រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូអ៊ែរប្លេក ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-0491 បានធ្វើសមកម្មភាពប្លន់យកម៉ូតូឌ្រីមC125 ស៊េរី២០០៩ ឡើងតែម២០១៣ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Ak-1967 ជិះដោយស្រ្តីម្នាក់ នៅចំណុចក្រោយផ្សារទំនើបស៊ិនជូរីផ្លាហ្សា ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៥ និង ៣០នាទី ទៀបភ្លឺចូលថ្ងៃទី២៩ មិថុនា ២០១៣ តែពុំបានសម្រេច ក៏ទុកម៉ូតូចោលរត់គេចខ្លួនបាត់អស់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុស្រ្តីរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវ២០០៤ លុះមកដល់ព្រលានយន្តហោះស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូតាមកៀម៉ូតូរបស់គាត់រហូតមកដល់ក្រោយផ្សារទំនើបស៊ិនជូរីផ្លាហ្សា បណ្តាលឱ្យម៉ូតូទាំង២ ដួលព្រមគ្នា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ឃើញដូចនេះ ជនល្មើសបានទុកម៉ូតូចោលរួចរត់ចូលផ្សារបាត់តែម្តង ។
បច្ចុប្បន្ន ម៉ូតូទាំង ២គ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប ដើម្បីស្រាវជ្រាវរកជនល្មើសដាក់ទោសតាមច្បាប់ ៕ ស្ត្រីម្ចាស់ម៉ូតូត្រូវបានគេស្គាល់ឈ្មោះឆោម ស្រីមួយ អាយុ៣៧ឆ្នាំជាអ្នកលក់បាយ មានទីលំនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ចែករំលែកព័តមាននេះ