ​បន្ត​ទៀត ។

សំខាន់​គឺ​នាង​ចង់​ស្វែង​យល់​ក្បាច់គុន​ល្បុក្កតោ​ឱ្យ​បាន​ស៊ី​ជម្រៅ ទើប​នាង​មិន​អាច​ចោល​បាន ដោយ​អះអាង​ថា​លើកលែងតែ​រវល់​ថត​ទៅ​ហាត់​មិន​បាន​ប៉ុណ្ណោះ ទើប​នាង​អវត្តមាន​ពី​ក្លិប​ល្បុក្កតោ​វត្តថា​ន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ