កសិករ​មណ្ឌលគិរី​អះអាង​ថា​តម្លៃ​ដំឡូង​មី​កំពុង​ល្អ​ប្រសើរ

Sponsored

ខេត្តមណ្ឌលគិរី ៖ កសិករ​ដាំ​ដុះ​ដំឡូង​មី​នៅ​ខេត្តមណ្ឌលគិរី បាន​អះអាង​ថា តម្លៃ​ដំឡូង​មី​បច្ចុប្បន្ន​កំពុង​លក់​បាន​ថ្លៃ តែ​សោកស្តាយ​ទិន្នផល​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ៗ​បន្ដិច ធ្វើ​ឲ្យ​ពួក​គាត់​អន្ទះសា​គ្រប់​គ្នា ព្រោះ​គ្មាន​ផលិតផល​សម្រាប់​លក់​ឲ្យ​ឈ្មួញ ។

បើ​តាម​កសិក​ឈ្មោះ ញឿ​ន ញ៉ា​ញ់ ដែល​ដាំ​ដំណាំ​ដំឡូង​មី នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បានឱ្យ​ដឹង​ថា ទិន្នផល​ដំឡូង​មី​ឆ្នាំ​នេះ​បាន​ថយ​ចុះ​ជាង​ឆ្នាំ​មុន តែ​ចំពោះ​តម្លៃនៅលើទីផ្សារ​វិញ គឺ​អាច​ទទួលយក​បាន ។ លោក​បន្ត​ថា ឆ្នាំ​មុន​ៗ ការ​ប្រមូល​ផល​ដំឡូង​មី​ក្នុង​១​ហិ​កតា អាច​ទទួល​បាន​ផល​ប្រហែល​១៥​ទៅ​២៥​តោន តែ​ឆ្នាំ​នេះ​ពុំ​សូវ​មាន​មើម​ធំ​ៗ​ល្អ​នោះ​ទេ ។ និយាយ​រួម​គឺ​ខុស​គ្នា​ដាច់​ស្រឡះ​ពី​ឆ្នាំ​មុន​តែ​ម្តង ។
លោក​បញ្ជាក់​ថា ៖« ឆ្នាំ​នេះ ដំណាំ​ដំឡូង​មី​របស់ខ្ញុំ​ក្នុង​១​ហិ​កតា​បាន​ផល​ត្រឹមតែ​៨​ទៅ​១០​តោន​ប៉ុណ្ណោះ ។ ចំពោះ​តម្លៃ​វិញ បើ​អ្នក​ប្រមូល​ផល​មុនគេ​លក់​បាន​រហូត​ទៅ​ដល់​៣៩០​ដល់​៤១៥​រៀល ដែល​អាច​មាន​លទ្ធភាព​ចំណេញ​បាន​ខ្លះ ហើយ​ខ្ញុំ​សង្ឃឹមថា តម្លៃ​ដំឡូង​មី​ឆ្នាំ​នេះ នឹង​មិន​ធ្លាក់​ចុះ​វិញ​ទេ នៅ​ពេល​ដែល​ដំឡូង​មី ដល់​រដូវ​ប្រមូល​ផល​ពេញលេញ​នោះ » ។

លោក ស៊ុ ជី​វ័​ន្ត ម្ចាស់​ដេប៉ូ​ទទួល​ទិញ​ដំឡូង​មី​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា តម្លៃ​ដំឡូង​មី​ឆ្នាំ​នេះ​ល្អ​ជាង​ឆ្នាំ​មុន​ៗ ព្រមទាំង​មាន​ទីផ្សារ​ល្អ​ទៀត​ផង ។ លោក​បញ្ជាក់​ថា ៖« បច្ចុប្បន្ន​តាម​ដេប៉ូ​ទទួល​ទិញ​ដំឡូង​មី​ក្នុង​តម្លៃ​ចន្លោះ​ពី​៣៩០​ទៅ​៤១៥​រៀល ក្នុង​១​គីឡូក្រាម »​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី លោក សុង ឃាង បាន​ឲ្យ​ដឹង​ថា ទូ​ទាំង​ខេត្តមណ្ឌលគិរី មាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ប្រមាណ​១​ម៉ឺន​២​ពាន់​ហិ​កតា បើ​ធៀប​នឹង​ឆ្នាំ​មុន​គឺ​ប្រហាក់ប្រហែល​គ្នា ។
លោក​បន្ដ​ថា ក្នុង​ចំណោម​ក្រុង​-​ស្រុក​ទាំង​៥​របស់​ខេត្ត គឺ​ស្រុក​កែវ​សីមា និង​ស្រុក​ពេ​ជ្រា​ដា មាន​កសិករ​ដាំដំឡូង​មី​ច្រើន​ជាងគេ ។ លោក​បញ្ជាក់​ថា ៖« ពាក់ព័ន្ធ​នឹង​ទិន្នផល​ដំឡូង​មី​ឆ្នាំ​នេះ​មិនសូវ​មាន​មើម​ធំ​ៗ គឺ​មក​ពី​កត្តា​ដី​ខ្វះ​ជីជាតិ ព្រោះតែ​បងប្អូន​កសិករ​ដាំ​ដំណាំ​ដដែល​ៗ​លើ​ដី​ចាស់​ដែល​នាំ​ឲ្យ​ខ្សោះ​ជីជាតិ ហើយ​ករណី​នេះ​ខាង​មន្ទីរ​ជំនាញ ក៏​ធ្លាប់​បាន​ចុះ​ណែនាំ​ឲ្យ​ផ្លាស់​ប្តូរ​មុខ​ដំណាំ​ដែរ ដើម្បី​ប្រែក្លាយ​ដី​ឲ្យ​មាន​ជីជាតិ​ឡើង​វិញ តែ​ទោះជា​យ៉ាងណា តម្លៃ​ដំឡូង​មី​ឆ្នាំ​នេះ​គឺ​កសិករ​អាច​ទទួលយក​បាន និង​មានចិត្ត​សប្បាយ​រីករាយ​គ្រប់​គ្នា »​។ វិស័យ​ដំឡូង​មី​កម្ពុជា កាន់តែ​រីក​ចម្រើន បន្ទាប់​ពី​មាន​ដៃគូ​វិនិយោគ និង​ភាគី​ពាក់ព័ន្ធ បាន​ចូល​មក​អភិវឌ្ឍន៍​ជា​បន្ដបន្ទាប់ ពិសេស​ក្រោយ​ពេល​មាន​រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ចាប់ផ្ដើម​ដំណើរការ​សង្វា​ក់​ផលិតកម្ម​កែ​ច្នៃ​ដំឡូង​មី​សម្រាប់​នាំ​ចេញ​មក ធ្វើ​ឲ្យ​តម្លៃ និង​ទីផ្សារ​ដំឡូង​មី​ហក់​ឡើង​តែ​ម្ដង ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​២៣ សីហា កន្លង​មក អង្គការ​UNDP ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន​Green Leader ដែល​ជា​ក្រុមហ៊ុន​បាន​និង​កំពុង​វិនិយោគ​រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​នៅ​ខេត្តក្រចេះ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​ជំរុញ​លើកកម្ពស់​វិស័យ​ដំឡូង​មី​កម្ពុជា ប្រកបដោយ​បរិ​យា​ប័ន្ន និង​មាន​និរន្តរភាព ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ដំឡូង​មី​របស់​កម្ពុជា ។

យោង​តាម​របាយការណ៍​អគ្គ​នាយ​ដ្ឋា​ន​កសិកម្ម​បាន​បង្ហាញ​ថា កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ ការ​នាំ​ចេញ​ផលិតផល​ចំណិត​ដំឡូង​មី​ស្ងួត​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ប្រមាណ​ជាង​២,៣​លាន​តោន ខណៈ​ដែល​ការ​នាំ​ចេញ​ដំឡូង​មី​ស្រស់ មាន​ចំនួន​ជាង​៧៥​ម៉ឺន​តោន ក្នុង​នោះ​ប្រទេស​ថៃ និង​វៀតណាម ត្រូវ​បាន​ចាត់​ទុក​ថា ជាទី​ផ្សារ​ធំ​បំផុត​ក្នុង​ការ​នាំ​ចេញ ខណៈ​ទីផ្សារ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ផ្ទាល់ ហាក់​មាន​តិចតួច​នៅ
ឡើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ