រាជធានីភ្នំពេញ ៖ បុរស ៣នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលអ្នកទាំង៣ ជិះម៉ូតូឌ្រីមC110 ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-9910 ស្រវឹងស្រាជោក ធ្វើដំណើរតាមផ្លូវលេខ៥៩៨ លុះមកដល់ចំណុចមុខផ្សារទំនប់ ក៏បានបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកបន្លែ ៥តោន ១គ្រឿង ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3B-6349 បណ្តាលឱ្យម៉ូតូដួល ហើយបុរសម្នាក់បានរមៀលចូលក្រោមរថយន្តរបួសឈាមហូរពេញថ្នល់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី២៩ មិថុនា ២០១៣ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ តាមសម្តីម្ចាស់រថយន្តបានឱ្យដឹងថា គាត់បានដឹកបន្លែមកពីខេត្តកំពង់ចាម យកទៅផ្សារដើមគ លុះមកដល់ចំណុចកើតហេតុ ម៉ូតូខាងលើបានបើកមកប៉ះរថយន្តរបស់គាត់តែម្តងទៅ ។ ក្រោយកើតហេតុ រថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ