ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

10​ខែ​ឆ្នាំ​នេះ ភ្ញៀវ​បរទេស​មក​ដល់​កម្ពុជា​មាន​ជិត​5​លាន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​៤,៨​លាន​នាក់ គាំទ្រ​កំណើន​សំខាន់​ដោយ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ដែល​មាន​រហូត​ដល់​ជាង​១,៦​លាន​នាក់ ។ ក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​៤,៨​លាន​នាក់ គាំទ្រ​កំណើន​សំខាន់​ដោយ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ដែល​មាន​រហូត​ដល់​ជាង​១,៦​លាន​នាក់ ។

ក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​មក​ដល់​កម្ពុជា តាម​រយៈ​ផ្លូវអាកាស មាន​រហូត​ដល់​ជាង​៣,៣​លាន​នាក់ ឬ​ស្មើនឹង​៦៨%​នៃ​ភ្ញៀវ​បរទេស​មក​ដល់​សរុប​។ ក្នុង​ចំណោម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី ឃើញ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាងគេ​ដែល​មាន​រហូត​ដល់​១.៥៧៨.៣១៧​នាក់ ខណៈ​អាកាសយានដ្ឋាន​ភ្នំពេញ​ក៏​មាន​ប្រហាក់ប្រហែល​គ្នា​ដែរ គឺ​មាន​ចំនួន​១.៥៦០.៩៩៣​នាក់​។ ដោយឡែក​សម្រាប់​ភ្ញៀវ​បរទេស​ដែល​ចូល​មក​កម្ពុជា តាម​ច្រកព្រំដែន​ផ្លូវគោក​វិញ មាន​ប្រមាណ​១,៤​លាន​នាក់ ឬ​ក៏​ប្រមាណ​២៩,៣% នៃ​ភ្ញៀវ​សរុប ។

របាយការណ៍​បាន​បញ្ជាក់​ផង​ដែរ​ពី​ទីផ្សារ​គោលដៅ​ប្រទេស​ចំនួន​១០ ដែល​មាន​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​ច្រើន​ជាងគេ ក្នុង​នោះ​ចិន​បាន​ឈរ​លំដាប់​ទី​១ ក្នុង​រយៈពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​មក​គឺ​វៀតណាម​លេខ​២ តាម​ពីក្រោយ​ដោយ​ភ្ញៀវ​ទេសចរ​ឡាវ​លេខ​៣ ថៃ​លេខ​៤ កូរ៉េ​ខាងត្បូង​លេខ​៥ សហរដ្ឋអាមេរិក​លេខ​៦ ជប៉ុន​លេខ​៧ ម៉ា​ឡេ​ស៊ី​លេខ​៨ ប្រទេស​បារាំង​លេខ​៩ និង​លេខ​១០​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​អង់គ្លេស ។

ចំណែក​តំបន់​ទេសចរណ៍​ល្បី​ៗ​នៅ​កម្ពុជា​វិញ ភ្នំពេញ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​២,៧​លាន​នាក់​ឬ​ប្រមាណ​៤៨,៤%​នៃ​ភ្ញៀវ​ទេសចរ​សរុប ខណៈ​សៀមរាប​ទទួល​បាន​ប្រមាណ​២,០៩​លាន​នាក់ ស្មើនឹង​ប្រមាណ​៣៦,៩%​នៃ​ភ្ញៀវ​សរុប ។

បើ​តាម​លោក អេ​រិ​ក ដេ​ឡូ​បែ​ល (Eric Delobel) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បាន​ឲ្យ​ដឹង​ថា កំណើន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​ទាំង​៣​កាន់តែ​ជំរុញ​ឲ្យ​មានការ​ពង្រីក​វិសាលភាព​អាកាសយានដ្ឋាន​ជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ ។ ឆ្នាំ​នេះ​មាន​ជើងហោះហើរ​ថ្មី​ៗ​មួយ​ចំនួន​បាន​ចាប់ផ្ដើម​បើក​ការ​ហោះ​ពី​ក្រៅប្រទេស​កម្ពុជា ហើយនឹង​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​គោលដៅ​ទាំងនោះ​វិញ ហើយ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ក៏​មាន​ជើងហោះហើរ​ថ្មី​មួយទៀត ពី​រដ្ឋធានី​ប៉េ​កាំ​ង មក​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ លោក​បន្ត​ថា ការ​បន្ថែម​ជើងហោះហើរ​ថ្មី​ៗ​ពី​គោលដៅ​ក្នុង​តំបន់​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​វិញ​នោះ នឹង​ធ្វើ​ឲ្យ​កំណើន​អ្នកដំណើរ​កើនឡើង​បន្ថែម​ទៀត ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ អ្នកដំណើរ​ឆ្លងកាត់​ផ្លូវអាកាស​រំពឹង​ថា នឹង​ទទួល​បាន​១០​លាន​នាក់ ខណៈ​ឆ្នាំ​មុន​មាន​ចំនួន​៨,៨​លាន​នាក់ ។

ក្រសួងទេសចរណ៍ បាន​កំណត់​ផែនការ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៦,២​លាន​នាក់​នៅ​ឆ្នាំ​២០១៨​នេះ ខណៈ​រយៈពេល​១០​ខែ ទទួល​បាន​តែ​ជាង​៤,៨​លាន​នាក់​ប៉ុណ្ណោះ​។ ដូច្នេះ​នៅ​សល់​រយៈពេល​២​ខែ​ទៀត តើ​កម្ពុជា​អាច​នឹង​សម្រេច​បាន​ដូច​ការ​រំពឹង​ទុក​របស់​ក្រសួង ឬ​យ៉ាងណា ? រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក ទិ​ត ច​ន្ថា បាន​អះអាង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា បើ​តាម​អត្រា​នៃ​កំណើន​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើនឡើង​រាល់​ខែ​នេះ ក្រសួង​សង្ឃឹមថា នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុង​រង្វង់​៦,២​លាន​នាក់ ហើយ​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ជាង​២​លាន​នាក់ ។​ប្រតិបត្តិ​ករ​ទេសចរណ៍​មក​ពី​វិស័យ​ឯកជន ក៏​បាន​សម្ដែង​សុទិដ្ឋិនិយម​ផង​ដែរ​ថា​កម្ពុជា​នឹង​សម្រេច​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តាម​ការ​រំពឹង​ទុក ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ថ្លែង​ថា កម្ពុជា​ពិតជា​សម្រេច​បាន​កំណើន​ភ្ញៀវ​ទេសចរ​មែន ដែល​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​ចិន ។ លោក​បន្ត​ថា ៖« គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​ទទួល​ជោគជ័យ​ដែល​ធ្វើ​ឲ្យ​ចំនួន​ក្រុមហ៊ុន​អាកាស ចរណ៍ និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​បាន​កើនឡើង​យ៉ាង​គំហុក »​។ យ៉ាងនេះ​ក្ដី លោក​ថា ៖« ទោះជា​យ៉ាងណា កម្ពុជា​ត្រូវ​រៀបចំ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍​បន្ថែម​ទៀត ពិសេស​បញ្ហា​អនាម័យ​គួរ​ផ្តោត​ការ​យកចិត្តទុកដាក់ ជា​ពិសេស​ពី​សំណាក់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ