ក្រុងប៉ោយប៉ែត ៖ ស្ត្រីជាអ្នកលក់នំបញ្ចុកម្នាក់ បានមកស្រែកទ្រហោយំឡាំប៉ាប្រាប់មហាជនជាសាធារណៈថា រូបគាត់ត្រូវសន្តិសុខកាស៊ីណូហ្គោឌិន ក្រោន ក្រុងប៉ោយប៉ែត ២-៣នាក់ធ្វើបាបអុកឡុកមិនឱ្យគាត់រុញរទេះឆ្លងកាត់ និងឈប់លក់នំបញ្ចុកនៅក្នុងបរិវេណដែលហាមឃាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦ព្រឹកថ្ងៃទី២៩ មិថុនា ២០១៣ នៅចំណុចផ្លូវដើមពុទ្រា ខណៈដែលមានមនុស្សមកទិញនំបញ្ចុក ភ្លាមនោះគាត់ក៏បានរុញរទេះអែបខាងហើយ ស្រាប់តែមានក្រុមសន្តិសុខរបស់កាស៊ីណូមកស្រែកឡូឡាប្រើពាក្យសម្តីអសុរោះដេញរូបគាត់ឱ្យរុញរទេះនោះចេញ ដោយមិនឱ្យចតឬលក់ទេ ។ រូបគាត់បានសុំពេលតែបន្តិច តែពួកគេនៅតែមិនព្រម ហើយក៏បានផ្ទុះកំហឹងចាប់រទេះនំបញ្ចុករបស់គាត់រុញយកទៅទីណាត់ទីណែង ធ្វើឱ្យទឹកសំម្លក្រពប់រាយប៉ាយពេញផ្លូវ ។
ស្ត្រីជាអ្នកលក់នំបញ្ចុកនេះបានស្រែកទ្រហោយំត្អូញត្អែរថា នៅលើផ្លូវសាធារណៈក្នុងទឹកដីខ្មែរសោះ ហេតុអ្វីបានរូបគាត់ឈប់ ឬចតរទេះបន្តិចបន្តួចមិនបាន ៕
ចែករំលែកព័តមាននេះ