ខេត្តស្ទឹងត្រែង ៖ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលធ្វើឡើងដោយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តនារសៀលម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី៣០ មិថុនា ២០១៣នេះធ្វើឱ្យមានការអបអរយ៉ាងខ្លាំងពីសាធារណជន ដោយសារក្រុមសមត្ថកិច្ចរឹបអូសបានគ្រឿងញៀន១គីឡូក្រាម គិតជាទឹកប្រាក់ប្រហែលជិត៥ម៉ឺនដុល្លារពីឈ្មួញគ្រឿងញៀនជនជាតិឡាវប្រុស-ស្រី២នាក់ ។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនល្មើសទី១-ឈ្មោះខាំភូ ស៊ីសុវត្ថិ ភេទប្រុស អាយុ៦៧ឆ្នាំ និង២-ឈ្មោះអាត់ សនប៉ាសឺត អាយុ៣០ឆ្នាំ ។ ក្រោយពីទទួលបានបញ្ជាពីលោកនាយឧត្តមសេនីយ៍សៅ សុខា ឱ្យរាល់សមត្ថកិច្ចកងរាជអាវុធហត្ថតាមអង្គភាពមូលដ្ឋានជាប់ព្រំដែនឡាវ និងដោយបានទទួលយោបល់ពីគណៈបញ្ជាការឯកភាពខេត្តឱ្យយកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យទប់ស្កាត់បញ្ហាគ្រឿងញៀន ទើបរសៀលនេះកងរាជអាវុធហត្ថខេត្តឈានដល់ការចាប់ឃាត់ខ្លួនជនល្មើសគ្រឿងញៀនជនជាតិឡាវទាំង២នាក់នេះនៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ជាចំណងដៃបញ្ជាក់ពីការខិតខំរបស់សមត្ថកិច្ចចំពោះអភិបាលខេត្តថ្មី លោកកុល សំអុល។
ចំណាត់ការជាចម្បងជំហ៊ានដំបូងសមត្ថកិច្ចធ្វើសន្និសីទកាសែតបង្ហាញភស្តុតាងរឹបអូសបានគ្រឿងញៀនប្រភេទទឹកកក១គីឡូក្រាម និងរថយន្តមីតស៊ុយប៊ីស៊ី១គ្រឿង និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ