ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកបើករ៉ឺម៉កម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយរថយន្តធុនធំមួយគ្រឿងមិនស្គាល់អត្តសញ្ញាណបើកមកកៀរបណ្តាលឱ្យដួលបោកទៅលើថ្នល់ជាតិ ខណៈបុរសរូបនោះបើករ៉ឺម៉កម៉ូតូដឹកអីវ៉ាន់សំពីងសំពោង និងដឹកប្រពន្ធ-កូនពីក្រោយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៣០ មិថុនា នៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចគល់ស្ពានអូរសណ្តាន់ ស្ថិតក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។
លោកទឹម ចាន់ធី អធិការរងនគរបាលស្រុករលាប្អៀរទទួលបន្ទុកផ្នែកចរាចរណ៍បានឱ្យដឹងថា បុរសរងគ្រោះឈ្មោះហែម អុល អាយុ៥១ឆ្នាំ មានទីលំនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ជាអ្នកដឹកឥវ៉ាន់ដើរលក់តាមរោងបុណ្យ រោងល្ខោន តាមទីជនបទនានាក្នុងខេត្តដែលមានកម្មវិធីបុណ្យទាន។
នៅព្រឹកថ្ងៃកើតហេតុបុរសរូបនោះបានបើករ៉ឺម៉កម៉ូតូដោយដឹកឥវ៉ាន់សំពីងសំពោង និងមានដឹកប្រពន្ធឈ្មោះសោ ប៊ន អាយុ៥១ឆ្នាំ រួមទាំងកូនតូច២នាក់ពីលើដោយចេញដំណើរត្រឡប់មកពីខេត្តកំពង់ស្ពឺឆ្ពោះទៅកាន់លំនៅឋាននៅខេត្តបាត់ដំបងវិញ លុះមកដល់ចំណុចកើតហេតុមានរថយន្តធុនធំមួយគ្រឿងបើកក្នុងទិសដៅបញ្ច្រាសគ្នាបានមកកៀរចំឥវ៉ាន់ដែលលៀនចេញពីទ្រុងរ៉ឺម៉កផ្នែកខាងក្រោយធ្វើឱ្យកាច់បោកម៉ូតូដួលលើថ្នល់ជាតិបណ្តាលឱ្យអ្នកបើករ៉ឺម៉កម៉ូតូបោកក្បាលនឹងថ្នល់បែកទាំងមួកសុវត្ថិភាពស្លាប់ភ្លាមៗតែម្តង។ ចំណែកស្ត្រីជាប្រពន្ធ និងកូនៗទាំង២នាក់បានធ្លាក់មកក្រោមដែរ តែមិនបណ្តាលឱ្យរងរបួសអ្វីទេ។ ក្រោយពេលកើតហេតុរថយន្តបង្កបានបើកគេចបាត់។
ចែករំលែកព័តមាននេះ