មនុស្ស​រាប់​សិប​នាក់​ផ្អើល​រត់​ចែក​ជើង​គ្នា​កណ្តាល​ថ្ងៃ​ទាំង​ព្រលឹង​ចុង​សក់


ខេត្តព្រៃវែង ៖ កំពុង​តែ​ហ៊ោរ​សប្បាយ​កងរំពង​ព្រៃ​ស្រាប់តែ​កម្លាំង​អាវុធហត្ថ​ចុះ​ទៅ​ដល់​ធ្វើ​អោយ​ក្រុម​អ្នក​វក់​នឹង​ល្បែង​ជល់​មាន់​រាប់​សិប​នាក់​ផ្អើល​រត់​ចែក​ជើង​គ្នា​ទាំង​ព្រលឹង​ចុង​សក់ ដោយ​មិន​នឹក​ស្មានថា មាន​សមត្ថកិច្ច​ចុះ​ទៅ​ចាប់​សោះ ព្រោះ​បាន​ចរចា​រួច​អស់ហើយ ។

ប្រតិបត្តិការ​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦​ធ្នូ​នេះ នៅ​ចំណុច​ភូមិ​គោក​ព្រាល ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ កម្លាំង​អាវុធហត្ថ​ដែល​ចុះ​ប្រតិបត្តិការ​នេះ​មាន​គ្នា​ចំនួន​១២​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយឯក ញ៉ែ​ម វី​រៈ​ជួប មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដោយ​ប្រើប្រាស់​រថយន្ត​១​គ្រឿង និង​ម៉ូតូ​៥​គ្រឿង​ជា​មធ្យោបាយ ។

លោក​វរសេនីយត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​អាវុធហត្ថ​ចាប់​បាន​មាន់​ជល់​ចំនួន​៤​ក្បាល មេអាប៉ោង​ចំនួន​៣ និង​ម៉ូតូ​អ្នក​ទៅ​លេង​មាន់​ជល់​ចំនួន​៣៩​គ្រឿង វត្ថុ​តាង​ទាំង​អស់នេះ​ក្រោយ​ពី​ត្រូវ​ចាប់​បាន គឺ​ត្រូវ​បាន​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ទាំងអស់ ដើម្បី​បំពេញ​នីតិវិធី ។

ដោយឡែក​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ស្មោង​ជើង​នោះ​បាន​ប្រាប់​អោយ​ដឹង​ថា ទីតាំង​សង្វៀន​ជល់​មាន់​នេះ​គេ​បាន​បើក​លេង​យូរណាស់​មក​ហើយ ចំណែក​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​វិញ​កុំ​ថា ឡើយ​ទៅ​ចាប់​សូ​ម្បី​តែ​ទៅ​ក្បែរ​ក៏​មិន​ដែល​ទៅ​ដែរ ព្រោះ​ម្ចាស់​សង្វៀន​នេះ​គេ​បាន​សែន​ត្រូវ​អស់ហើយ ។ ហើយ​ការ​ចុះ​បង្ក្រាប​របស់​មន្ត្រី​អាវុធហត្ថ​នា​ពេល​នេះ មិន​ត្រឹមតែ​ធ្វើ​អោយ​ក្រុម​អ្នក​ញៀន និង​ល្បែង​ជល់​មាន់​ទាំងនោះ​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​រត់​បាតជើង​សរ​ព្រាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​អោយ​ពួក​គេ​គ្រប់​គ្នា​ឆ្ងល់​ជា​ខ្លាំង​ផង​ដែរ ហេតុ​អ្វី​មាន​កម្លាំង​អាវុធហត្ថ​ចុះ​ចាប់​…..​? ក្រែង​ម្ចាស់​សង្វៀន​បាន​ដើរ​សែន​ត្រូវ​អស់ហើយ​តើ​……​? ចំណែក​អ្នកខ្លះ​បាន​អះអាង​ថា បើ​សែន​ត្រូវ​ហើយ​គេ​មិន​ចុះ​ចាប់​ទេ មក​ពី​មិន​សែន នាំ​គ្នា​លេង​លោត​ឆ​ត្រ័​……. ថ្ងៃក្រោយ​អោយ​រៀង​…..! ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ