ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលយា៉ងខ្លាំងមួយ ដែលស្ត្រីវ័យក្មេងអាយុ២៥ឆ្នាំម្នាក់ ដោយសារតូចចិត្តប្តីមិនឱ្យនិយាយទូរស័ព្ទលេង ក៏យកផ្លែឡាមដ៏មុតមកកាច់ជា២ជា៣កំណាត់លេបចូលពោះធ្វើឱ្យមុតតាំងពីបំពង់ករហូតដល់ក្រពះ ចុកប្រកាច់ឈឺពើតផ្សាគួរឱ្យញាក់សាច់ ។ ហេតុការណ៍លេបផ្លែឡាមនេះ បានកើតឡើងកាលពីថ្ងៃទី២៧ មិថុនា វេលាម៉ោងប្រមាណ១០ព្រឹក នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខណៈប្តីនិងកូនមិននៅផ្ទះ។
បើតាមបុរសជាប្តីឈ្មោះ មូ ភ័ក្រ្ត អាយុ៣៧ឆ្នាំនិយាយថា ប្រពន្ធរបស់គាត់ដែលលេបផ្លែឡាមនេះឈ្មោះ អឹុង សុខលី អាយុ២៥ឆ្នាំ មានកូនប្រុស២នាក់ ដែលកូនច្បងអាយុ៧ឆ្នាំ កូនប្អូនអាយុ២ឆ្នាំ ។ ប៉ុន្មានថ្ងៃមុនពេលកើតហេតុប្រពន្ធគាត់វក់និយាយទូរស័ព្ទមួយថ្ងៃៗទាល់ល្ងាច មានមនុស្សប្រុសស្រីទូរស័ព្ទចូលនិយាយលែបខាយដូចជាខ្លួននៅទំនេរគ្មានកូនគ្មានប្តី ទើបរូបគាត់ជាប្តីស្តីបន្ទោសឱ្យឈប់ឆ្កួតនឹងការនិយាយទូរស័ព្ទយា៉ងដូច្នេះ ក៏មានជម្លោះ២ថ្ងៃជាប់ៗគ្នា។ លុះនៅថ្ងៃទី២៧ មិថុនា រូបគាត់ទៅផ្ទះម្តាយនៅឯស្រែដើម្បីធ្វើស្រែ រីឯកូនៗក៏យកទៅផ្ញើនឹងយាយតានៅឯស្រែដែរដើម្បីឱ្យរៀនសូត្រ ព្រោះរូបគាត់តែងតែទៅរកការងារធ្វើមិនសូវបាននៅផ្ទះ ។
រីឯប្រពន្ធរបស់គាត់នៅផ្ទះម្នាក់ឯងក៏មានរោគអផ្សុកអង្គុយចុចទូរស័ព្ទ និយាយស្ទើរក្លាយទៅជាតារាទូរស័ព្ទទៅហើយ យូរៗទៅបែកឆ្វេងទើបរូបគាត់ស្តីបន្ទោសឱ្យឈប់និយាយទូរស័ព្ទទៀត ។ នៅព្រឹកថ្ងៃទី២៧ មិថុនា នោះរូបគាត់ជាប្តីបានយកសម្លៀកបំពាក់ មុង ភួយ ទៅផ្ទះម្តាយនៅឯស្រែ ដោយឱ្យប្រពន្ធទៅតាមក្រោយស្រាប់តែបាត់មិនឃើញ១ថ្ងៃ១យប់ ។ លុះព្រឹកឡើងនៅថ្ងៃទី២៨ មិថុនា វេលាម៉ោង៧មិនឃើញប្រពន្ធមកផ្ទះម្តាយតាមក្រោយ ក៏ត្រឡប់មកតាម ។ ពេលបើកទ្វារផ្ទះស្រាប់តែឃើញប្រពន្ធដេកប្រកាច់លើគ្រែ លុះសួរថាមានរឿងអី្វទើបប្រាប់ថា លេបផ្លែឡាមចូលពោះអស់មួយក៏ប្រញាប់ដឹកមកកាន់មន្ទីរពេទ្យខេត្តដើម្បី សង្គ្រោះ ។
ការលេបឡាមចូលពោះនេះត្រូវបានដឹងថា ស្ត្រីរូបនេះបានកាច់ឡាមជា២ទៅ៣កំណាត់លេបដោយផឹកទឹក ។ លុះលេបហើយឈឺចុកចាប់ពេញរាងកាយមិនដឹងឱ្យប្តីដឹងតាមណា បើប្តីដកទូរស័ព្ទទៅហើយ ទើបមិនអាចទាក់ទងឱ្យគេឯងជួយបាន ។ នេះជាលើកទី១ហើយដែលមានស្ត្រីម្នាក់ឆោតល្ងង់លេបផ្លែឡាមសម្តែងភាពស្មោះនឹងប្តី ហើយបច្ចុប្បន្នគ្រូពេទ្យកំពុងជួយសង្គ្រោះ តែលទ្ធផលពុំដឹងយា៉ងណាទេ ។
គ្រូពេទ្យនិយាយថា លេបផ្លែឡាមអស់១យប់១ថ្ងៃទៅហើយ ឯក្រពះពោះវៀនធ្វើចលនារហូតមិនដឹងថា ផ្លែឡាមរត់ទៅមុតកន្លែងណាខ្លះទៀតទេ រង់ចាំលទ្ធផលថតសិន និងអាចឈានដល់ការវះកាត់ភ្លាមៗទេ ។ សូមកុំលេបផ្លែឡាមដូច្នេះ បាហីុឬសៀករហស្សកម្មគេលេងបំភាន់ភ្នែកតែប៉ុណ្ណោះ គេមិនមែនលេបផ្លែឡាមដូចស្ត្រីរូបនេះទេ ៕
ចែករំលែកព័តមាននេះ